ខេត្តសៀមរាប ៖ បុរសម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារប្រពន្ធរបស់ខ្លួន បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាម រួចចិត្តសឿង មិនរត់គេចខ្លួនទៅណាទេ បែរជាដើរចូលប៉ុស្តិ៍ប៉ូលិស សារភាពពីកំហុសរបស់ខ្លួន ដោយអះអាងថា មូលហេតុដែលខ្លួនដាច់ចិត្តសម្លាប់ប្រពន្ធចោល ដោយសារតែមិនពេញចិត្តជាមួយនឹងទង្វើរបស់ប្រពន្ធ ដែលមិនយកចិត្តទុកដាក់មើលថែម្តាយក្មេក (ម្តាយបង្កើតរបស់ជនសង្ស័យ)។
ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ ប្តីកាប់ប្រពន្ធដាច់កស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យជាឃាតករ ដែលកាប់សម្លាប់ប្រពន្ធខ្លួនឯង រួចចូលខ្លួនសារភាពនោះ មានឈ្មោះស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសៅ គឹមហៀង អាយុ៤២ឆ្នាំ មុខរបរលក់ដូរ។ ប្តីប្រពន្ធនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចក្នុងផ្ទះជនរងគ្រោះនិងជនសង្ស័យ ស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយជនសង្ស័យជាប្តី បានធ្វើសកម្មភាពយកកាំបិតប័ងតោ និងកូនកាំបិតមុខស្រួច ចាក់និងកាប់ចំកញ្ចឹងកប្រពន្ធរបស់ខ្លួន បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យមិនបានរត់គេចខ្លួនទៅណាទេ គឺបានចូលខ្លួនទៅសារភាពនៅប៉ុស្តិ៍នគរបាលតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តី ដែលកាប់សម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅនេះ បានឆ្លើយសារភាពថា មូលហេតុដែលនាំឱ្យខ្លួនឈានដល់ប្រព្រឹត្តអំពើឃាតកម្មលើប្រពន្ធបែបនេះ គឺដោយសារតែខ្លួនមានជំងឺប្រចាំកាយច្រើន ណាមួយមិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធដែលមិនយកចិត្តទុកដាក់មើលថែម្តាយក្មេក ដែលត្រូវជាម្តាយបង្កើតរបស់ខ្លួន (ជនសង្ស័យ)។
ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីសាកសួរបន្ថែម និងចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕