ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមរយៈពេល២ខែ (ខែមករា និងខែកុម្ភៈ) ដើមឆ្នាំ២០២២ ក.ប.ប បានរកឃើញស្ថានីយ ដេប៉ូនានា ដែលមិនអនុលោមទៅនឹងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ (លក់ប្រេងអត់គ្រប់លីត្រ) ចំនួន ២៦៧កន្លែង ក្នុងចំណោមទីតាំង បានចុះត្រួតពិនិត្យ ទូទាំងប្រទេស ចំនួន ៧៦៨កន្លែង។
លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ មន្ត្រី ក.ប.ប បានចុះត្រួតពិនិត្យភាពអនុលោមទៅនឹងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូនានា នៅទូទាំងប្រទេស បានចំនួន ៧៦៨ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈ ចំនួន ២៦៧ ស្មើនឹង ៣៤,៧៦ភាគរយ ប្រកបអាជីវកម្មមិនសុចរិត។
លោកបន្តថា ដោយឡែក ក្នុងរយៈពេល ២ខែ ចុងឆ្នាំ២០២១ (វិច្ឆិកា និងធ្នូ) មន្ត្រី ក.ប.ប បានចុះត្រួតពិនិត្យភាពអនុលោមទៅនឹងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូនានា នៅទូទាំងប្រទេស បានចំនួន៦៦៣ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈ ចំនួន២៥៤ ស្មើនឹង ៣៨,៣១ភាគរយ ប្រកបអាជីវកម្មមិនសុចរិត។ បើប្រៀបធៀបជាមួយ រយៈពេលដូចគ្នានៃឆ្នាំ២០២១ (ពីរខែចុងឆ្នាំ) បទល្មើសពាក់ព័ន្ធនឹងអាជីវកម្មប្រេងឥន្ធនៈ មានការថយចុះ ចំនួន ៣,៥៥ភាគរយ។
ពាក់ព័ន្ធករណីអ្នកប្រកបអាជីវកម្មមិនសុចរិតនេះ លោកបានបញ្ជាក់ថា ក.ប.ប បានមើលអស់ ទើបសរុបពិនិត្យមើលទិន្នន័យលើកទី២ទៀត ហើយស្នើសុំគោលការណ៍របស់គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ បើមានកំហុសលើកទី៣ យើងនឹងមានវិធានការយ៉ាងម៉េច ដើម្បីអនុវត្តវិធានការពិន័យអន្តរការណ៍ ព្រោះជាបទល្មើស ដែលជាកំហុសទី១ ដើម្បីស្នើសុំឱ្យធុរជន ធ្វើការកែតម្រូវ។
សូមបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃ ៤៨០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា។ រីឯប្រេងម៉ាស៊ូត ថ្លៃ៤៥០០រៀលក្នុង ១លីត្រ។ ដោយឡែក ប្រេងស៊ុបពែរ ថ្លៃ ៥៣៥០រៀល ក្នុង១លីត្រ៕