Saturday, September 21, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖បន្ដពន្យាពេលឡើង​ឆាកតែ​សម្រុកជំនួញ

ខេមរៈ សិរីមន្ដ ៖បន្ដពន្យាពេលឡើង​ឆាកតែ​សម្រុកជំនួញ

ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានឲ្យដឹងថា​លោក​មិន​ទាន់កំណត់ពេលវេលានៃ​ការ​ឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ជាធម្មតាវិញនោះ​ទេ ក្រោយពីបានផ្អាកជាច្រើនខែ​ដោយសារតែ​មិន​ទាន់​ស្ងាត់​កូវីដនេះ។យ៉ាងណា​លោក​ថាថ្មីៗនេះ​លោកទើបឡើង​ច្រៀងឆាកAnchor បានម្ដងដែរ តែសម្រាប់ឆាកផ្សេងៗទៀត​លោក​មិន​អាច​កំណត់ថា​នឹងចេញ​ច្រៀងសម្ដែងពេញទំហ៊ឹងវិញនៅពេលណាបាន​នោះទេព្រោះរងចាំ​ឲ្យកូវីដ​ស្ងប់ស្ងាត់​និងអ្វីៗវិលមកដូច​ដើមវិញសិន។

  លោកខេមរៈ សិរីមន្ដ បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី២៥​ខែតុលាថាអំឡុង​ពេលមិនទាន់ចេញច្រៀងសម្ដែង​តាម​ឆាក​តន្រ្ដីដូចមុននេះលោកកាន់តែមមាញឹកថែមទៀតទៅលើការធ្វើជំនួញទាក់ទងវិស្ស័យអចលនទ្រព្យនៅឆ្នាំ២០២១នេះ បន្ទា​ប់លោក​បានបើក​គម្រោងធំលក់ដីឡូតិ៍នៅខេត្តបន្ទាយមានជ័យ។លោកប៊ុនថៃ ហៅសិរីមន្ដ ថាចាប់ពីពេលនេះត​ទៅគេនឹង​ឃើ​ញ​លោករកស៊ីផ្នែកដីធ្លីនេះកាន់តែច្រើនជាងមុនព្រោះគម្រោងរបស់លោកនឹងធ្វើគ្រប់២៥ខេត្តក្រុងតែម្ដង។ប៉ុន្ដែលោកថាទោះ​ជាមមាញឹកការរកស៊ីយ៉ាងណាក៍លោកនៅតែបន្ដចេញបទចម្រៀងជាធម្មតានៅហង្សមាសគឺធ្វើយ៉ាងណាដើម្បីឲ្យកាន់តែល្អជាងពេលនេះដើម្បីបម្រើរអារម្មណ៍មហាជន។

 ទាក់ទងដំណឹងថាលោកខេមរៈ សិរីមន្ដ អាចនឹងដើរចេញពីហង្សមាសចូល​ទៅ​Galaxy​នាពេ​លខាងមុនេះអតីតតារាចម្រៀងU2 និងសាន់ដេរូបនេះនិយាយខ្លីថាបច្ចុប្បន្ន​លោកជាតារា​ចម្រៀង​ដែល​មានកុងត្រានៅហង្សមាស តែលោកថានោះជាកិច្ចការ​ផ្ទៃ​ក្នុង​ហេតុនេះមិនអាច​និយាយបានថានៅជាប់កុងត្រាប៉ុន្មានឆ្នាំទៀតនោះទេ ។យ៉ាងណាលោកប៊ុនថៃ ថាគ្មានអ្នក​ណា​​អាច​​ដឹង​ថានៅ​ពេល​ខាងមុខមានរឿងអ្វីកើតឡើងឡើយ ប៉ុន្ដែពេលនេះលោកនៅមាន​ការងារ​ច្រើន​ទៀតដែលត្រូវធ្វើនៅហង្សមាស។

  ខេមរៈ សិរីមន្ដ បានវ៉ាដាច់អស់តារាចម្រៀងរួមក្រុមនៅហង្ស​មាសហើយនៅរដូវកូវីដ​នេះ​គេឃើញមានតែលោកប៊ុនថៃ និងរ៉េត ស៊ូហ្សាណា ប៉ុណ្ណោះដែលមានទីផ្សារ​ស្ទុះ​ឡើង​នៅផលិតកម្មធំនេះ។ក្រៅពីក្លាយ​ទៅជាតារាចម្រៀងឈានមុខគេ​នៅ​ហង្ស​មា​ស​ខេមរៈ សិរីមន្ដ ក៍ត្រូវបាន​គេចាត់​ទុកថា​ជាអ្នក​ចម្រៀងដែលមានទ្រព្យច្រើនផងដែរ បើទោះជាលោក​មិនដែលប្រកាសពី​ទ្រព្យ​សរុប​ក្ដី តែ​លោកប៊ុនថៃ មានផ្ទះវីឡារស្កឹមស្កៃ និងជិះរថយន្ដទំនើបៗ​៤គ្រឿងឆ្លាស់គ្នាមានដូច​ជាRolls Royce,Lexus Lx570 ,Volkswagen និងMazda ។ដោយ​ឡែក​​សម្រាប់រដូវកូវីដ២ឆ្នាំកន្លង​មក​ទោះ​ជាលោកសិរីមន្ដ បាត់បង់ទាំងស្រុងប្រាក់ចំណូលពី​Concertsធំៗតាមខេត្តដូចតារាល្បីៗមួយជំនួនទៀតមែន ប៉ុន្ដែ​លោក​បានត្រូវប៉ាន់​ថត​ស្ពត​មួយចំនួន​ហើយថែម​ទាំងហ៊ាន​ដាក់​ទុករកស៊ីធំ​វិនិយោគវិស្ស័យអច​លនទ្រព្យ​នេះរាប់សែន​ដុល្លារទៀតផង។ងាកមកមើលចំណងស្នេហាលោកខេមរៈ សិរីមន្ដ និង​អ្នកនាងគួយ ផល្លី ក៍កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ បន្ទាប់ពីអ្នកទាំង២ចាប់ដៃគ្នា១៧ឆ្នាំ​(២០០៤-២០២១)​​ទទួល​បានចំ​ណង​ដៃ​កូន​៣នាក់(ស្រី២)។​ប៉ុន្ដែនៅឆ្នាំ២០២១នេះស្ងាត់​មាន​ព័តមាន​លោកប៊ុនថៃ ត្រៀមយកកូនទី៤ ខណៈលោកសិរីមន្ដ បាន​លើក​ស្ទួ​យ​ភរិយាឲ្យល្បី​ឈ្មោះក្នុង​សិល្បៈដូច​លោក​ដែរតាមរយៈការឲ្យអ្នកនាងផល្លី ធ្វើជាជំនួយការ និងអ្នកដឹកនាំ​សម្ដែង​បទចម្រៀង​MVរបស់លោកផ្ទាល់តែម្ដង។

  មជ្ឈដ្ឋានមហាជនរងចាំមើលថាតើលោកខេមរៈ សិរីមន្ដ នឹងទទួលបានតំណែងគ្រូ​បង្វឹក​និងគណៈកម្មារការទាំង៣​របស់​ព្រាប សុវត្ថិ នៅហង្សមាសដែលនៅទំនេរមានដូចជា Cambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior  នោះ​ដែរឬទេ បន្ទាប់ពីលោកត្រូវបានថៅកែប្រគល់តំណែងជាគ្រូបង្វឹកX Factor  Cambodia រួចហើយ​នោះ។តែទាក់ទងរឿងនេះ​លោ​ក​​វណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រលង​ចម្រៀង​ធំ​ៗនៅ​ហង្សមាសនោះធ្លាប់ប្រាប់ថាថ្នាក់ដឹកនាំហង្សមាស​មិន​ទាន់​គិតដល់​ចំណុចទាំងនោះឡើយ ព្រោះទោះជាពេលនេះបណ្ដារកម្មវិធីខាងលើ​ត្រូវបានផ្សព្វផ្សាយពីការត្រៀមមកដល់​សម្រាប់​រដូវ​កាល​ថ្មីក្ដី ប៉ុន្ដែទាល់តែស្ងាត់កូវីដ ឬរដ្ឋាភិបាលបើកឲ្យមានការជួបជុំឡើងវិញ​ទើប​អាចតំណើរការកម្មវិធីខាងលើឡើងវិញបាន៕

                                                         

RELATED ARTICLES