ភ្នំពេញ ៈ ម្តាយកូន២នាក់ ទើបនឹងត្រឡប់មកពីលក់ឆាក្តៅនៅខាងមុខរោងចក្រ ជិះម៉ូតូដឹកគ្នាសណ្តោងរទេះឆាក្តៅ សំដៅទៅផ្ទះ ស្រាប់តែអកុសល ធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តទំនើប ១គ្រឿងបើកបរដោយបុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រាជោក បានបើក មកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនជាកូនប្រុស ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាម្តាយ រងរបួសយ៉ាងធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងកើតរោងចក្រអេសអិល (SL) ប្រហែល១០០ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនរងគ្រោះជាកូនប្រុសដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះ ធី ខែត អាយុ២៥ឆ្នាំ មានមុខរបរលក់ម្ហូបឆាក្តៅ នៅមុខរោងចក្រកាណាឌីយ៉ា។ ចំណែកស្ត្រីរងគ្រោះជាម្តាយដែលទទួលរងរបួសធ្ងន់ មានឈ្មោះណាង អាយុជាង៥០ឆ្នាំ

មុខរបរលក់ម្ហូបឆាក្តៅ នៅមុខរោងចក្រកាណា ឌីយ៉ា។ ទាំង២នាក់ម្តាយកូន ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុ។ ចំណែកបុរសជាអ្នកបើកបររថយន្តបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ម្តាយនិងកូនប្រុស ទើបនឹងត្រឡប់មកពីលក់ឆាក្តៅនៅខាងមុខរោងចក្រវិញ ដោយជិះម៉ូតូដឹកគ្នា សណ្តោងរទេះលក់ឆាក្តៅ ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿនល្មម លុះមកដល់ត្រង់ចំណុចកើត

ហេតុ ម៉ូតូសណ្តោងរទេះរបស់ជនរងគ្រោះ បានបត់ឆ្វេង បំណងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តទំនើប ១គ្រឿង ម៉ាក Lexus GX-470 ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-9788 បើកបរដោយ បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាជោក បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្លាំង រួចក៏ជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាម្តាយ រង

របួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ រីឯរថយន្ត បន្តទៅបុកបង្គោល ១ដើម ទើបទៅមុខលែងរួចតែម្តង។
បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្ត បានបើកទ្វាររថយន្តចេញមកក្រៅ ទាំងស្ថានភាពស្រវឹងជោក ដោយមិនរបួសនោះទេ ហើយក៏ត្រូវប្រជាពលរដ្ឋឃាត់ទុកប្រគល់ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ព្រមទាំងនាំខ្លួនអ្នកបើកបរថយន្ត ទៅសាកសួរផងដែរ។
ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕