Thursday, November 28, 2024
Homeព័ត៌មានជាតិសម្ងំជក់ថ្នាំញៀនក្នុងឡាន ស្លាប់ប្រុស២ ស្រី១ សន្លប់១

សម្ងំជក់ថ្នាំញៀនក្នុងឡាន ស្លាប់ប្រុស២ ស្រី១ សន្លប់១

ភ្នំពេញ ៖ មនុសប្រុសស្រីចំនួន ៤នាក់ បានជួបជុំគ្នាសម្ងំប្រើប្រាស់ថ្នាំញៀននៅក្នុងរថយន្ត ១គ្រឿង ដែលចតទុកនៅក្នុង ផ្ទះល្វែង ១កន្លែង លុះទំនងជាប្រើប្រាស់ថ្នាំញៀនហួសកម្រិត ទើបបណ្តាលឱ្យបុរស២នាក់ ស្លាប់នៅក្នុងរថយន្ត ចំណែកនារី ២នាក់ទៀត ស្ថិតក្នុងសភាពសន្លប់ទន់ខ្លួន និងត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងគ្មានលេខ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះទាំង២នាក់ ដែលដេកស្លាប់នៅក្នុងរថយន្ត ទី១-ឈ្មោះចំរើន ឆៃយ៉ា ហៅដូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅផ្ទះកន្លែងកើតហេតុ និងទី២-ឈ្មោះ ឡូវ ឆាយហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវបេតុង ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។ (សាកសពទាំង២នាក់ ត្រូវបានយកសំណាកពិនិត្យឃើញថា សុទ្ធតែអវិជ្ជមានជំងឺកូវីដ-១៩)។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8087 ដែលជារបស់ជនរងគ្រោះបានចតមុខផ្ទះ ប្រជាពលរដ្ឋនៅទល់មុខផ្ទះកើតហេតុ តាំងពី រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រហូតដល់ល្ងាចថ្ងៃដដែល ក៏មិនឃើញជនរងគ្រោះចេញមក និងបើកយករថយន្តចេញ ទើបប្រជាពលរដ្ឋដែលរស់នៅក្បែរខាង នាំគ្នាទៅគោះទ្វារផ្ទះកើតហេតុ ដើម្បីសួរនាំ ក៏មិនមានអ្នកឆ្លើយតប។ ដោយមានការសង្ស័យ ប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសាច់ញាតិ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឱ្យចុះមកផ្ទះកើតហេតុ ដើម្បីពិនិត្យ និងចាក់សោផ្ទះចូលមើល ក៏ស្រាប់តែឃើញជនរងគ្រោះប្រុសស្រី ៤នាក់ ដេកក្នុងរថយន្ត ១គ្រឿង ម៉ាកហាយឡេនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2178 ដែលកំពុងបញ្ឆេះចោល ទើបបើកទ្វារពិនិត្យឃើញថា មានបុរស ២នាក់ បានដាច់ខ្យល់ស្លាប់ទៅហើយ និងមានសារធាតុញៀន ១កញ្ចប់ក្បែរខ្លួនផងដែរ រីឯនារី ២នាក់ទៀត នៅមានដង្ហើម តែទន់ខ្លួនប្រាណជាខ្លាំង ក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

លោកអធិការខណ្ឌដង្កោ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកជិតខាងឆ្ងល់ថា ហេតុអ្វីជនរងគ្រោះបញ្ឆេះរថយន្តចោលនៅក្នុងផ្ទះ យូរម៉្លេះ ទោះជាហៅក៏មិនឮឆ្លើយ បន្ទាប់មក អ្នកជិតខាង ក៏បានទូរស័ព្ទទៅប្រាប់ស្ត្រីជាម្តាយជនរងគ្រោះ ឈ្មោះចំរើន ឆៃយ៉ា ហៅដូច ដើម្បីឱ្យ មកមើល។

លុះពេលដែលស្ត្រីជាម្តាយមកដល់ ក៏បានចាក់សោទ្វារផ្ទះ ចូលទៅមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ ឈ្មោះចំរើន ឆៃយ៉ា បានស្លាប់ក្នងរថយន្តម៉ាកហាយឡែនដឺរ ស្លាកលេខ ភ្នំពេញ 2AM-2178 ពណ៌ទឹកប្រាក់ ដែលកំពុងបញ្ឆេះចោល ជាមួយមនុស្សប្រុសម្នាក់ទៀត ឈ្មោះឡូវ ឆាយហុង) ស្លាប់ជិតគ្នានៅកៅអីខាងក្រោយ និងមាននារី ២នាក់ទៀត ក្នុងលក្ខណៈសន្លប់ ក៏បានហៅគ្នីគ្នាយកនារី ២នាក់ ដែលសន្លប់ យកទៅសង្គ្រោះនៅគ្លីនិកព្យាបាល ម្លិះដង្កោ តែម្តង។

លោកអធិការ បានបញ្ជាក់ថា តាមការសន្និដ្ឋានវាយតម្លៃ តាមរយៈការពិនិត្យ និងវិភាគជុំវិញកន្លែងកើតហេតុ និងការធ្វើកោសល្យវិច័យសព របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះទាំងពីរនាក់ ស្លាប់បណ្តាលមកពីគាំងបេះដូង អាចបណ្តាលមកពីប្រើប្រាស់សារធាតុញៀន មេតំហ្វេតាមីន និងអំហ្វេតាមីន ហួសកម្រិត ។

សពបុរសទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES