Monday, December 23, 2024
Homeបរិយាយធ្វើ​តែ​ល្អ​ទៅ គេ​ថា​អី​ថា​ទៅ​!

ធ្វើ​តែ​ល្អ​ទៅ គេ​ថា​អី​ថា​ទៅ​!

សុភាសិតបារាំង១ឃ្លា ចែងថា “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថា គេនិយាយចុះ!” (Fais bien et laisse-le dire) មានខ្លឹមសារអប់រំផ្តោតទៅលើសកម្មភាពរបស់ “អ្នកថា និងអ្នកធ្វើ” ដែលជាគូគ្នារហូត។ នៅក្នុងសង្គមប្រជាធិបតេយ្យ មិន គួរអ្នកធ្វើ ខឹងនឹងអ្នកថា ឬក៏ក្រឡាស់ពាក្យគេរិះគន់ ឱ្យទៅជាការបរិហារកេរ្តិ៍ រួចប្តឹងផ្តល់គ្នាឡើងតុលាការភ្លាមៗ តាម កំហឹងនោះឡើយ ព្រោះបរិហារ និងការរិះគន់ មានលក្ខណៈមិនដូចគ្នាទេ ដែល “នគរធំ” សូមលើកករណី “ធ្វើតែល្អទៅ គេ ថាអីថាទៅ!” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី មេបក្សប្រឆាំង បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក រិះគន់រដ្ឋាភិបាលថា “ការកាប់បំផ្លាញព្រៃឈើ និងការបូមខ្សាច់ ដោយសារអំពើពុករលួយនៅកម្ពុជា បណ្តាលឱ្យបាត់បង់ប្រាក់ចំណូលរាប់រយ លានដុល្លារ តើលុយនោះបានទៅនរណា?”។ ចំណែកលោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ ក៏បានសរសេរក្នុងហ្វេសប៊ុក រិះគន់ថា “តើថវិកាដែលក្រសួងការពារជាតិ ទទួលបានមកពីកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ មួយឆ្នាំៗយកទៅណាអស់ បានជា ពេលដែលកងទ័ពខ្វះខោអាវ សម្ភារៈប្រើប្រាស់ បែរជាចាំមេទ័ព ឧត្តមសេនីយ៍ម្ខាងយកអំណោយទៅចុះចែកវិញ? តើប្រាក់- ខែមេទ័ព ឧត្តមសេនីយ៍ ១ខែ បានប៉ុន្មាន?”…។

ការរិះគន់របស់មេបក្សអំណាចខ្មែរ នេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកអាវរងាទៅចែកជូនកងទ័ព ហើយត្រូវបានលោកហ៊ុន ម៉ាណែត ឆ្លើយតបភ្លាមៗថា “យើងគួររួមគ្នាធ្វើ វាប្រសើរជាងរួមគ្នាថា ហើយបើថាក៏ថាចុះ សូមជួយធ្វើខ្លះផង!”។ ការសរសេរឆ្លងឆ្លើយគ្នានេះ ចាប់ប្រភពពី “អ្នកធ្វើ និង អ្នកថា” នេះឯង ដែលជាសភាវៈធម្មជាតិតាក់តែងមក ពុំអាចមានសកម្មភាពអ្វីលើកិច្ចការសង្គម ឬនយោបាយ គេចផុតពី ការរិះគន់បានឡើយ។ ករណីលោកសម រង្ស៊ី រិះគន់ក្តៅៗពីសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការបូមខ្សាច់លក់ទៅឱ្យប្រទេស សិង្ហបុរី នោះ “នគរធំ” មិនដឹងការពិតដល់កម្រិតណានោះទេ ប៉ុន្តែ កត់សម្គាល់ឃើញថា កន្លងមក “រដ្ឋាភិបាល ជាអ្នកធ្វើ ឯបក្សប្រឆាំង ជាអ្នកថា” ក្លាយជាវប្បធម៌ទៅហើយ។ ព្រោះតែលោកសម រង្ស៊ី ពូកែថាមិនឈប់ បានជាសំណុំរឿងឡើង ដល់តុលាការ អស់១ករណី បន្ត១ករណី ដូច “បូសបណ្តើរកូន” ព្រោះតែអ្នកធ្វើប្តឹងផ្តល់។ ឥឡូវលោកសម រង្ស៊ី ថាទៀត ហើយ ពីរឿងពុករលួយបាត់បង់ទឹកប្រាក់រាប់រយលានដុល្លារ ដោយគ្មានភ័ស្តុតាងគ្រប់គ្រាន់នោះ អាចប្រឈមនឹងភាគីអ្នកធ្វើ ប្តឹងទៀត បន្ទាប់ពីសំណុំរឿងលោកហោ ណាំហុង ប្តឹងពីបទបរិហារកេរ្តិ៍ រឿងបង្ហោះហ្វេសប៊ុកពាក់ព័ន្ធផែនទីក្លែងក្លាយ, រឿង ថារដ្ឋាភិបាលនៅពីក្រោយឃាតកម្មបណ្ឌិតកែម ឡី, រឿងទិញ Facebook Like  ដែលលោកសម រង្ស៊ី ចេះតែថានោះ ធ្វើឱ្យមេបក្សប្រឆាំងរូបនេះវ័ណ្ឌកនឹងអំណាចតុលាការបន្តកន្ទុយគ្នា។ ឥឡូវរឿងថាចុងក្រោយនេះ ប្រហែលជាចៀស មិន ផុតពីការប្តឹងផ្តល់ឡើងតុលាការទៀតហើយ។

យ៉ាងណាក៏ដោយចុះ ពាក្យស្លោកថា “អ្វីជាទិដ្ឋភាពដដែលៗ វាជាសត្រូវរបស់ភ្នែក” ដូច្នេះ បើថាដដែលៗ ប្តឹងដដែលៗ ធ្វើឱ្យមហាជនធុញទ្រាន់លែងចង់ឃើញ មិនខុសពីខ្សែភាពយន្ត លេងតែរឿងខ្មោចដដែលៗ ធ្វើឱ្យទស្សនិកជនលែងចង់ទៅ ទស្សនា។ បើភាគីម្ខាងពូកែប្តឹង ឯភាគីម្ខាងទៀតពូកែថា មិនខុសពីភ្លេងពិណពាទ្យ១វង់ ដែលប្រគំមិនស៊ីចង្វាក់គ្នា បង្ហិនលុយ អ្នកជួល។ ព្រោះតែមើលឃើញប្រត្យក្សភាពកើតឡើងក្នុងសង្គមបែបនេះ ទើបកវីបណ្ឌិតបានទុកបណ្តាំជាសុភាសិតថា “ចូរ អ្នកធ្វើតែល្អទៅ បើកឱ្យគេថា គេនិយាយចុះ!” ឬ “ធ្វើតែល្អទៅ គេថាអីថាទៅ!”។

តើ “ធ្វើតែល្អទៅ!” មានន័យដូចម្តេច? សំណួរនេះ យើងឃើញបក្សកាន់អំណាច ព្យាយាមធ្វើល្អគ្រប់អាណត្តិ ដូចជា ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវគមនាគមន៍គ្រប់តំបន់ ដោះស្រាយបញ្ហាទឹកជាដើម។ ជាពិសេស មន្ត្រីបក្សកាន់ អំណាច តែងយកអំណោយទៅចែកដល់ជនក្រីក្រ អនាថា ចាស់ជរា ប្រជាពលរដ្ឋជួបគ្រោះថ្នាក់ធម្មជាតិ មានខ្យល់ព្យុះរំលំ ផ្ទះ ឬអគ្គិភ័យជាដើម។ ដូច្នេះ គួរតែបក្សកាន់អំណាច បន្តធ្វើល្អបែបនេះទៀតទៅ កុំឈឺនឹងពាក្យគេថាយកលុយពុករលួយ ទៅស្ទូចទឹកចិត្តប្រជារាស្ត្រយកសន្លឹកឆ្នោត។ បើគ្រាន់តែគេថាប៉ុណ្ណឹង ស្រាប់តែខឹងសម្បា ឈានដល់ការប្តឹងផ្តល់នោះ មិន ស្របនឹងសុភាសិតខាងលើនេះទេ ដែលជួនកាល អាចធ្វើឱ្យគេយកទៅប្រៀបប្រដូចនឹងសុភាសិតមួយទៀតថា “គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ” ក៏ថាបាន។

ករណីលោកហ៊ុន ម៉ាណែត យកអាវរងាទៅចែកកងទ័ព ហើយត្រូវបានលោកសួន សេរីរដ្ឋា រិះគន់នោះ កំពុងដើរ ចូលគន្លង “ធ្វើតែល្អទៅ គេថាអីថាទៅ!” នេះហើយ។ លោកហ៊ុន ម៉ាណែត មិនបានប្តឹងអ្នកថានោះទេ គ្រាន់តែឆ្លើយតបថា “យើងគួររួមគ្នាធ្វើ វាប្រសើរជាងរួមគ្នាថា ហើយបើថាក៏ថាចុះ សូមជួយធ្វើខ្លះផង!” ការលើកឡើងនេះ អាចថាមកពីលោក ហ៊ុន ម៉ាណែត ធ្លាប់ទៅសិក្សានៅសហរដ្ឋអាមេរិក ស្គាល់ច្បាស់ពីសេរីភាពនៃការបញ្ចោញមតិ ទើបលោកមិនប្តឹង ដែលចាត់- ទុកជាគំរូល្អមួយ សម្រាប់អ្នកនយោបាយខ្មែរ យកទៅអនុវត្ត។ បើគេថាបន្តិចអាងប្តឹង ឬខ្លាចចៅក្រមអត់ការងារធ្វើនោះ មិនល្អមើលទេ ដូចអ្វីដែលយើងលើកឡើងពី “អ្វីជាទិដ្ឋភាពដដែលៗ វាជាសត្រូវរបស់ភ្នែក”។

អ្នកនយោបាយដែលល្អបំផុត តែងចាត់ទុក “ការរិះគន់ជាអាហារយ៉ាងឆ្ងាញ់” សូម្បីព្រះពុទ្ធជាម្ចាស់ ដែលត្រាស់ដឹងសព្វ ម្តេចគង់មានគេរិះគន់ ទម្រាំបើអ្នកនយោបាយជាបុថុជ្ជន រឿងអីគេមិនថា? នៅក្នុង “ពុទ្ធជយមង្គលគាថា” យើងឃើញព្រះពុទ្ធ រងការប្រមាថមើលងាយពីគូសត្រូវ សូម្បីតែនាងចិញ្ចា ក៏ធ្លាប់ទៅចង្អុលព្រះភ័ក្ត្រ ជេរដៀលចោទប្រកាន់បង្ខូចព្រះអង្គថា បាន ទៅសហាយស្មន់ជាមួយនាង រហូតមានផ្ទៃពោះ មិនទទួលខុសត្រូវ បែរជារត់មកបួសព្រងើយ។ ព្រះពុទ្ធ សុខចិត្តឱ្យគេថា អីថាទៅ! ប៉ុន្តែ ទីបំផុត អយុត្តិធម៌ មិនដែលឈ្នះយុត្តិធម៌នោះទេ។ អ្នកនយោបាយដែលពូកែអត់ធ្មត់ ប្រឹងតែកសាងអំពើល្អ អាចធ្វើឱ្យអ្នកពូកែថា ពូកែរិះគន់នោះ ចុះចាញ់នៅនាទីចុងក្រោយ។

ករណីលោកសម រង្ស៊ី រិះគន់ក្តៅៗ រឿងកាប់ឈើ និងបូមខ្សាច់ ពាក់ព័ន្ធដល់អំពើពុករលួយ, ករណីលោកសួន សេរីរដ្ឋា រិះគន់រឿងចែកអាវរងា យកឈ្មោះបុគ្គលទៅដាក់, ករណីព្រះតេជគុណប៊ុត ប៊ុនតិញ រិះគន់អាជ្ញាធរអប្សរា រឿងបញ្ចូលទឹក កសិណនគរធំ ពន្លិចគល់គ្រញូង និងករណីពួកប្រឆាំងរិះគន់មិនឈប់នោះ គួរតែបក្សកាន់អំណាច គ្រាន់តែចេញសេចក្តីបំភ្លឺ ឬស្នើសុំឱ្យអ្នករិះគន់នោះ សរសេរកែតម្រូវឡើងវិញជាការល្អ។ ផ្ទុយទៅវិញ បើមិនចេញសេចក្តីបំភ្លឺអ្វីសោះ ស្រាប់តែប្តឹង ភ្លាម ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍នោះ វានឹងក្លាយជាសត្រូវរបស់កែវភ្នែកមហាជនមិនខាន។

សរុបទៅ “ធ្វើតែល្អទៅ គេថាអីថាទៅ!” ជាដំបូន្មានកវីបុរាណាចារ្យអប់រំអ្នកនយោបាយនេះឯង។ ហេតុនេះ ដើម្បីឱ្យ ស្របនឹងសុភាសិតខាងលើ គឺបក្សកាន់អំណាច ឬរាជរដ្ឋាភិបាល ចេះតែបន្តកសាងប្រទេស កុំឈប់ ជាពិសេសចុះចែកអំណោយ ឱ្យដល់ដៃរាស្ត្រក្រីក្រ កុំប្រកាន់និន្នាការនយោបាយ។ ឯអ្នកថា ចេះតែថាទៀតទៅ ប៉ុន្តែ គួរពិនិត្យឱ្យគ្រប់ជ្រុងជ្រោយសិន មុននឹងថា លៃយ៉ាងណាឱ្យមានសច្ចភាព ក្នុងន័យរិះគន់ដើម្បីស្ថាបនា ជាប្រយោជន៍សម្រាប់សង្គមជាតិ ចៀសវាងការរិះគន់ មួលបង្កាច់បែបឈ្នានីសបុគ្គល ដែលនាំឱ្យមានគំនុំបុគ្គល ព្រោះល្ខោន១វង់ ចាំបាច់ត្រូវតែមានតួស្លូត តួកាច តួយក្ស តួកំប្លែង ទើបល្ខោននោះវាល្អមើល៕

ដោយ អាចារ្យថាំ

RELATED ARTICLES