Friday, November 29, 2024
Homeព័ត៌មានជាតិក្មេងស្រីអភ័ព្វ កើតជំងឺចម្លែក ស្បែកប្រេះក្រហែង

ក្មេងស្រីអភ័ព្វ កើតជំងឺចម្លែក ស្បែកប្រេះក្រហែង

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ កើតមកក្នុងត្រកូលគ្រួសារទីទ័លក្រហើយ ថែមទាំងមានជំងឺចម្លែកតាំងពីកំណើតទៀតផង ដោយស្បែករបស់ក្មេងស្រីរូបនេះ មានស្ថានភាពប្រេះក្រហែង ចេញឈាមស្ទើរគ្រប់កន្លែង ជាហេតុធ្វើឱ្យនាងមានការឈឺចុកចាប់ ក្រហាយ រមាស់ ហូបចុក ដេកពួនមិនដែលបានស្រួលនឹងគេសោះឡើយ ហើយទោះបីជាត្រូវបានសប្បុរសជនជាប្រធានមណ្ឌលកុមារកំព្រា មួយរូប  ព្យាយាមជួយនាំនាងទៅព្យាបាលតាមមន្ទីរពេទ្យមួយចំនួន អស់រយៈពេល ២ឆ្នាំមកហើយ តែហាក់មិនមានប្រសិទ្ធភាពសោះ។

ក្មេងស្រីអភ័ព្វដែលកើតជំងឺចម្លែក ស្បែកប្រេះពេញខ្លួននោះ មានឈ្មោះស្រីកែវ មានលំនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកសប្បុរសជន ដែលបានជួយជ្រោមជ្រែងនាំក្មេងស្រីអភ័ព្វខាងលើ ទៅទទួលសេវាព្យាបាលអស់រយៈពេល ២ឆ្នាំមកហើយនោះ មានឈ្មោះ ផន ផល្លា ជាប្រធានមណ្ឌលកុមារកំព្រាមែកឈើ ដែលមានទីតាំងស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ម្តុំផ្សារបែកចាន។

លោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ បានរៀបរាប់ពីស្ថានភាពរបស់ក្មេងស្រីអភ័ព្វខាងលើ តាមរយៈគណនីហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា “ស្រីកែវ នៅថ្ងៃនេះ ខ្ញុំចង់បង្ហាញជូនបងប្អូនអំពីជីវិតដែលរងការឈឺចាប់ ដោយគ្មានពេល ស្រាកស្រាន្តរបស់ស្រីកែវ ។ ស្រីកែវ បានចាប់កំណើតក្នុងគ្រួសារក្រីក្រមួយ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលខ្លួនប្រាណរបស់នាងទាំងមូលហ៊ុមព័ទ្ធដោយជំងឺសើស្បែកតាំងពីកំណើតមកម៉្លេះ។ ឥឡូវនេះ ស្រីកែវ មានអាយុ ១៣ឆ្នាំហើយ ដោយស្ថានភាពជំងឺស្បែករបស់នាង បានធ្វើឱ្យនាងរងការឈឺចាប់គ្មានលស់ថ្ងៃនោះទេ។ ស្រីកែវ រមាស់ខ្លាំងណាស់ ហើយស្បែករបស់នាងទៀតសោត គឺប្រេះចេញឈាមស្ទើគ្រប់កន្លែងផងដែរ។ រយៈពេល ២ឆ្នាំហើយ ដែលខ្ញុំព្យាយាមគ្រប់បែបយ៉ាងដើម្បីរកថ្នាំ ព្រមទាំងបញ្ជូននាងទៅព្យាបាលតាមមន្ទីរពេទ្យនានា តែវាគ្មានប្រសិទ្ធភាពនោះទេ ដោយសារតែជំងឺនេះជាជំងឺតំណរពូជ (ហ្សែន) ពីគ្រួសារ…”។

លោក ផន ផល្លា បានបន្ថែមថា “យ៉ាងណាមិញ អ្វីដែលជាក្តីបំណងប្រាថ្នារបស់ខ្ញុំនោះ គឺគ្រាន់តែចង់ឃើញនាងមិនរមាស់ពេក មិនឈឺចាប់ពេក ហើយអាចញ៉ាំ ដេកពួនបានស្រួលនឹងគេខ្លះ… តែអំឡុងពេល ១៣ឆ្នាំមកនេះ មានពេលតិចតួចណាស់ដែលនាងអាចមានស្នាមញញឹមនឹងគេ។ ខ្ញុំទទួលស្គាល់ថា នាងត្រូវបានគេរើសអើង មិនចង់នៅជិត ដោយព្រោះតែជំងឺរបស់នាង តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា ជំងឺប្រភេទនេះ គឺវាមិនឆ្លងនោះទេ… ដូច្នេះចូរយើងទាំងអស់គ្នាកុំខ្លាចរអានាងអី។ ខ្ញុំស្រឡាញ់ស្រីកែវ និងអាណិតនាងខ្លាំងជាងគេ ខ្ញុំគ្រាន់តែចង់ឱ្យនាងបានធូរស្បើយពីការឈឺចាប់ពីជំងឺរបស់នាងខ្លះ»។

លោក ផន ផល្លា បានបញ្ជាក់ទៀតថា “ជាចុងក្រោយ ខ្ញុំនឹងជួបស្រីកែវ ម្តងទៀត នៅថ្ងៃសៅរ៍ខាងមុខនេះ ដូច្នេះហើយបើបងប្អូនមានបំណងចង់ចូលរួមជួយដល់ស្រីកែវ ខាងក្រោមនេះ គឺជាលេខសម្រាប់ ទាក់ទងទទួលមូលនិធិជួយដល់នាង ៖ ០១២ ៣២ ៤៧ ១១ និង០៩៣ ៣២ ៤៧ ១១ ABA : 012324711 (Phorn Phalla) ACLEDA : 18000026228515 (Phorn Phalla)…”៕

RELATED ARTICLES