Monday, December 23, 2024
Homeព្រឹត្តិការណ៍សង្គមសម្តេច​ហ៊ុន​សែន ជួប​អា​ចារ្យ​ទូទាំង ប្រទេស

សម្តេច​ហ៊ុន​សែន ជួប​អា​ចារ្យ​ទូទាំង ប្រទេស

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលជាមួយអាចារ្យអាចារិនី ទូទាំងប្រទេស ជិត១ពាន់នាក់ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរអំពី ជំនួបសំណេះសំណាលរវាងសម្តេចហ៊ុន សែន ជាមួយក្រុមអាចារ្យទាំងនោះថា “នៅព្រឹកថ្ងៃ ទី១៧ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។

hun-sen6

មានអាចារ្យ អាចារិនី ចំនួន ៨៥៧៥ហើយ ដែលបានទទួលការអប់រំបណ្តុះបណ្តាលចំណេះ ដឹងលើផ្នែកអាចារ្យ។ មកទល់សព្វថ្ងៃនេះ តម្រូវ ការរបស់ពុទ្ធបរិស័ទលើអាចារ្យ គឺនៅតែជា តម្រូវការធំ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែ ប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិសេរីភាពខាងជំនឿ សាសនា និងជំនឿរបស់ប្រជាជន ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបន្តពង្រឹងនិងពង្រីកពុទ្ធិកសិក្សានៅគ្រប់ កម្រិត ជំរុញការសិក្សាស្រាវជ្រាវ បោះពុម្ព និង ផ្សព្វផ្សាយគម្ពីរដីកា ក្បួនតម្រា និងក្បួនច្បាប់ សម្រាប់ប្រតិបត្តិធម្មវិន័យ។ ទាក់ទងនឹងការ លើកកម្ពស់សមត្ថភាពយល់ដឹងអំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្តេចតេជោ បាន ណែនាំឱ្យក្រសួងធម្មការនិងសាសនា បន្ត រៀបចំកម្មវិធីជួបជុំជាប្រចាំឆ្នាំ ដើម្បីបង្កលក្ខណៈ ឱ្យអាចារ្យ អាចារិនីទាំងអស់នៃ សមាគម អាចារ្យខ្មែរ មានឱកាសផ្លាស់ប្តូរមតិយោបល់ និងចែករំលែកចំណេះដឹងផ្សេងៗ។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានមាន ប្រសាសន៍រំលឹកដល់អាចារ្យ អាចារិនីទាំងអស់ ឱ្យយកចិត្តទុកដាក់ និងគោរពប្រតិបត្តិទៅតាម ទំនៀមទម្លាប់ និងជំនឿនៅតាមតំបន់មួយចំនួន ដែលប្រជាពលរដ្ឋ និងគ្រួសារខ្មែរយើងមួយចំនួននៅប្រតិបត្តិតាមនៅឡើយ។ អាចារ្យ អាចារិនី មិនត្រូវចាប់បង្ខំគេឱ្យគោរពតាមទាំងស្រុងនោះទេ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តនិងជំរុញដល់អាចារ្យ អាចារិនី ខិតខំយកចិត្តទុកដាក់ថត និងចងក្រង ឯកសារ គម្ពីរទាំងឡាយទាក់ទងនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរក្សាទុកសម្រាប់ ក្មេងជំនាន់ក្រោយ ក៏ដូចជាសម្រាប់ជាកេរដំណែល និងជាមរតកជាតិ និងសម្រាប់ផ្សព្វផ្សាយ។

ក្នុងរបបប៉ុល ពត ប្រទេសយើងបានបាត់បង់ក្បួនច្បាប់តម្រាស្ទើរទាំងស្រុង។ ក្រោយ ពេលប្រទេសជាតិយើងត្រូវបានរំដោះផុតពីរបប ប្រល័យពូជសាសន៍ហើយ គឺយើងបានខិតខំ ស្រាវជ្រាវប្រមូលចងក្រងរក្សាទុកនូវស្នាដៃ ទាំងឡាយ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាដែល អាចឱ្យយើងថតរក្សាទុកនូវឯកសារទាំងអស់ នោះទុកបានយូរអង្វែង”។

hun-sen8

ទំព័រហ្វេសប៊ុកដដែល បានសរសេរបន្តថា “សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំណូមពរ ដល់អាចារ្យ អាចារិនី ឱ្យមានសាមគ្គីល្អជាមួយ ចៅអធិការវត្ត ព្រះសង្ឃ អាជ្ញាធរដែនដី ដោយ មិនត្រូវប្រកាន់បក្សពួក ហើយអាចារ្យ អាចារិនី ត្រូវធ្វើជាបុគ្គលជាទីគោរព។ សព្វថ្ងៃនេះ វត្តអារាមមានច្រើន ការធ្វើបុណ្យទានកាន់តែច្រើន តម្រូវការអាចារ្យក៏កាន់តែច្រើន ដូច្នេះហើយ ទើបទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអាចារ្យ អាចារិនីនេះឱ្យមានចំណេះ- ដឹងខ្ពង់ខ្ពស់។ អាចារ្យ អាចារិនី ត្រូវបន្តពង្រីក ចំណេះដឹង និងខិតខំស្រាវជ្រាវក្បួនខ្នាត ដើម្បី រួមចំណែកកសាងឯកសារគោលសម្រាប់បោះពុម្ពផ្សាយជាប្រយោជន៍សង្គម និងត្រូវធ្វើគំរូ ល្អ ប្រកបដោយសីលធម៌ ចរិយាធម៌ល្អ ដើម្បី ចូលរួមទប់ស្កាត់អំពើហិង្សានៅក្នុងសង្គមជាតិ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោហ៊ុន សែន ជាប្រមុខដឹកនាំ បាននិង កំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងលើក- កម្ពស់គុណភាពអាចារ្យ អាចារិនី ដើម្បីរួមគ្នា ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែល ជាអត្តសញ្ញាណជាតិរបស់យើង ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថិរគង់វង្សយូរអង្វែង”៕

ដោយ ៖ ខៀវទុំ

RELATED ARTICLES