Thursday, November 28, 2024
Homeព័ត៌មានជាតិលោកកឹម សុខា តុលាការកាត់ទោស ថ្ងៃ១៩ មករា ២០២២

លោកកឹម សុខា តុលាការកាត់ទោស ថ្ងៃ១៩ មករា ២០២២

ភ្នំពេញ ៖ តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ ឱ្យលោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ ចូលសវនាការកាត់-ទោស នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២  ខាងមុខនេះ បន្ទាប់ពីបានពន្យារពេលអស់ ជាង២ឆ្នាំ។

ដីកាកោះហៅឱ្យចូលរួមសវនាការ (បន្ត) របស់អយ្យការអមសាលាដំបូងរាជ-ធានីភ្នំពេញ ចុះថ្ងៃ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា “យើង ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ។

-បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២-I ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

-បានឃើញ ដីកាទៅបញ្ជូនទៅជំនុំជម្រះ លេខ ៦៤០០ “គ” ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ។

-បានឃើញដីកាសម្រេចលេខ ២៩ ដ.ស.ស,១៩ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ស្តីពីការ ចាត់តាំងសកម្មភាពក្រុមប្រឹក្សាជំនុំជម្រះ ដែលទាក់ទងនឹងជនជាប់ចោទ ៖

ឈ្មោះកឹម សុខា ភេទប្រុស អាយុ៦៦ ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិត្រពាំង- ត្រគៀត ឃុំឧត្តមភរិយា ស្រុកត្រាំកក់ ខេត្ត តាកែវ លំនៅបច្ចុប្បន្ន ផ្ទះលេខ ៦៧A ផ្លូវ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេស កម្ពុជា និងកន្លែងផ្សេងទៀត កាលពីអំឡុង ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

បង្គាប់ឱ្យឈ្មោះកឹម សុខា ភេទប្រុស ដែលមានអត្តសញ្ញាណដូចខាងលើ ចូលមក សាលាដំបូងរាជធានីភ្នំពេញ សាលសវនាការ ទី១ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹក ដើម្បីចូលរួម សវនាការ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ

-លោកកូយ សៅ ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ

-លោកសេង លាង ជាចៅក្រមប្រឹក្សា

-លោកធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា

តំណាងអយ្យការសវនាការ

លោកប្លង់ សុផល ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ក្រឡាបញ្ជីសវនាការ

លោកជ័យ វាសនា ជាក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ

ជនជាប់ចោទត្រូវចូលមកបង្ហាញខ្លួន នៅចំពោះមុខតុលាការ តាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា ជាកំហិត”។

លោកចាន់ ចេន សហមេធាវីការពារក្តី លោកកឹម សុខា បានបញ្ជាក់នៅក្នុងគណនី បណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា ពួកលោកជា សហមេធាវី បានត្រៀមខ្លួនរួចហើយសម្រាប់ ការពារក្តីជូនលោកកឹម សុខា ក្នុងអង្គសវនាការ ខាងមុខនេះ។

គួររំលឹកថា កាលពីយប់ថ្ងៃទី០២ ឈាន ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានអតីតបក្សសង្គ្រោះជាតិ ត្រូវ បានកងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជា ពី១០០ ទៅ២០០នាក់ ចុះទៅឡោមព័ទ្ធផ្ទះ របស់លោកនៅក្នុងខណ្ឌទួលគោក ដើម្បី ចាប់ខ្លួនរូបលោក។ លោកកឹម សុខា ត្រូវបាន ក្រុមប៉ូលិសចាប់វាយខ្នោះ និងនាំទៅឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។

មូលហេតុនៃការចាប់ខ្លួននាពេលនោះ គឺរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់លោក កឹម សុខា ថាបានសហការជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយ ផ្អែកទៅលើវីដេអូឃ្លីបដែលលោកនិយាយ ទៅកាន់អ្នកគាំទ្រនៅប្រទេសអូស្ត្រាលី កាលពី ឆ្នាំ២០១៣។ សម្រាប់រដ្ឋាភិបាលកម្ពុជា បទល្មើសនេះ គឺជាបទល្មើសជាក់ស្តែងដែល តម្រូវឱ្យមានការចាប់ខ្លួនទាំងយប់បែបនេះតែម្តង។

បន្ទាប់ពីត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ជាង១ឆ្នាំ ពោល គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកកឹម សុខា ក៏ត្រូវ បានប្តូរមកឃុំខ្លួននៅក្នុងផ្ទះ នៅរាជធានី ភ្នំពេញ វិញ តែមិនអនុញ្ញាតឱ្យធ្វើសកម្មភាព នយោបាយ និងជួបជាមួយអ្នកគាំទ្រឡើយ។ លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺ ក្រោយជាប់ឃុំខ្លួនក្នុងផ្ទះ ជាង១ឆ្នាំ លោក កឹម សុខា ក៏ត្រូវបានតុលាការដោះលែងឱ្យ មានសេរីភាព តែមិនអនុញ្ញាតឱ្យធ្វើសកម្មភាព នយោបាយ និងធ្វើដំណើរចេញទៅប្រទេស។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើម បើកសវនាការរបស់លោកកឹម សុខា ប៉ុន្តែ បើកសវនាការបានប្រមាណ ២ខែ តុលាការ ក៏សម្រេចផ្អាកសវនាការទៅវិញ ដោយសារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្រុមមេធាវីលោកកឹម សុខា បានដាក់សំណើ ជាច្រើនដងទៅតុលាការ និងក្រសួងយុត្តិធម៌ ផងដែរ ដើម្បីស្នើសុំបន្តសវនាការ ប៉ុន្តែមិន ទទួលបានជោគជ័យឡើយ។ ទើបតែចូល មកដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ នេះ តុលាការបានចេញដីកាបង្គាប់ឱ្យលោកកឹម សុខា ចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលជាដំណឹងរីករាយ សម្រាប់លោកកឹម សុខា និងមេធាវីរបស់លោក ព្រោះថាលោកកឹម សុខា និងមេធាវីរបស់ លោក បានទន្ទឹងរង់ចាំការបន្តសវនាការនេះ អស់ជាច្រើនខែមកហើយ៕

 កុលបុត្រ

RELATED ARTICLES