Friday, November 29, 2024
Homeព័ត៌មានជាតិម្តាយលោកឌួង ឆាយ ស្ទាក់ឡានប្តី ហៅចូលប៉ុស្តិ៍ដោះស្រាយ

ម្តាយលោកឌួង ឆាយ ស្ទាក់ឡានប្តី ហៅចូលប៉ុស្តិ៍ដោះស្រាយ

ភ្នំពេញ ៖ រឿងរ៉ាវក្រុមគ្រួសារលោកឌួង ឆាយ បានផ្ទុះឡើងសាជាថ្មីម្តងទៀត បន្ទាប់ពីលោកស្រី ខុង លីស៊ីអាណា ត្រូវជាម្តាយបង្កើតលោកឌួង ឆាយ បានជិះម៉ូតូកង់បី តាមស្ទាក់រថយន្តប្តី (លោកឧកញ៉ា ឌួង ងៀប) បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍សម្របសម្រួល ដោយនាំភាគីទាំងសងខាង ចូលទៅដោះស្រាយគ្នានៅក្នុងប៉ុស្តិ៍នគរបាល។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅត្រង់ចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកស្រី ខុង លីស៊ីអាណា បានជិះម៉ូតូកង់បី ១គ្រឿង តាមពីក្រោយរថយន្តទំនើប ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6852 ដែលបិទកញ្ចក់ពណ៌ខ្មៅក្រឹប រហូតមកដល់ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ទើបតាមទាន់ ហើយភ្លាមនោះ លោកស្រី ខុង លីស៊ីអាណា ក៏បានចុះមកពីលើម៉ូតូកង់បី រួចបានទៅឈរស្ទាក់ពីមុខរថយន្តទំនើប ១គ្រឿងនោះ និងបានស្រែកឡូឡា ដោយអះអាងថា អ្នកបើកបររថយន្ត គឺជាប្តីរបស់គាត់ (លោកឧកញ៉ា ឌួង ងៀប) ដែលគាត់តាមរកមុខរាប់ខែមកហើយ ដើម្បីដោះស្រាយគ្នា រឿងប្តីលួចលាក់មានស្រីកំណាន់ និងបញ្ហាគ្រួសារ តែប្តីមិនព្រមជួបដោះស្រាយសោះ ទើបតែពេលនេះ លោកស្រីតាមទាន់ ក៏ស្ទាក់ជាប់នៅកណ្តាលផ្លូវតែម្តង។

ប្រភពដដែល បន្តថា បើទោះជាលោកស្រី ខុង លីស៊ីអាណា បានឡូឡាយ៉ាងណាក្តី ក៏អ្នកបើកបររថយន្តទំនើបខាងលើ ដែលត្រូវលោកស្រី ខុង លីស៊ីអាណា អះអាងថា គឺជាលោកឧកញ៉ា ឌួង ងៀប នោះ មិនបានចុះពីលើរថយន្ត ដើម្បីធ្វើការសម្រុះសម្រួល ឬនិយាយគ្នាសោះឡើយ រហូតមួយសន្ទុះក្រោយមក ក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចូលមកសម្របសម្រួល និងបាននាំភាគីទាំងសងខាង គឺលោកស្រី ខុង លីស៊ីអាណា និងលោកឧកញ៉ា ឌួង ងៀប ទៅដោះស្រាយគ្នានៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ វិញ។

បន្ទាប់មក ទាំងលោកស្រី ខុង លីស៊ីអាណា និងលោកឧកញ៉ា ឌួង ងៀប ក៏បានធ្វើដំណើរចូលទៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីដោះស្រាយគ្នាបាត់ទៅ ដោយមិនដឹងថា ដំណោះស្រាយ ចេញជាលទ្ធផលយ៉ាងណានោះទេ ព្រោះអ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុង បរិវេណប៉ុស្តិ៍នគរបាលនោះឡើយ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកស្រី ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប និងជាម្តាយលោកឌួង ឆាយ បានដាច់ចិត្តចេញមុខទម្លាយរឿងរ៉ាវដ៏អាស្រូវនៅក្នុងគ្រួសាររបស់ខ្លួន ដោយលើកឡើងថា លោកឧកញ៉ា ឌួង ងៀប ជាស្វាមី បានលួចយកទ្រព្យសម្បត្តិជាច្រើន ទៅផ្គាប់ផ្គុនប្រពន្ធចុងវ័យក្មេង និងរួមរស់សម្ងំសោយសុខជាមួយគ្នា ធ្វើឱ្យក្រុមគ្រួសារបាក់បែក ធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌក និងថែមទាំងបានរួមគំនិតគ្នាជាមួយកូនប្រសាស្រី (ដេត ម៉ាលីណា) ដើម្បីធ្វើបាបកូនប្រុស (ឌួង ឆាយ) ទៀតផង។

តាមរយៈសន្និសិទព័ត៌មានរយៈពេលជិតកន្លះម៉ោង លោកស្រី ខុង លីស៊ីអាណា បានរៀបរាប់ថា ប្តីលោកស្រី គឺលោកឧកញ៉ា ឌួង ងៀប បានប្រើល្បិចកលធ្វើបាបកូនប្រុស (ឌួង ឆាយ) មូលហេតុដោយសារខឹងកូនប្រុស និងរូបលោកស្រីដែលជាប្រពន្ធ ប្តឹងរឿងគាត់មានស្រី នៅខាងក្រៅ ឈ្មោះប្រាក់ ស៊ីណា ដែលបានយកលុយកាក់ជាច្រើន យកទៅសង់អគារភូមិគ្រឹះទី១ ភូមិគ្រឹះទី២ ដោយការធ្វើបាបក្រុមគ្រួសារ ឱ្យជំពាក់ជំពិនលុយធនាគារ រាប់សិបលានដុល្លារ ដែលលោកស្រី និងកូនៗ ទទួលរងវិបត្តិទាំងផ្លូវកាយ ទាំងផ្លូវចិត្តរាល់ថ្ងៃ ត្រូវរែកលុយបំណុលធនាគារសព្វបែបយ៉ាង។

លោកស្រី ខុង លីស៊ីអាណា ធ្លាប់បានលើកឡើងថា ប្តីលោកស្រី (លោកឧកញ៉ា ឌួង ងៀប) ដែលមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានយកលុយទៅសង់ភូមិគ្រឹះជាមួយសហាយស្មន់ ឈ្មោះប្រាក់ ស៊ីណា ចំនួន២ និងថែមទាំងមានកូនអត់ខាន់ស្លាជាមួយគ្នាម្នាក់ទៀត ឈ្មោះឌួង មួយជូលី ដែលរៀននៅសាលាន័រប៊្រីដ ហើយកន្លងមក លោកស្រីបានតាមដាន និងដឹងរឿងហ្នឹងយ៉ាងច្បាស់។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដ៏អាស្រូវខាងលើនេះ “នគរធំ” មិនអាចសុំការបកស្រាយបំភ្លឺពីសាមីខ្លួនលោកឧកញ៉ា ឌួង ងៀប បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES