Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិអ្នក​វិនិយោគ​ក្នុង​ស្រុក​មាន​សុទិដ្ឋិ​និយម​ពី​ការ​អភិ​វឌ្ឍ​តាម​បណ្តា​ខេត្ត

អ្នក​វិនិយោគ​ក្នុង​ស្រុក​មាន​សុទិដ្ឋិ​និយម​ពី​ការ​អភិ​វឌ្ឍ​តាម​បណ្តា​ខេត្ត

       ភ្នំពេញ ៖ អ្នកវិនិយោគក្នុងស្រុកជាច្រើន បានបង្ហាញសុទិដ្ឋិនិយមពីសក្តានុពលវិនិយោគនៅតាមបណ្តាខេត្តនានាដែលមានតម្រូវការលំនៅដ្ឋានកាន់តែច្រើន ស្របពេលកំនើនប្រាក់ចំណូលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តក៏មានការកើនឡើង។

លោកឧកញ៉ាភួ ពុយប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលបាននិងកំពុងបោះទុនជំហ៊ានតំបូងជាង៨លានដុល្លារ វិនិយោគលើបុរីនិងផ្សារចំនួនពីរនៅទីក្រុងពោធិសាត់ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃពុធនេះថា ក្នុងចំណោមគំរោងលំនៅដ្ឋានជាង១០០០ល្វែង ដែលបាននិងកំពុងចាប់ផ្តើមសាងសង់នៅក្នុងដំណាក់កាលទី១បានសម្រេចជាង២០០ល្វែងរួចហើយ។ លោកបន្តថា គំរោងដំណាក់កាលទី១មានផ្ទៃដី២៧ហិកតា ក្នុងចំណោមផ្ទៃដីសរុប៥០ហិកតា ដែលគំរោងដំណាក់កាលទី១ក្រៅពីសាងសង់ផ្ទះល្វែង ក៏មានការសាងសង់ផ្សារចំនួនពីរផងដែរ គឺផ្សារបន្លែ និងផ្សារពាក់កណ្តាលទំនើប។

batdom-bong1

លោកបន្តថា “ខេត្តពោធិសាត់ជាក្រុងដែលមានសភាពចង្អៀត និងការរៀបចំទីក្រុងមិនទាន់បានរៀបរយនៅឡើយទេ ហេតុនេះទើបខ្ញុំសម្រេចចិត្តវិនិយោគនៅទីក្រុងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ”។លោកបន្តថា “ក្រុងពោធិសាត់មានផ្សារតែ១ប៉ុណ្ណោះ ដែលធ្វើឲ្យមានភាពចង្អៀត មិនដូចក្រុងបាត់ដំបងមានផ្សាររហូត៦ទៅ៧កន្លែងនោះទេ ហេតុនេះទើបខ្ញុំរៀបចំវិនិយោគផ្សារចំនួនពីរទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងពង្រីកអាជីវកម្មក្នុងខេត្តឲ្យមានភាពរសរវើក”។

លោកឧកញ៉ាភួ ពុយបានបន្តថា ការដាក់ចេញតំលៃលំនៅដ្ឋានក្នុងខេត្តនេះ មិនបានតំលៃខ្ពស់ដូចទីក្រុងភ្នំពេញនោះទេ ដោយសារជីវភាពប្រជាពលរដ្ឋនៅតាមខេត្តមានកម្រិតធៀបជាមួយរាជធានីភ្នំពេញ ជាក់ស្តែងតំលៃផ្ទះលោកដាក់ចេញមានតំលៃចាប់ពីជាង៣ម៉ឺនដល់ជាង៥ម៉ឺនដុល្លារប៉ុណ្ណោះ សម្រាប់ផ្ទះប្រភេទEo និងផ្ទះមានកំពស់២ជាន់។

លោកបន្តថា “បាត់ដំបងហាក់ដូចជាធំ ហើយថាក្រុងពោធិសាត់តូច ប៉ុន្តែការពិតមិនដូច្នេះទេ ព្រោះខេត្តពោធិសាត់មានសេដ្ឋកិច្ចល្អ ប៉ុន្តែយើងមិនរំពឹងលក់អស់១ឬ២ឆ្នាំទេ វាត្រូវការពេលវេលាបន្ថែមទៀត”។

អ្នកវិនិយោគមួយរូបទៀត ដែលបានសាងសង់ផ្ទះលក់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់លោកភួ ស៊ីណូបានថ្លែងឲ្យដឹងផងដែរថា ការសាងសង់ផ្ទះល្វែងលក់ធ្វើឡើងតាមជំហ៊ានៗអាស្រ័យលើតំរូវការរបស់ប្រជាពលរដ្ឋ ប៉ុន្តែការសាងសង់ផ្ទះលក់របស់លោក មានកំនើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែតំលៃផ្ទះមិនល្អនោះទេ គឺមានតំលៃចន្លោះពី២ម៉ឺនទៅ៤ម៉ឺនដុល្លារប៉ុណ្ណោះ ព្រោះបើសង់ផ្ទះតំលៃ៥ម៉ឺនដុល្លារឡើងទៅមិនអាចលក់បាននោះទេ។

លោកអៀ វេងម៉ុងអគ្គនាយកបុរីរំចេក ក្រុងបាត់ដំបងដែលគ្រោងបោះទុន៣០លានដុល្លារវិនិយោគបុរីរបស់ខ្លួន លើផ្ទៃដី១៩ហិកតាបានថ្លែងថា គំរោងរបស់លោកបានចាប់ផ្តើមពីឆ្នាំ២០១៥កន្លងមកនេះ ហើយរហូតមលទល់ពេលនេះការសាងសង់ផ្ទះក្នុងបុរីសម្រេចបានជាង៥០០ល្វែងហើយ ក្នុងចំណោមគំរោងសរុបចំនួន១៤០០ល្វែង។លោកបន្តថា អ្វីដែលនាំឲ្យបុរីរបស់លោកទទួលបានជោគជ័យ ដោយសារការផ្តោតលើគុណភាពសំណង់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសបច្ចុប្បន្ននេះលោកកំពុងរៀបចំសាងសង់ផ្សារ និងរោងភាពយន្តដែលអាចដាក់មនុស្សបាន៣០០នាក់ផងដែរ។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមអំពីការអភិវឌ្ឍន៍នៅក្រុងបាត់ដំបង ដោយសារក្រុងនេះមានប្រជាពលរដ្ឋច្រើន ប្រជាពលរដ្ឋមានជីវភាពមិនសូវខុសគ្នាទេ គឺពួកគេភាគច្រើនមានជីវភាពធូរធារ”។លោកបន្តថា “ក្រុងបាត់ដំបងជាចំណុចកណ្តាល បើគិតពីព្រំដែនមក និងជាទីក្រុងដែលធំនិងមានការរីកចំរើនជាយូរមកហើយ ហើយនៅភ្នំពេញមានធនាគារអ្វី ក្រុងបាត់ដំបងក៏មានធនាគារទាំងអស់នោះផងដែរ”។

លោកអៀ វេងម៉ុងបានបន្តថា ផ្ទះក្នុងបុរីរំចេកលក់ក្នុងតំលៃ៣៧០០០ដុល្លារ សម្រាប់ផ្ទះ១ជាន់ និង៥៧០០០ដុល្លារប៉ុណ្ណោះសម្រាប់ផ្ទះពីរជាន់ ដែលជាតំលៃមួយសមរម្យធៀបនឹងគុណភាពសំណង់ និងការរៀចំហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងបុរីនេះពិសេសយើងបានរៀបចំឲ្យមានខ្លោងទ្វារចូលបុរីត្រឹមត្រូវ និងមានសន្តិសុខប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដូចបុរីប៉េង ហួតនិងបុរីមួយចំនួននៅរាជធានីភ្នំពេញផងដែរ។

លោកស៊ីវ សុផលភ្នាក់ងារលក់ផ្តាច់មុខនៃបុរីពិភពថ្មី ក្រុងកំពង់ចាមបានថ្លែងថា ខេត្តកំពង់ចាមជាខេត្តមួយមានសក្តានុពល ទើបលោកឧកញ៉ាហុង ពីវបានសម្រេចចិត្តបោះទុនវិនិយោគនៅទីនោះ តាមរយៈការសាងសង់ផ្ទះបែបពាណិជ្ជកម្ម ប៉ុន្តែការលក់បុរីនៅទីនោះ មានភាពខុសគ្នានឹងរាជធានីភ្នំពេញ ដោយសារនៅខេត្តទាមទារឲ្យមានការសាងសង់បណ្តើរលក់បណ្តើរ។ ចំណែកនៅរាជធានីភ្នំពេញ គឺមានអ្នកទិញបុរីកក់ប្រាក់ជាមុន៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES