Thursday, November 28, 2024
Homeព័ត៌មានជាតិក្មេងស្រីបាត់ខ្លួន រកឃើញសពអាក្រាត សង្ស័យករណីរំលោភសម្លាប់

ក្មេងស្រីបាត់ខ្លួន រកឃើញសពអាក្រាត សង្ស័យករណីរំលោភសម្លាប់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់ដែលបានធ្វើដំណើរទៅសាលារៀនតែម្នាក់ឯង ហើយបាត់ខ្លួនពេញ ១ថ្ងៃ ធ្វើឱ្យឪពុកម្តាយភ័យឆោឡោដើរតាមរក ឃើញតែកាបូបដាក់សៀវភៅ ត្រូវបានបោះប្លុងចោលក្នុងព្រៃនោះ រហូតមកដល់វេលាម៉ោង ៩យប់ ថ្ងៃដដែល ត្រូវបានសាច់ញាតិក្រុមគ្រួសារតាមរកឃើញហើយ ប៉ុន្តែអកុសល ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិតទៅហើយ ដោយសពមានសភាពអាក្រាតកាយ និងត្រូវបានកប់ក្នុងដីឡូត៍ទំនេរ ១កន្លែង ព្រមទាំងមានដុំថ្ម ១ផ្ទាំងធំ គ្របពីលើសពទៀតផង និងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យជំហានដំបូងថា ជាករណីឃាតកម្ម រំលោភសម្លាប់។

សពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានរកឃើញនៅវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង ចម្ងាយពីផ្ទះក្មេងស្រីរងេគ្រោះប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្មេងស្រីរងគ្រោះដែលត្រូវឃាតករមិនស្គាល់មុខរំលោភសម្លាប់យ៉ាងព្រៃផ្សៃនុះ មានឈ្មោះលួត លីហ្សា ហៅកន្ទ្រីត អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាទំនប់ក៥ មានឪពុកឈ្មោះសំ សាន្ត អាយុ៣១ឆ្នាំ ម្តាយឈ្មោះយាន ខេមរា អាយុ៣២ឆ្នាំ។ គ្រួសារមួយនេះ មានកូនស្រីចំនួន ២នាក់ក្នុងបន្ទុក ហើយក្មេងស្រីរងគ្រោះ គឺជាកូនច្បងក្នុងគ្រួសារ។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់ក៏មិនច្បាស់ថា កូនស្រីរបស់គាត់បាត់ខ្លួន តាំងពីម៉ោងប៉ុន្មានដែរ ដោយគាត់ដឹងត្រឹមថា កូនស្រីបានចេញពីផ្ទះមុនម៉ោង ៧ព្រឹក ទៅសាលាដូចសព្វមួយដង។ លុះដល់ម៉ោងជាង ១១ព្រឹក ដែលជាម៉ោង នាងតែងចេញពីរៀន ត្រឡប់មកផ្ទះវិញ បែរជាមិនឃើញកូនត្រឡប់ពីសាលាដូចពេលមុនៗ ក៏ទៅសាលាសាកសួរគ្រូ ស្រាប់តែអ្នកគ្រូប្រចាំថ្នាក់ ប្រាប់ថា មិនបានឃើញកូនស្រីរបស់គាត់មករៀនទេ ទើបដឹងនិងភ្ញាក់ផ្អើលបាត់កូនតែម្តង។

បន្ទាប់ពីបាត់កូនស្រីភ្លាមៗ  ម្តាយឪពុកក្មេងស្រីរងគ្រោះ រួមនិងអ្នកស្រុកភូមិ បាននាំគ្នាដើរតាមរកគ្រប់សព្វកន្លែងក្នុងភូមិ និងថែមទាំងបាននាំគ្នាចុះរាវប្រឡាយទឹកជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅសាលារៀនទៀតផង ក្រែងកូនស្រីចុះលេងទឹកលង់ តែមិនឃើញសោះ។ ស្រាប់តែក្រោយមក ក៏មានគេប្រទះឃើញកាបូបសៀវភៅ ត្រូវបានបោះចូលក្នុងព្រៃទន្ទ្រានខែត្រ ដែលគេសង្ស័យថា អាចជាស្នាដៃរបស់ជនណាម្នាក់ ព្រោះក្នុងកាបូបនោះ មានទាំងស្បែកជើងក្មេងស្រី ឯសៀវភៅក៏ឃើញកាត់ដាច់ជា២ ឯដបទឹកនិងសៀវភៅមានជាប់ស្មៅផងដែរ។

ក្រោយពីស្វែងរករហូតដល់ម៉ោង ៩យប់ ថ្ងៃដដែល ស្រាប់តែមានបុរសម្នាក់ ប្រទះឃើញ សពក្មេងស្រីរងគ្រោះ នៅក្នុងដីឡូត៍មួយកន្លែង ចម្ងាយពីផ្ទះប្រមាណជាង ២០០ម៉ែត្រ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលទាំងយប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា សពក្មេងស្រីរងគ្រោះ ក្រោយពីរកឃើញ ត្រូវបានរក្សាទុកកន្លែងកើតហេតុ ដោយមានកម្លាំងយាមកាមទល់ភ្លឺ  រហូតដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានបង្កើតជាគណៈកម្មការចម្រុះ ដើម្បីធ្វើកោសល្យវិច័យសព។

លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត មានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ករណីសពក្មេងស្រីខាងលើនោះ គឺជាករណីឃាតកម្ម តែមិនទាន់ដឹងច្បាស់ថា ជារឿងគំនុំ ឬជាអំពើរំលោភសម្លាប់នោះទេ ព្រោះក្រោយពេលប្រទះឃើញ សពមានសភាពអាក្រាតកាយ កប់ក្នុងដី។ ប៉ុន្តែសមត្ថកិច្ច បានពិនិត្យឃើញថា មានស្នាមបែកនៅផ្ទៃមុខ មើលស្ទើរតែមើលមិនយល់ ចំណែកចិញ្ចៀននិងក្រវិលនៅនឹងខ្លួន មិនមានបាត់បង់នោះទេ។

សពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងដុតដៃជើងធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងតាមចាប់ខ្លួនជនសង្ស័យជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES