ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ បានដឹកគោចេញពីផ្ទះ ដើម្បីយកទៅឃ្វាលនៅវាលស្រែ ដូចសព្វដង លុះដល់រសៀលជ្រេបន្តិច ក៏បានដេញគោឱ្យត្រឡប់មកផ្ទះវិញ លុះខណៈដែលកំពុងដើរដេញគោ ស្រាប់តែសត្វគោនោះ បានជាន់ចំមីន ១គ្រាប់ បណ្តាលឱ្យផ្ទុះលាន់កក្រើក និងបង្កឱ្យក្មេងប្រុសរងគ្រោះ រងរបួសដាច់ខ្ទេចខ្លួន មើលលែងចង់ស្គាល់ រីឯសត្វគោ ក៏ដាច់ខ្ទេចជាបំណែកៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅត្រង់ ចំណុចក្បែរវត្តស្លាក ស្ថិតនៅឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ។
ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតដោយសារការផ្ទុះគ្រាប់មីននេះ មានឈ្មោះសឿន វ៉ាន់ស៊ីង អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើ ដឹកគោចេញទៅឃ្វាលនៅវាលស្រែដូចសព្វ ដងតាំងពីព្រឹកម៉្លេះ។ រហូតដល់ថ្ងៃរសៀលជ្រេបន្តិច ក្មេងប្រុសរងគ្រោះ ក៏បានដើរដេញពីក្រោយគោ ដើម្បីត្រឡប់ទៅផ្ទះវិញ លុះដល់ចំណុចកើតហេតុ សត្វគោបានដើរជាន់ចំមីន ១គ្រាប់ បណ្តាលឱ្យផ្ទុះកក្រើក និងបង្កឱ្យក្មេងប្រុសរងគ្រោះបានដាច់ខ្ទេចខ្លួនប្រាណដៃជើង ស្លាប់យ៉ាងអាណោចអាធ័ម រីឯសត្វគោ ក៏ដាច់ខ្ទេចជាបំណែកៗផងដែរ។
ជុំវិញហេតុការណ៍ខាងលើនេះ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានចូលរួមសោកស្តាយ និងមរណទុក្ខជាមួយគ្រួសារសពផងដែរ ដោយលោកបានលើកឡើងថា “នេះជាមរតកនៃសង្គ្រាម ដែលប្រជាពលរដ្ឋកម្ពុជា កំពុងឆ្លងកាត់ ជាមួយសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាមជាច្រើនទៀត ដែលស្ថិតនៅក្នុងទឹកដីសុវណ្ណភូមិ និងបន្តគំរាមកំហែងដល់សេចក្តីសុខ សុវត្ថិភាពប្រជាជនកម្ពុជា ឥតស្រាកស្រាន្តឡើយ ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាង ២០ឆ្នាំមកហើយក៏ដោយចុះ”។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានដឹកបញ្ជូនសពយកទៅប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕