ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានធ្វើខួបកំណើតឲ្យកូនប្រុសរបស់នាងឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅCharlie គម្រប់២ឆ្នាំកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០២១ ហើយមើលទៅជីវិតនាងពោពេញទៅដោយក្ដីសុខជាខ្លាំងព្រោះស្វាមីស្រលាញ់ថ្នាក់ថ្នមលើសដើមបន្ទាប់ពីទទួលបានកូនប្រុសម្នាក់គូរឲ្យស្រលាញ់នេះ។បើទោះជាក្រោយឱក សុគន្ធកញ្ញា មានប្ដីនិងកូន១ធ្វើឲ្យអាជីពចម្រៀងរបស់នាងនៅទ្រឹងហើយប្រឈមនឹងលែងស្ទុះឡើងទៀតក្ដី ប៉ុន្ដែគេប្រាកដថាស្ទើតែ១០០%សុគន្ធកញ្ញា នឹងរៀបគម្រោងយកកូនថែមទៀតជាមិនខានព្រោះនៅថ្ងៃរៀបការនាងកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នោះសុគន្ធកញ្ញា ត្រូវបាននាយក្រឹម ឲ្យយោបល់ថាគូតែយកកូនភ្លោះដូចនាយតែម្ដងទៅកុំឲ្យពិបាកបង្កើតច្រើនដង ប៉ុន្ដែសុគន្ធកញ្ញា តបទៅនាយក្រឹម ថានាងចង់បានកូន៣ឬភ្លោះ៣ទើបធ្វើឲ្យលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហាមាត់លែងរួច។តាមរយៈការតាំងចិត្តបែបនេះមានន័យថាសុគន្ធកញ្ញា នឹងរៀបផែនការណ៍យកកូន២នាក់ថែមទៀតជាមិនខានព្រោះពេលនេះសុភមង្គលសំខាន់ជាងការចង់ល្បីលើសនេះ ហើយអ្វីដែលរឹតកាន់តែពិសេសនោះគ្រាន់តែបានកូន១សោះសុគន្ធកញ្ញា ត្រូវប្ដីស្រលាញ់ដល់ម្លឹងទៅហើយ ចុះបើបានកូន២ថែមទៀត តើលោកសុខលី នឹងកាន់តែស្រលាញ់នាងខ្លាំងប៉ុណ្ណាទៅ?
គេនៅចាំបានថាក្រោយឱក សុគន្ធកញ្ញា ក្លាយទៅជាភរិយារបស់លោកអ៊ឹង សុខលី ស្របច្បាប់ភ្លាមៗនោះមានអ្នកខ្លះបានព្យាករណ៍ថាចំណងស្នេហានាងអាចនឹងប្រឈមទឹកភ្នែកជាមិនខានព្រោះសម្អាងថាលោកសុខលី មានតារាស្រីស្អាតៗមិនក្រោម៧នាក់នោះទេ ធ្លាប់តោងស្នេហាហេតុនេះហើយពេលនាងមានកូនធ្លាក់សម្រស់ប្ដីអាចនឹងលែងសូវស្រលាញ់។ប៉ុន្ដែការសន្និដ្ឋានទាំងនោះផ្ទុយស្រឡះតែម្ដងព្រោះតែលោកសុខលី បានបំពេញតួនាទីជាស្វាមីរបស់តារាចម្រៀងរូបនេះបានយ៉ាងល្អហើយសុគន្ធកញ្ញា ធ្លាប់វាចារថាបើដឹងមានប្ដីនិងកូនសប្បាយអីចឹងម្លេះនាងការយូហើយ…។ទស្សនិកជននិងអ្នកគាំទ្រសុគន្ធកញ្ញា បានចាត់ទុកសុគន្ធកញ្ញា ថាជាតារាម្នាក់ដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដង ខណៈដែលអតីតតារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ធ្លាប់និយាយថាសុគន្ធកញ្ញា មានសំណាងដែលបានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសដែលជាក្រុមហ៊ុន១បណ្ដុំទៅដោយសិល្បៈជាច្រើនទម្រង់។
គូរបញ្ជាក់ថាក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានកូន១គិតត្រឹមឆ្នាំ២០២១នេះមានដូចជានាងពេជ្រ សូលីកា ,សួស វីសា ,ឌុច លីដា ,នៅ សុនិតា និងផាត់ ផាន់ណា ជាដើមដែលត្រូវបានគេមើលឃើញថាពួកគេមានទីផ្សារសិល្បៈប្រែប្រួលដូចគ្នាតែម្ដងពោលគឺចុះខ្សោយជាងកាលនៅក្រមុំ។ចំពោះសុគន្ធកញ្ញា ដែលមានបងថ្លៃជាថៅកែហង្សមាស និងស្វាមីនាងជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសនោះត្រូវបានអ្នកជំនាញសិល្បៈលោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់អះអាងស្រដៀងគ្នាថាហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះជាដាច់ខាត។ការសម្អាងបែបនេះដោយសារតែលោកសុធីវណ្ណ ថាផលិតកម្មធំនេះធ្លាប់ធ្វើព្យុះភ្លៀងជាច្រើនលើកច្រើនសារមកហើយពោលគឺឲ្យតែគេដាក់គោលដៅថាលើកតារាណាម្នាក់ហើយ តារានោះគឺនឹងល្បីជាមិនខាន។
ទោះជាអ្នកជំនាញលើកឡើងថាឱក សុគន្ធកញ្ញា នៅតែជាតួឯករបស់ហង្សមាសក្ដី ប៉ុន្ដែក្រោយមានស្វាមីនិងកូន១នេះគេឃើញនាងហាក់បែកសាច់ និងនៅតែមិនទាន់សម្រកគីឡូស្វែលវិញនោះទេ ហើយបើទម្ងន់នៅតែមិនស្រកដូចនេះគេជឿរថាតារាស្រីនាំមុខគេនៅហង្សមាសជាង១០ឆ្នាំរូបនេះនឹងនៅតែពិបាកវាយលុកទីផ្សារចម្រៀងឲ្យខ្លាំងដូចដើមជាមិនខាន។ប៉ុន្ដែអ្វីដែលមហាជនរងចាំមើលនោះគឺពេលដែលសុគន្ធកញ្ញា នឹងចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ថតសម្ដែងភាពយន្ដដំបូងជាមួយគ្នាឲ្យហង្សមាសនាពេលខាងមុខនេះដែលពេលនោះទីផ្សារសិល្បៈរបស់តារាកូន១រូបនេះត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្ដូរនឹងប្រែប្រួលជាងពេលនេះជាមិនខាន៕