ថៃ៖នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាបានទទូចថាលោកនឹងបន្តកាន់តំណែងរហូតដល់យ៉ាងហោចណាស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ឆ្នាំ 2022ដែលប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះខណៈឥឡូវនេះប្រទេសថៃធ្វើជាប្រធានប្លុកក្នុងតំបន់។នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ វិច្ឆិកា ២០២១។


ឧត្តមសេនីយប្រាយុទ្ធបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរអំពីការបន្តដឹកនាំប្រទេសនៅពេលដែលលោកធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិកាលពីថ្ងៃពុធ។លោកបាននិយាយថាវាគឺជាដំណើរការដឹកនាំប្រទេស។យើងនឹងបន្តស្របតាមច្បាប់។ប្រទេសនេះកំពុងញាំញីដោយបញ្ហាជាច្រើនដែលចាំបាច់ត្រូវដោះស្រាយ។


នៅពេលដែលអ្នកកាសែតសួរថាតើលោកនឹងបន្តដឹកនាំរហូតដល់បញ្ចប់អាណត្តិ 4 ឆ្នាំក្នុងខែមីនា2023 ឧត្តមសេនីយ៍ប្រាយុទ្ធបានងក់ក្បាលហើយនិយាយថាខ្ញុំនឹងបន្ត ។នៅពេលសួរថាតើលោកនឹងបន្តធ្វើការជាមួយគណបក្ស Palang Pracharath Party (PPRP) ដែលកំពុងកាន់អំណាចដែរឬទេ លោកនាយករដ្ឋមន្ត្រីបាននិយាយថាខ្ញុំមិនទៅណាទេ។


ឧត្តមសេនីយ៍បានបន្តទៀតថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងពិធីជប់លៀងដែលរៀបចំដោយគណបក្សចម្រុះរដ្ឋាភិបាល ប្រសិនបើពួកគេអញ្ជើញ។លោកក៏បានច្រានចោលការរិះគន់ពីគណបក្សប្រឆាំងដែលថារដ្ឋាភិបាលចម្រុះស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «វាគ្រាន់តែជាការស្រមៃរបស់ពួកគេប៉ុណ្ណោះ៕

