Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិអ្នក​វិនិយោគ​គ្រោង​​ជប៉ុន​បោះ​ទុន​២​លាន​ដុល្លារ នឹង​វិនិយោគ​លើ​ Membership Resort តំបូង​គេ​នៅ​កម្ពុជា

អ្នក​វិនិយោគ​គ្រោង​​ជប៉ុន​បោះ​ទុន​២​លាន​ដុល្លារ នឹង​វិនិយោគ​លើ​ Membership Resort តំបូង​គេ​នៅ​កម្ពុជា

ភ្នំពេញ  អ្នកវិនិយោគជប៉ុនមកពីក្រុមហ៊ុនជប៉ុនA2A Town Cambodiaនឹងបោះទុនប្រមាណ២លានដុល្លារ ដើម្បីសាងសង់Membership resort ដែលមានសណ្ឋានស្រដៀងគ្នានឹងសណ្ឋាគារ ឬអាផាតម៉ិនជាលើកតំបូងនៅលើកំពូលភ្នំគិរីរម្យនៅឆ្នាំ២០១៧ខាងមុខនេះ។

លោកតាកេស៊ី អ៊ីហ្សូកា(TAKESHI IZUKA)ប្រធានក្រុមហ៊ុនA2A Town Cambodiaបានថ្លែង ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា Membership Resort ជាគំរោង តម្រូវឲ្យអ្នកស្នាក់នៅចុះឈ្មោះជាសមាជិក ដើម្បីទិញបន្ទប់រមណីយដ្ឋាននេះក្នុងតំលៃ២០.០០០ដុល្លារដែលមានសុពលភាពរយៈពេល៤៥ឆ្នាំ។អ្នកចូលជាសមាជិកអាចស្នាក់នៅខ្លួនឯង ប៉ុន្តែបើសាច់ញាតិពួកគេចង់ស្នាក់នៅ ពួកគេត្រូវបង់ប្រាក់មួយយប់៣០ដុល្លារនិងត្រូវបង់ប្រាក់៤០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់សេវាថែរទាំអាគារនិងបន្ទប់។ លោកបន្តថាការរៀបចំMembership Resort នេះមានលំនាំជាសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមានការបំពាក់គ្រឿងសង្ហារឹមទំនើប ហើយវាមានទីតាំងស្ងប់ស្ងាត់ ព្រោះទីតាំងសណ្ឋាគារនេះ ស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ នៃឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ដែលស្នាក់នៅអាចទស្សនាថ្ងៃលិច ឬទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ភ្នំនេះ។

japen1

លោកបន្តថា “លោកសង្កេតឃើញប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពធូរធារមួយចំនួន ពួកគេមិនចង់ស្នាក់នៅទីកន្លែងដែលមានសភាពអ៊ូរអរ និងមានក្រុមមនុស្សចម្រុះគ្នាទាំងអ្នកមាន និងអ្នកមានជីវភាពក្រោមមធ្យមនោះទេ ហេតុនេះទើបខ្ញុំវិនិយោគលើMembershipresortនេះឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកត្រូវការការលំហែរ និងត្រូវការសេវាកម្មមានលក្ខណៈឯកជន”។ លោកបន្តថា “ជាទស្សនទានរបស់គំរោងនេះ គឺខ្ញុំចង់ឲ្យគ្រប់គ្នាមកទីនេះ មានអារម្មណ៍សប្បាយរីករាយ ហើយធ្វើឲ្យពួកគេមានអារម្មណ៍ដូចជាផ្ទះទី២របស់ពួកគេ ពេលពួកគេមកកំសាន្តនិងស្នាក់នៅទីនេះ”។

គំរោងMembershipResort នឹងចាប់ផ្តើមលក់នៅចុងឆ្នាំនេះ និងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ។គំរោងនេះនឹងចំណាយរយៈពេលមួយឆ្នាំ ដើម្បីសាងសង់បញ្ចប់និងអាចឲ្យសមាជិកចូលស្នាក់នៅបាន។ក្នុងជំហ៊ានតំបូង ក្រុមហ៊ុននឹងសាងសង់បន្ទប់ចំនួន១៨បន្ទប់ក្នុងជំហ៊ានតំបូង ដែលអាគារនិមួយៗមានកំពស់៣ជាន់ និងមានទំហំសរុប៨៥ម៉ែត្រការ៉េ ដែលអាចស្នាក់នៅបានចំនួនបួននាក់ឬច្រើនជាងនេះ។

លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋសមាគមទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា វាជាសេវាកម្មថ្មីមួយ ដែលអ្នកចូលជាសមាជិកអាចទទួលបានតំលៃពិសេសមួយសម្រាប់ស្នាក់នៅ ប៉ុន្តែលោកមិនដឹងអ្នកវិនិយោគគំរោងនេះ កំណត់យកអតិថិជនក្នុងស្រុកប៉ុន្មានភាគរយ និងបរទេសប៉ុន្មានភាគរយនោះទេ។លោកបន្តថា សេវាកម្មបង់ជាសមាជិកបែបនេះ វាប្រៀបដូចជាការទិញផ្ទះបង់រំលោះ និងអាចលក់សេវាកម្មបន្ត ប្រសិនជាម្ចាស់ណាមួយអាចឈប់ប្រើប្រាស់សេវាកម្មនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ថា គំរោងនេះមានភាពល្អប្រសើរណាស់ ព្រោះភ្ញៀវទេសចរណ៍នៅពេលពួកគេដឹងថា វាជាគំរោងដែលមានការការពារបរិស្ថាន ជាគំរោងបៃតង ពួកគេនឹងមិនខ្លាចក្នុងការចំណាយប្រាក់នោះទេ ព្រោះពួកគេដឹងថា ពួកគេអាចរួមចំណែកការពារបរិស្ថាន តាមរយៈការចំណាយប្រាក់របស់ពួកគេ មានន័យថាពួកគេអាចចូលរួមចំណែកក្នុងការការពារបរិស្ថាន។

លោកបន្តថា “លោកគាំទ្រគំរោងនេះ គំរោងនេះល្អណាស់  ព្រោះអ្នកអភិវឌ្ឍន៍រូបនេះ ធ្វើបានល្អណាស់ក្នុងការថែររក្សាបរិស្ថាន និងព្យាយាមធ្វើយ៉ាងណាមិនឲ្យប៉ះ(កាប់)ដើមឈើនោះទេ”។

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES