Friday, November 29, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន សម្ពោធអគារទីស្តីការក្រសួង​រៀបចំដែនដី នគររូបនីយកម្មនិងសំណង់

សម្តេចហ៊ុន សែន សម្ពោធអគារទីស្តីការក្រសួង​រៀបចំដែនដី នគររូបនីយកម្មនិងសំណង់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតារ មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ  មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

សម្តេច ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារទីស្ដីការក្រសួងរៀបចំដែនដី ន គរូបនីយកម្ម និងសំណង់ ដែលត្រូវដាក់ឲ្យប្រើប្រាស់នាពេលនេះ។

ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាការរៀនរស់តាមគន្លងថ្មី ដែលយើងមានការកាត់បន្ថយចំនួនមនុស្សចូលរួមជាក់ស្ដែង ដូចជាអគារសាលប្រជុំនេះ ដែលកន្លងមកធ្លាប់តែដាក់មនុស្សជាង ១០០០នាក់ តែពេលនេះ យើងកាត់បន្ថយមកត្រឹមប្រមាណជាង ៥០០នាក់។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះ យើងនឹងសម្ភោធអគារក្រសួងចំនួន៣ រួមមាន ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានសម្ពោធរួច ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសម្ពោធនាពេលនេះ និងនៅចុងឆ្នាំ២០២១ នឹងសម្ពោធអគារទីស្ដីការក្រសួងការពារជាតិ ដែលនឹងត្រូវសម្ពោធចំខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ​-ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដាសតឿនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យខិតខំបំពេញការងារឲ្យបានល្អប្រសើរ។ សម្តេច បានសង្កត់ធ្ងន់ថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះ ឲ្យបានគង់វង្ស ប្រើប្រាស់ឲ្យបានយូរអង្វែង  មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការឲ្យមានប្រសិទ្ធភាព​ និងចំណុចមួយទៀត ត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។

នៅក្នុងឱកាសនេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នូវ ៣ចំណុចសំខាន់ :

១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋឲ្យបានឆាប់។

២- ត្រូវបន្តខិតខំដោះស្រាយជម្លោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ ។

៣- ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ច ជាបន្តបន្ទាប់ទៀត។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់មន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជូបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀត។

មុននឹងបញ្ចប់ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មួយចំនួនផងដែរ៕

RELATED ARTICLES