Tuesday, October 22, 2024
Homeសង្គម និងជីវិតម៉ែមកលេង ឈឺស្លាប់ កូនអត់លុយធ្វើបុណ្យ

ម៉ែមកលេង ឈឺស្លាប់ កូនអត់លុយធ្វើបុណ្យ

ខេត្តរតនគិរី ៖ ស្ត្រីវ័យចំណាស់ម្នាក់ ហេតុតែនឹករលឹកនឹងកូនប្រុស ២នាក់របស់ខ្លួន ដែលធ្វើចំណាក ស្រុកចេញ មកធ្វើការរកស៊ីនៅខេត្តឆ្ងាយ បាត់រាប់ឆ្នាំ ក៏បានស្កាត់ដំណើរមកលេងកូនៗ រួចក៏ស្នាក់នៅជាមួយកូន ជិត១ឆ្នាំ ស្រាប់តែមួយរយៈចុងក្រោយ ធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺទឹកនោមផ្អែម និងគ្មានលុយកាក់ព្យាបាលផង ក៏ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលកូនប្រុសទាំង២នាក់ ជាកម្មករ ទីទ័លក្រ គ្មានលទ្ធភាពរៀបចំ ធ្វើបុណ្យសពជូនម្តាយឡើយ។ សពស្ត្រីចំណាស់ខាងលើ ត្រូវបានបូជានៅវត្តភ្នំស្វាយ ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២២ ដោយស្ងាត់ៗ និងមានអ្នកជិតខាង ព្រមទាំងមិត្តភក្តិ ៤-៥ នា ក់ចូលរួម និងជួយជាថវិកាតិចតួចប៉ុណ្ណោះ ព្រោះថាកូនៗមិនមានលុយធ្វើបុណ្យជូនម្តាយឡើយ។

ស្ត្រីចំណាស់ដែលបានស្លាប់នោះ មានឈ្មោះហែម សន អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ តាម​សម្តីយុវជន​ឈ្មោះមឿង សុខហេង ត្រូវជាកូនរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែក នៅមុខឈា​បនដ្ឋាន ខណៈដែលកំពុងជូនដំណើរម្តាយជាលើកចុងក្រោយថា ដោយជីវភាពទីទ័លក្រពេកទើបពួកគេ២នាក់​បងប្អូន បានសម្រេចចេញពីស្រុកកំណើត មកធ្វើការនៅខេត្តរតនគិរី ដើម្បីបានប្រាក់កាសបន្តិច​បន្តួចផ្ញើទៅផ្គត់​ផ្គង់អ្នកម្តាយ ក៏ប៉ុន្តែដោយការនឹករលឹកកូន អ្នកម្តាយក៏មកលេងកូនទាំងពីរនាក់ នៅខេត្តរតនគិរី ជិតមួយឆ្នាំ​ហើ​យ​។

ស្រាប់តែប៉ុន្មានថ្ងៃមុននេះ គាត់ក៏បានធ្លាក់ខ្លួនឈឺដោយជំងឺទឹកនោមផ្អែម។ យុវជនរូបនេះ បន្តថា រូបគេនិងបង​ប្រុស បានយកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដែរ ប៉ុន្តែដោយកម្រិតជាតិស្ករក្នុងខ្លួន​ឡើងខ្ពស់រហូត​ដល់៦០០ គ្រូពេទ្យមិនអាចជួយបាន ទើបម្តាយរបស់ខ្លួនបានស្លាប់កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២២។ ក្រោយពេលម្តាយរបស់ខ្លួនបានស្លាប់ ត្រូវបានអ្នកជិតខាងជួយយកមកបូជានៅឈាបនដ្ឋានវត្តភ្នំស្វាយ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ចំណែកពួកខ្លួនទាំង២នាក់បងប្អូន ក្រីក្រខ្លាំងណាស់ ធ្វើការងារជាកម្មកររក​ព្រឹកខ្វះល្ងាច ហេតុនេះគ្មានលទ្ធភាពដើម្បីរៀបចំពិធី បុណ្យសពម្តាយ ឱ្យបានត្រឹមត្រូវនោះទេ។

ប្រជាពលរដ្ឋជាអ្នកភូមិ និងមិត្តភក្តិរបស់យុវជនទាំងនាក់ខាងលើ បានអំពាវនាវដល់សប្បុរសជនដែលមានសទ្ធា​ជ្រះថ្លា សូមជួយឧបត្ថម្ភ តាមរយៈលេខទូរស័ព្ទ ០៩៧ ៦៣៩៦៥៦៧ (លេខទូរស័ព្ទកូនប្រុស) ដើម្បីបានប្រាក់ធ្វើ​បុ​ណ្យ​​ជូន​កុសលជូនដល់អ្នកមានគុណ៕

RELATED ARTICLES