ភ្នំពេញ៖លី ណូរ៉ា ដែលធ្លាប់លេចមុខតាមMvជាច្រើនបទហើយត្រូវបានគេស្គាល់ថាលោកពូកែដៀលស្រីៗតាតាចិញ្ចឹម ឬឋានៈជាប្រពន្ធចុងគេកប់ៗមាត់ថាកុំតាំងខ្លួនស្មើប្រពន្ធដើមនាំឲ្យផ្អើលលើបណ្ដាញសង្គមកន្លងមកនោះបានឲ្យដឹងថាលោកនឹងភ្ជាប់ពាក្យជាមួយកំពូលស្នេហ៍នៅខែកុម្ភៈ និងរៀបការនៅខែឧសភាឆ្នាំ២០២២ ខាងមុខនេះហើយ។ប៉ុន្ដែតារាដែលងាកទៅរកស៊ីផ្នែកអចលនទ្រព្យបន្ថែមពីលើអាជីពសម្ដែងនោះមិនទាន់ហ៊ានបង្ហាញមុខគូស្នេហ៍ថាជាអ្នកណាឡើយគ្រាន់តែបង្ហើបថាអនាគតភរិយារបស់លោកគឺជាអ្នកនៅក្រៅរង្វង់សិល្បៈ។ចំពោះការលាក់បាំងគូស្នេហ៍នោះត្រូវបានលោកណូរ៉ា ថាមកពីលោកចង់ឲ្យមិត្តភក្ដិអ្នកសិល្បៈទាំងអស់មានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញប្រពន្ធរបស់លោកនៅថ្ងៃរៀបការតែម្ដង។



លី ណូរ៉ា បានប្រឡូកអាជីពសម្ដែងរយៈពេល៨ឆ្នាំមកហើយតែពេលនេះអ្នកសម្ដែងដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះបានងាកទៅបន្ថែមអាជីពថ្មីរកស៊ីខាងដីធ្លីដូចតារាល្បីៗមួយចំនួនទៀតដែរ។លោកណូរ៉ា ថាស្រលាញ់សិល្បៈណាស់ហើយលោកច្រើនតែត្រូវបានអ្នកដឹកនាំសម្ដែងឲ្យលេងជាតួអ្នកមានដណ្ដើមសង្សារគេ មានស្រីច្រើន ដេកជាមួយប្រពន្ធគេ មើលងាយប្ដីគេជាដើម…។លោកថាពេញចិត្តចំពោះតួអង្គទាំងនោះណាស់ ហើយកន្លងមកលោកមើលការសម្ដែងរបស់តារាជើងចាស់លោកចា រិទ្ធី ច្រើនដែលគាត់លេងបែបនេះជាយូមកហើយ និងសាកសមបំផុត។តែលោកសម្ដែងចេញជាStyle ខ្លួនឯងជារបៀបផ្សេងពីរៀមច្បងៗហើយមានការគាំទ្រពីបងប្អូនថាលេងសមនិងទៅណាមកណាគេស្គាល់ថាជាតួពូកែលេងបែបនេះ។លោកបន្ថែមថាមង្គលការរបស់លោកនៅឆ្នាំក្រោយនេះអាចធ្វើធំដុំព្រោះថាពេលនោះរំពឹងថាកូវីដនឹងបានស្ងប់ស្ងាត់និងប្រសើរជាងពេលនេះ។



ក្រៅពីលី ណូរ៉ា តារាសម្ដែងដែលចូលចិត្តលេងជាតួបងធំស្រីកៀនិងជើងមានដូចជាលោកចា រិទ្ធី និងសាហ្វីន ហ្វីលីព ជាដើម។ចំពោះណូរ៉ា វិញលោកថាអាចនឹងរយាលៗពីអាជីពសិល្បៈបន្ទាប់ពីងាកមករកស៊ីវិស័យអចលនទ្រព្យកាន់តែជ្រៅនេះតែលោកថាការថតMv និងស្ពតអាចធ្វើការបានជាធម្មតា ប៉ុន្ដែថតរឿងភាគប្រើពេលយូថ្ងៃលោកមិនទាន់ហ៊ានទទួលនោះទេ ព្រោះខ្លាចគ្មានពេលគ្រប់គ្រាន់ឲ្យគេ៕



