ខេត្តកំពង់ចាម ៖ ប្តីប្រពន្ធមួយគូ កំពុងស្រលាញ់គ្នាចាក់ទឹកមិនលិច និងថែមទាំងទើបទទួលបានចំណងដៃសមាជិកថ្មីក្នុងគ្រួសារទៀតផង តែកម្មកាចអ្វី ក្រោយសម្រាលកូនប្រុសបានប៉ុន្មានថ្ងៃ ស្ត្រីជាប្រពន្ធដែលបានឆ្លងជំងឺកូវីដ-១៩ ផងនោះ ក៏បានបាត់បង់ជីវិតយ៉ាងគួរឱ្យ សង្វេគ ជាហេតុធ្វើឱ្យបុរសជាប្តីសោកអាល័យយ៉ាងខ្លាំង និងតាំងចិត្តសន្យាចំពោះព្រលឹងភរិយាថា នឹងមើលថែកូនឱ្យបានល្អ។
ស្ត្រីអភ័ព្វដែលសម្រាលកូនរួច បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានឈ្មោះនេត ផៃ ទើបនឹងសម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តែអកុសល មកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ស្ត្រីជាម្តាយរូបនេះ ក៏បានលាចាកលោកទៅ ទាំងសោកអាល័យ។
បុរសឈ្មោះឡុន ភានុត ត្រូវជាប្តីរបស់ស្ត្រីអភ័ព្វខាងលើ បានបង្ហោះរូបភាពនិងវីដេអូ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហាញពីទិដ្ឋភាពការបូជាសពភរិយារបស់ខ្លួន នៅទីប៉ាឆាមួយកន្លែង ព្រមទាំងភ្ជាប់ជាមួយនូវសារទុក្ខសោករៀបរាប់ថា “សូមឱ្យវិញ្ញាណក្ខន្ធប្រពន្ធទៅឱ្យបានស្ងប់សុខចុះណា បើមានជាតិក្រោយពិត ពួកយើងធ្វើជាប្តីប្រពន្ធទៀតណា! កើតមកជាតិណាៗទៀត កុំឱ្យអាយុខ្លីទៀតអូន បងសន្យានឹងមើលថែកូនឱ្យបានល្អ Neth Phaii ប្រពន្ធល្អរបស់បងអើយ បងនឹកអូនណាស់…”៕