ខេត្តស្វាយរៀង ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះស្ទាក់ឃាត់រថយន្តដឹកសត្វជ្រូករស់ ដោយមានការសង្ស័យនាំចូលពីប្រទេសវៀតណាម ដោយប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។

លោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា ករណីបង្ក្រាបនេះគឺស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Ssangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខ ព្រៃវែង 2A-0318 ដឹក

សត្វជ្រូករស់ចំនួន ១១៥ក្បាល ដោយសង្ស័យនាំចូលពីប្រទេសវៀតណាម ឆ្លងដែនមកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ដោយខុសច្បាប់ បម្រុងនឹងយកទៅចែកចាយនៅខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រោយពីត្រួតពិនិត្យសាកសួររួចមក លទ្ធផលគឺគ្មានច្បាប់អនុញ្ញាតនាំចូលឡើយ ដូច្នេះហើយទើបក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាង សត្វជ្រូករស់ចំនួន ១១៥ក្បាលនោះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធី។

លោកប៉ែន ចន្ធី បានឱ្យដឹងទៀតថា ជ្រូករស់ទាំង ១១៥ក្បាលនេះ មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការបូមឈាមយកសំណាកបញ្ជូនទៅអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីចូលមន្ទីរពិសោធន៍រករោគវិនិច្ឆ័យ។

រហូតមកដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ មន្ទីរទទួលបានលទ្ធផលពីក្រសួង គឺលទ្ធផលអវិជ្ជមាន (ជ្រូកមិនមានជំងឺនោះទេ) ជ្រូក មានសុខភាពល្អធម្មតា។ ហេតុនេះខាងលោកត្រូវធ្វើការផាកពិន័យតាមច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ លេខ១១៣ រួចប្រគល់ជ្រូកឱ្យ ម្ចាស់វិញ។
សូមបញ្ជាក់ថា ម្ចាស់ជ្រូក ត្រូវបានស្គាល់ឈ្មោះ សោម សារឿន មុខរបរអាជីវករ មានលំនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាអ្នកប្រកបមុខរបរជួញសត្វជ្រូករស់ ជាច្រើនឆ្នាំមកហើយ និងជាអ្នកនាំសត្វជ្រូករស់ ពីប្រទេសវៀតណាម ចូលមក ចែកចាយក្នុងខេត្តស្វាយរៀង និងរាជធានីភ្នំពេញ៕