ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឪពុកចុងល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួន ដែលទើបនឹងមានវ័យ ១៣ឆ្នាំ បានសម្រេចម្តងរួចមកហើយ លុះញៀនញ៉ាម ឃើញប្រពន្ធកំពុងដេកលក់ ក៏លបលូនចូលមុងកូនស្រី រួចចាប់សើយសំពត់ បម្រុង រំលោភជាលើកទី២ ស្រាប់តែត្រូវប្រពន្ធភ្ញាក់ដឹងខ្លួនទាន់ ស្រែកឆោឡោ ប្តឹងសមត្ថកិច្ចចាប់អូសកប្តីចុងល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីឪពុកចុងចាប់រំលោភកូនស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
ជនសង្ស័យជាឪពុកចុងល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុន ពេជ្រ អាយុ៣៩ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះជាកូនចុង មានឈ្មោះ ព.ស.យ អាយុ១៣ឆ្នាំ មុខរបរសិស្ស។ ជនសង្ស័យ និងក្មេងស្រីរងគ្រោះ សព្វថ្ងៃស្នាក់នៅផ្ទះជុំគ្នា ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យជាឪពុកចុងខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះស៊ុន ពេជ្រ ត្រូវជាប្តីចុងរបស់ខ្លួន ថាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីឈ្មោះ ព.ស.យ រហូតដល់បានសម្រេចម្តងរួចមកហើយ លុះលើកទី២ ក៏ត្រូវគាត់ជាប្រពន្ធតាមទាន់។
លោកអធិការ បានបញ្ជាក់ថា ក្រោយពីទទួលបណ្តឹងពីស្ត្រីជាម្តាយ និងក្មេងស្រីរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានចុះទៅឃាត់ខ្លួនឈ្មោះស៊ុន ពេជ្រ ជាឪពុកចុង នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊ុន ពេជ្រ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ប្រាកដមែន លើកទី១ បានសម្រេច និងលើកទី២ ម្តាយនាងភ្ញាក់ទាន់ ហើយប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្តង។

ជនសង្ស័យបានសារភាពបន្តថា តាមពិត រូបគេធ្លាប់បានចាប់រំលោភកូនស្រីចុងបានសម្រេចម្តងរួចមកហើយ តែលើកទី២ នៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយឃើញថាប្រពន្ធរបស់ខ្លួនដេកលង់លក់ទៅហើយ ទើបខ្លួនបានលបបើកមុងកូនស្រី រួចចាប់សើយសំពត់ បម្រុងនឹងរំលោភទៅហើយ ស្រាប់តែប្រពន្ធភ្ញាក់ទាន់ ស្រែកឆោឡោទាំងយប់ និងប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយ៉េនឌ័រ បានបញ្ជាក់ថា ផ្អែកតាមបណ្តឹងរបស់ម្តាយ និងការបំភ្លឺពីក្មេងស្រីរងគ្រោះ ព្រមទាំងចម្លើយសារភាពជនសង្ស័យឈ្មោះស៊ុន ពេជ្រ កម្លាំងនគរបាល ជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី៕