Monday, December 23, 2024
Homeបរិយាយពលរដ្ឋ​ខ្មែរ សរសើរ​ប្រព័ន្ធ​បោះ​ឆ្នោត​អា​មេ​រិក

ពលរដ្ឋ​ខ្មែរ សរសើរ​ប្រព័ន្ធ​បោះ​ឆ្នោត​អា​មេ​រិក

ជ័យជម្នះរបស់លោកដូណាល់ ត្រាំ (Donald Trump) ដណ្តើមបានតំណែងប្រធានាធិបតី ទី៤៥ នៃសហរដ្ឋអាមេរិក ឈ្នះគូប្រជែងដ៏ស្វិតស្វាញ លោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានធ្វើឱ្យមនុស្សមួយសកលលោក ជាពិសេស “ពលរដ្ឋខ្មែរ សរសើរប្រព័ន្ធបោះឆ្នោតអាមេរិក” ដែលមានលក្ខណៈយុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា គួរយកជាគំរូ។ ការ ចាញ់ឈ្នះតំណែងកាន់កាប់សេតវិមាន វាជារឿងរបស់ពលរដ្ឋអាមេរិក ប៉ុន្តែពលរដ្ឋខ្មែរ តាមដានខ្លាំងណាស់ ព្រោះវាពាក់ព័ន្ធ ដល់នយោបាយអាមេរិក មកលើកម្ពុជា ដែល “នគរធំ” សូមលើក “ព្រឹត្តិការណ៍បោះឆ្នោតនៅអាមេរិក” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

គ្រាន់តែថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ចូលមកដល់ ប្រជាពលរដ្ឋខ្មែរ ដែលចូលចិត្តតាមដានរឿងនយោបាយ នាំគ្នាតាមដានព័ត៌មានស្តីពីការបោះឆ្នោតជ្រើសប្រធានាធិបតីអាមេរិក ស្ទើរតែភ្លេចបាយទឹក។ ប្រព័ន្ធបោះឆ្នោតរបស់អាមេរិក មានភាពរលូន មិនស្ទះដំណើរការ ដោយប្រើប្រាស់បច្ចេកវិជ្ជាទំនើបរហ័សទាន់ចិត្ត ឯគណៈកម្មការរៀបចំការបោះឆ្នោតតាម មណ្ឌលនីមួយៗ បានបង្ហាញនូវអព្យាក្រឹតភាពឥតលម្អៀង។ គេមិនឃើញទាហាន ប៉ូលិសកាន់កាំភ្លើងទៅរញ៉េរញ៉ៃក្បែរ ការិយាល័យបោះឆ្នោតនោះទេ គឺទាំងអស់គ្នាសុទ្ធតែស្លៀកពាក់ស៊ីវិលមានឥរិយាបថថ្លៃថ្នូរទាំងពលរដ្ឋចូលទៅបោះឆ្នោត ទាំង គណៈកម្មការរៀបចំការបោះឆ្នោត។ ចំពោះការប្រកាសលទ្ធផលតាមប្រព័ន្ធអេឡិចត្រូនិកទៀតសោត អ្នកធ្វើអត្ថាធិប្បាយក៏ប្រកប ដោយពាក្យសម្តីថ្វីមាត់ ចង្អុលបង្ហាញឱ្យអស់មន្ទិលសង្ស័យ គ្មានការក្លែងបន្លំ។

មុនពេលបោះឆ្នោត យើងដឹងថា បេក្ខជនប្រធានាធិបតីទាំងពីររូប កាច់កុងគ្នាខ្លាំងមែនទែន មិនខុសពីកីឡាករប្រដាល់ លើសង្វៀន ដោយម្នាក់ៗរកល្បិចស្នៀតចន្លោះប្រហោង ដើម្បីផ្តួលគូបដិបក្ខ។ លោកស្រីហ៊ីលឡារី គ្លីនតុន ក៏ដូចជាអ្នក គាំទ្រគាត់បានលើកឡើងថា លោកដូណាល់ ត្រាំ មានសម្តីអាក្រក់ ចូលចិត្តរឿងស្រីញី ហើយក៏មានស្រីស្អាតប៉ុន្មាននាក់ ចេញមុខបកអាក្រាតថា លោកត្រាំ ធ្លាប់បានលូកលាន់ពួកនាងពិតមែន។ ចំណែកលោកត្រាំ បានវាយប្រហារលោកស្រីគ្លីនតុន វិញយ៉ាងចាស់ដៃ ដោយលើកពីគុណវិបត្តិរបស់លោកស្រី កាលនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។ នៅពេលរាប់សំឡេង ឆ្នោតគូប្រជែងទាំងពីរនេះ ហាក់ប្រដមប្រសងគ្នា ប៉ុន្តែ លទ្ធផលចុងក្រោយបង្ហាញថា លោកត្រាំ បានពិន្ទុ២៧៦ ពីលើលោក ស្រីហ៊ីលឡារី គ្លីនតុន ដែលបាន២១៨។

គ្រាន់តែលទ្ធផលផ្លូវការចេញភ្លាម ក៏មានថ្នាក់ដឹកនាំប្រទេសទូទាំងពិភពលោក ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដូចលោកសម រង្ស៊ី លោកកឹម សុខា មេបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ ចំពោះជ័យជម្នះរបស់លោកត្រាំ ដោយផ្ញើក្តីសង្ឃឹមថា ប្រធានាធិបតីថ្មីអាមេរិករូបនេះ នឹងធ្វើឱ្យស្ថានការណ៍ពិភពលោក មានភាពធូរស្រាលវិញមិនខាន។ តាមពិត ឥស្សរជននយោបាយនៅកម្ពុជា សុទ្ធតែមានជំហរគាំទ្របេក្ខជនម្ខាងៗ ពោលគឺ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គាំទ្រលោកត្រាំ ឯលោកសម រង្ស៊ី គាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន ប៉ុន្តែ ពេលប្រកាស លទ្ធផល ឥស្សរជនណាក៏ផ្ញើលិខិតស្វាគមន៍លោកត្រាំ ដូចគ្នា។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋសាមញ្ញ ក៏ដូចមន្ត្រីរាជការថ្នាក់ក្រោម បានបញ្ចោញទស្សនៈស្របគ្នាជុំវិញព្រឹត្តិការណ៍ បោះឆ្នោតនៅអាមេរិក ដោយសរសើរថា មានតម្លាភាព យុត្តិធម៌គួរយកជាគំរូ។ មន្ត្រីចូលនិវត្តន៍ម្នាក់ និយាយថា “ខ្ញុំតាម- ដានព័ត៌មានស្តីពីការបោះឆ្នោតនៅអាមេរិក យល់ថា បើគ.ជ.ប ខ្មែរយើងធ្វើបានដូចអាមេរិក ប្រហែលជាគ្មានជម្លោះ នយោបាយទេ”។ អាជីវករម្នាក់ពោលថា “ថ្ងៃប្រកាសលទ្ធផលនោះ ខ្ញុំអត់ចេញទៅលក់ដូរទេ ព្រោះរវល់តាមដានការបោះ- ឆ្នោតនៅអាមេរិក ដោយខ្ញុំគាំទ្រលោកស្រីគ្លីនតុន។ ទោះជាលោកត្រាំ ឈ្នះ ក៏ខ្ញុំនៅតែសើចសប្បាយ ទោះជាចាក់ខុសក៏- ដោយចុះ ប៉ុន្តែក៏យល់ថា ប្រព័ន្ធបោះឆ្នោតអាមេរិក ត្រឹមត្រូវណាស់ ឯពលរដ្ឋដែលបោះឆ្នោតឱ្យលោកត្រាំ មិនទម្លាក់កំហុស ពីរឿងស្រីញីនោះទេ ទោះបីដឹងថា លោកត្រាំ ខិលខូចរឿងស្រីញីយ៉ាងណាក្តី”។ អ្នករត់រ៉ឺម៉កម្នាក់ បញ្ចោញទស្សនៈថា “គ.ជ.ប អាមេរិក ធ្វើការល្អណាស់ មិនលម្អៀងខាងគណបក្សណាទេ ឯពលរដ្ឋអាមេរិក តែងបានបោះឆ្នោតផ្លាស់ប្តូរគណបក្សឱ្យដឹកនាំ ប្រទេស ក្លាយជាប្រពៃណីទៅហើយ គឺបក្សប្រជាធិបតេយ្យ ធ្វើបាន២អាណត្តិ ក៏ដូរវេនឱ្យបក្សសាធារណរដ្ឋ ជំនួសម្តង”។ អ្នកបើកតាក់ស៊ីម្នាក់ ពោលថា “ខ្ញុំសូមសរសើរគ.ជ.ប អាមេរិក  ដែលធ្វើការលឿន មិនយូរដៃយូរជើងនោះទេ។ ខ្ញុំគាំទ្រ លោកត្រាំ លុះគាត់ជាប់ឆ្នោត ខ្ញុំត្រេកអរណាស់ ដោយសង្ឃឹមថា លោកត្រាំ នឹងមានសមត្ថភាពពន្លត់ភ្លើងសង្គ្រាមនៅ មជ្ឈិមបូព៌ា នៅស៊ីរី អ៊ុយក្រែន និងដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ប្រកបដោយសន្តិវិធី”…។

ការលើកឡើងនូវទស្សនៈប្រជាពលរដ្ឋខ្មែរខាងលើនេះ បង្ហាញថា ពួកគាត់ស្ងើចសរសើរប្រព័ន្ធបោះឆ្នោតអាមេរិក គ្រប់គ្នា ដែលខុសពីកម្ពុជា ឱ្យតែបោះឆ្នោតរួចរាល់ តាំងឈ្លោះគ្នា ក្លាយជាវប្បធម៌ទៅហើយ។ បេក្ខជនប្រធានាធិបតីអាមេរិក ដែល ចាញ់ឆ្នោតក៏មានចិត្តជាកីឡាករ ជាក់ស្តែង គ្រាន់តែដឹងថាចាញ់ភ្លាម លោកស្រីហ៊ីលឡារី គ្លីនតុន បានទូរស័ព្ទស្វាគមន៍ជ័យជម្នះ លោកដូណាល់ ត្រាំ ជាគូប្រជែង ដោយមិនតវ៉ាមួយម៉ាត់។ ទម្លាប់អ្នកនយោបាយអាមេរិក ដូចគ្នាទាំងអស់ ពោលគឺគេកាច់- កុងវាយប្រហារគ្នាតែពេលឃោសនាបោះឆ្នោតប៉ុណ្ណោះ លុះបានដឹងលទ្ធផល ក៏បញ្ចប់ការវាយប្រហារ ដោយចាប់ដៃគ្នាជា ភាតរភាព។ ផ្ទុយទៅវិញ អ្នកនយោបាយខ្មែរ តើយ៉ាងម៉េច? គឺស្មើដៃគ្នាតែម្តង ខណៈដែលអ្នកចាញ់ ឡាំប៉ាមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ដោយចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត មានបាតុកម្មតវ៉ា រហូតផ្ទុះអំពើហិង្សានាំឱ្យ មានការបង្ក្រាបចាប់ខ្លួនដាក់គុកច្រវាក់ខ្លះៗអ៊ីចឹងទៅ។ ឥឡូវរឿងអាមេរិកសោះ បែរជាអ្នកនយោបាយខ្មែរ ដែលម្ខាងចាក់ ខាងលោកស្រីគ្លីនតុន ម្ខាងទៀតចាក់ខាងលោកត្រាំ ចំអកឱ្យគ្នាពីរឿងចាញ់ឈ្នះ ដោយលើកពីទស្សនៈរបស់ខ្លួនថា ត្រឹមត្រូវ ឯទស្សនៈរបស់គេមិនដល់ខ្លួន។ ជាទូទៅអ្នកចាក់ តែងមានឈ្នះ-ចាញ់ជាធម្មតាទេ ដូចភ្នាល់កីឡាករប្រដាល់ អ៊ីចឹងហេតុ នេះ គួរតែអ្នកគាំទ្រលោកត្រាំ និងអ្នកគាំទ្រលោកស្រីគ្លីនតុន បញ្ឈប់អរិភាពជាមួយគ្នាទៅ។ ដូចអ្វីដែល “នគរធំ” ធ្លាប់បរិយាយ ពីលេខមុនរួចមកហើយថា ប្រធានាធិបតីអាមេរិក ទោះមកពីគណបក្សប្រជាធិបតេយ្យ ឬមកពីគណបក្ស សាធារណរដ្ឋ សុទ្ធតែ មានមហិច្ឆតាត្រួតត្រាពិភពលោក ដូចគ្នាទាំងអស់។ ពលរដ្ឋអាមេរិក ក៏មិនទុកឱ្យគណបក្សណាមួយ ឈ្នះតំណែងប្រធានាធិបតី បានច្រើនអាណត្តិនោះដែរ តែងតែបោះឆ្នោតទម្លាក់អ្នកចាស់ យកអ្នកថ្មី ខណៈដែលប្រព័ន្ធបោះឆ្នោតអាមេរិក ឯករាជ្យធ្វើឱ្យ ពលរដ្ឋមានទំនុកចិត្ត។

សរុបទៅ “ពលរដ្ឋខ្មែរសរសើរប្រព័ន្ធបោះឆ្នោតអាមេរិក” គឺមកពីពួកគាត់មើលឃើញជាក់ស្តែងនូវភាពស្អាតស្អំរបស់ គេ ជាពិសេស បន្ទាប់ពីបោះឆ្នោតរួច គេទទួលស្គាល់លទ្ធផល គ្មានការឡាំប៉ាតវ៉ា ឬគុំកួនគ្នាទេ គឺផ្ទេរអំណាចឱ្យគ្នាដោយ សន្តិវិធី។ ហេតុនេះគួរតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា មើលគំរូរបស់គេផង ទោះជាយើង មានបច្ចេកវិទ្យា បម្រើការបោះឆ្នោតមិនរហ័សទាន់ចិត្តដូចគេ ក៏ត្រូវមានដំណោះស្រាយប្រកបដោយសន្តិវិធី ដើម្បីបញ្ចៀស ហិង្សាក្រោយការបោះឆ្នោត។ រីឯអ្នកនយោបាយខ្មែរ ក៏គួរយកគំរូតាមអ្នកនយោបាយអាមេរិក គឺគិតដល់ប្រយោជន៍ជាតិ ធំជាងប្រយោជន៍បក្ស។ ការស្ទាបស្ទង់មតិមុនការបោះឆ្នោត មិនអាចយកជាការបានទេ ជាក់ស្តែងលោកស្រីហ៊ីលឡារី គ្លីនតុន មានការនាំមុខលោកដូណាល់ ត្រាំ ពេលស្ទាបស្ទង់ បែរជាចាញ់ឆ្នោត ដែលជាបទពិសោធន៍សម្រាប់កម្ពុជា កុំជឿជាក់លើ ការស្ទាបស្ទង់ពេក៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES