ភ្នំពេញ៖យ៉ាន់ លីនដា បាននាំកូនស្រីដែលពេញវ័យក្រមុំទៅហើយដែលមានឈ្មោះថាសំអូន វិថាណា មកខ្មែរសារជាថ្មីដោយនាងអះអាងថាការមកលើកនេះមានរយៈពេល៤សប្ដាហ៍ដើម្បីចូលរួមមង្គលការមិត្តសម្លាញ់នោះគឺតារាសម្ដែងទឹម រដ្ឋា ដែលធ្វើនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ខាងមុខនេះ។អ្នកនាងលីនដា បានប្រាប់”នគរធំ”ថាអ្នកនាងបានខកខានមកខ្មែរអស់រយៈពេល៥ទៅ៦ឆ្នាំហើយ គឺទើបតែលើកនេះត្រូវតែមកបើទោះជាកូវីដមិនទាន់ស្ងាត់ក្ដី តែនាងមានភារកិច្ចចាំបាច់១ដែលមិនអាចអាកខានបាននោះគឺមកចូលរួមមង្គលការទឹម រដ្ឋា នេះឯងព្រោះរាប់អានគ្នាជាយូឆ្នាំមកហើយ។អ្នកនាងលីនដា បន្ថែមថារយៈពេលជិត១ខែនេះបើមានការងារសិល្បៈណាដែលអាចឆ្លៀតធ្វើបាននាងនឹងទទួល ព្រោះថាចិត្តនៅតែស្រលាញ់សិល្បៈ ហើយក្រោយចេញពីខ្មែរនាងនឹងបង្ហួសទៅអាមេរិករយៈពេល៦សប្ដាហ៍ដើម្បីច្រៀងសម្ដែងនៅទីនោះអបអរពិធីចូលឆ្នាំខ្មែរហើយពេលចប់ការងារនោះអ្នកនាងនឹងវិលទៅអូស្រា្ដលីវិញ។អ្វីដែលគូរឲ្យកត់សម្គាល់នោះអ្នកនាងលីនដា ថាការច្រៀងសម្ដែងនៅអាមេរិករបស់នាងលើកនេះគឺក្រៅពីមានដៃគូជាតារាចម្រៀងជាច្រើនដួងនោះនាងក៍ត្រូវច្រៀងដោយចាប់ដៃគូជាមួយកូនស្រីរបស់នាងផ្ទាល់តែម្ដងទាំងបទខ្មែរនិងបរទេស។


អ្នកនាងយ៉ាន់ លីនដា បានឲ្យដឹងដែរថាពេលនេះរឿងស្នេហាដ៍ចម្រូងចម្រាសរបស់នាងជាមួយលោកយ៉ែម សំអូន គឺដាច់ស្រាច់ និងចប់គ្នាអស់ទៅហើយ តែពេលមកខ្មែរនេះបើមានក្រុមហ៊ុនណាទាក់ទងឲ្យនាងធ្វើការងារសិល្បៈជាមួយលោកសំអូន នោះនាងនឹងពិចារណាជាមុនសិន។ដោយឡែកកញ្ញាសំអូន វិថាណា និយាយថាមុនចេញទៅបរទេសវិញនាងក៍មានគម្រោងទៅជួបជាមួយឪពុករបស់នាងគឺលោកយ៉ែម សំអូន ផ្ទាល់ផងដែរ ទោះជាពេលនេះម្ដាយនិងឪពុកនាងបែកបាក់គ្នាក្ដី។

អ្នកនាងយ៉ាន់ លីនដា មិនមានគម្រោងវិលត្រឡប់មកប្រឡូកក្នុងអាជីពសិល្បៈនៅខ្មែរវិញសារជាថ្មីវិញនោះទេ ដោយក្រោយចូលរួមមង្គលការទឹម រដ្ឋា និងទៅច្រៀងសម្ដែងនៅអាមេរិកចប់អ្នកនាងនិងកូនស្រីនឹងវិលត្រឡប់ទៅរស់នៅអូស្រា្ដលីវិញ។

ទាក់ទងសំណួរថាតើពេលនេះអ្នកនាងយ៉ាន់ លីនដា មានគូស្នេហ៍ថ្មីឬនៅនោះនាងឆ្លើយដោយមិនបញ្ជាក់ច្បាស់លាស់នោះទេ ដោយគ្រាន់តែថាបច្ចុប្បន្នអ្នកនាងកំពុងតែមានអារម្មណ៍ល្អ។ការបង្ហើបបែបនេះអាចជាសញ្ញាថាអ្នកនាងលីនដា មានអ្នកយល់ចិត្តហើយ។

គូរបញ្ជាក់ថាយ៉ាន់ លីនដា បានប្រកាសលែងលះលោកយ៉ែម សំអូន កាលពីឆ្នាំ២០១៥ ក្រោយមានព័តមានថាអ្នកនាងលីនដា ចាប់បានភស្ដុតាងលោកសំអូន មានស្នេហាជាមួយតារាប្រុសម្នាក់ ដោយនាងថាបើប្ដីមានស្រីអាចចរចារគ្នាបានតែបើមានប្រុសអត់លើកលែងទោសឲ្យជាដាច់ខាត។តែជុំវិញដំណឹងលោកសំអូន ស្រលាញ់ប្រុសទើបប្រពន្ធលោកសុំលែងនោះត្រូវបានលោកបដិសេធជាបន្ដបន្ទាប់ តែលោកមិនប្រាប់ហេតុផលពិតដែលនាំឲ្យប្រេះឆាឡើយ៕

