ខេត្តពោធិ៍សាត់ ៖ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ចម្រុះ រាប់សិបមុខ សរុប ៧២០០គីទ្បូក្រាម ត្រូវបានធ្វើពិធីកម្ទេចនិងបំផ្លាញចោល កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបរិវេណពហុកីទ្បដ្ឋានខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ព្រះព្រៃ ក្រុងពោធិ៍សាត់ ក្រោយពីបានរកឃើញនិងដកហូតបាន កាលពីពេលកន្លងទៅ។
ពិធីនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពីលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត តំណាងលោកជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោកប៊ុង តាំងទី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីក្រោមឱវាទមន្ទីរ និងមន្ត្រី ក.ប.ប។
ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ ដែលត្រូវកម្ទេច និងបំផ្លាញចោល នាពេលនេះ រួមមាន ស្រាបៀរ ភេសជ្ជៈ និងទំនិញចម្រុះមួយចំនួនទៀត។
លោក អ៊ូ ម៉ានរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទំនិញទាំងអស់ ត្រូវបានដកហូតបាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅដេប៉ូចែកចាយភេសជ្ជៈ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ករណីនេះ ម្ចាស់ទំនិញល្មើសខាងលើ បានយល់ព្រមបង់ប្រាក់ពិន័យរួលរាល់អស់ហើយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ គោលដៅសំខាន់ នៃការត្រួតពិនិត្យទំនិញ ភេសជ្ជៈ និងស្រាបៀរ នៅទីតាំងខាងលើ គឺដើម្បីស្រាវជ្រាវ និងទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕