Thursday, November 28, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធចេញរកស៊ី២ថ្ងៃ ក្រឡាប់រ៉ឺម៉កម៉ូតូ របួសធ្ងន់

ប្តីប្រពន្ធចេញរកស៊ី២ថ្ងៃ ក្រឡាប់រ៉ឺម៉កម៉ូតូ របួសធ្ងន់

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងទិញរ៉ឺម៉កម៉ូតូបាន២ថ្ងៃ ជិះដឹកសម្លៀកបំពាក់ និងសម្ភារៈគ្រប់មុខ ដើរលក់ចល័ត ស្រាប់តែទំនងជាបុរសជាប្តីមិនទាន់ចេះបើកស្ទាត់ជំនាញផង ណាមួយយប់ងងឹត មើលផ្លូវមិនសូវច្បាស់ផង ទើបបណ្តាលឱ្យរេចង្កូតម៉ូតូធ្លាក់ចូលប្រឡាយទឹក ក្រឡាប់ផ្ងារជើងឡើងលើ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧និង៣៥នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រ៉ឺម៉កម៉ូតូដឹកសម្លៀកបំពាក់ដែលក្រឡាប់នេះ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ បើកបរពីខាងជើងទៅខាងត្បូង។ ចំណែកម្ចាស់រ៉ឺម៉ក មានឈ្មោះឆាន់ សារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ រីឯស្ត្រីជាអ្នករួមដំណើរម្នាក់ទៀត ត្រូវជាប្រពន្ធរបស់ម្ចាស់រ៉ឺម៉ក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូដឹកសម្លៀកបំពាក់ខាងលើ ដែលមានបុរសជាប្តីជាអ្នកបើកម៉ូតូ ចំណែកស្ត្រីជាប្រពន្ធ អង្គុយខាងក្រោយ បានធ្វើដំណើរក្នុងទិសិដៅពីជើងទៅត្បូង លុះពេលមកដល់ចំណុចខាងលើ មិនដឹងថាមកពីមូលហេតុអ្វី ស្រាប់តែម៉ូតូបានរេចង្កូតទៅខាងស្តាំដៃ ធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង។ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់នេះ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ ហើយភ្លាមៗនោះជនរងគ្រោះ ត្រូវបានអ្នកឃើញហេតុការណ៍ ជួយដឹកតាមរ៉ឺម៉ក យកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយក្បែរនោះ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទៅដល់ ហើយទាក់ទងទៅសាច់ញាតិក្រុមគ្រួសារ និងទាក់ទងហៅរថយន្តសន្ទូច មកស្ទូចរ៉ឺម៉កម៉ូតូចេញពីកន្លែងកើតហេតុ។

ប្រភពព័ត៌មានមួយទៀត បានឱ្យដឹងថា ជនរងគ្រោះទើបតែទិញរ៉ឺម៉កនេះបាន ២ថ្ងៃប៉ុណ្ណោះហើយបានបើកដើរលក់សម្លៀកបំពាក់ ទាំងមិនទាន់ចេះបើកស្រួលបួលនៅឡើយទេ ទើបរេចង្កូតធ្លាក់ចូលប្រឡាយទឹកបែបនេះ៕

RELATED ARTICLES