ខេត្តកំពង់ធំ ៖ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមក្រោមទឹក បានចាប់ផ្តើមបោស សម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ នៅបាតទឹកស្ទឹងសែន ខេត្តកំពង់ធំ ក្នុងជម្រៅទឹកប្រមាណជិត ៥ម៉ែត្រ។
គ្រាប់បែកដែលត្រូវបានបោសសម្អាត និងស្រង់ចេញពីបាតស្ទឹងសែន ខេត្តកំពង់ធំ ខាងលើនេះ ជាប្រភេទគ្រាប់បែក MK82 ទម្លាក់ពីយន្តហោះ ដែលមានទម្ងន់រហូតដល់ទៅ ២៣០គីឡូក្រាមឯណោះ។
តាមប្រភពពីលោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ថា “នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ កំម្លាំងជំនាញបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក នៃអង្គភាពស៊ីម៉ាក់ បានបញ្ចប់កិច្ចប្រតិបត្តិការដោះបន្សាបគ្រាប់បែកប្រភេទ MK82 ទម្ងន់ជាង២៣០គីឡូក្រាម ទម្លាក់ពីយន្តហោះ ស្ថិតនៅបាតស្ទឹងសែន ខេត្តកំពង់ធំ ប្រកបដោយជោគជ័យ…”។
ជុំវិញករណីខាងលើនេះ មានប្រភពព័ត៌មានខ្លះថា មានចំនួន ២គ្រាប់ ប៉ុន្តែប្រភពខ្លះថា មានតែមួយគ្រាប់ប៉ុណ្ណោះ យ៉ាងណា កម្លាំងជំនាញ កំពុងពិនិត្យរុករកយ៉ាងលម្អិតបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ៕