Thursday, November 28, 2024
Homeព័ត៌មានជាតិប្រុសស្នេហ៍សុំបែក ស្រីជ្រមុជទឹកសម្លាប់ខ្លួន

ប្រុសស្នេហ៍សុំបែក ស្រីជ្រមុជទឹកសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ នារីវ័យក្មេងម្នាក់ ហេតុតែមានវិបត្តិស្នេហារឿងសង្សារសុំបែកចែកផ្លូវគ្នា ក៏ធ្វើឱ្យឈឺចិត្តស្អិតទ្រូង លែងចង់រស់នៅតទៅទៀត រួចក៏បានដើរចុះទឹក សម្លាប់ខ្លួន បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលគ្មានអ្នកប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលនោះឡើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ២និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចរមណីយដ្ឋានអូរមាន ស្ថិតក្នុងភូមិជាំផល ឃុំជ័យ ស្រុកសណ្តាន់។

នារីដែលធ្វើអត្តឃាតដោយជ្រមុជទឹកសម្លាប់ខ្លួននោះ មានឈ្មោះគា សុឃឹះ អាយុ១៧ឆ្នាំ មានលំនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ។

តាមសម្តីស្ត្រីឈ្មោះគា ឃីម អាយុ៣២ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ២និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ខណៈដែលរូបនាងកំពុងអង្គុយលេងនៅផ្ទះ ស្រាប់តែប្អូនស្រី ឈ្មោះគា សុឃឹះ (នារីរងគ្រោះ) បានទូរស័ព្ទមកប្រាប់នាងថា “មកយកខ្ញុំនៅអូរមានផង ខ្ញុំពិបាកចិត្តខ្លាំងណាស់ សម្លាប់ខ្លួនឥឡូវហើយ…” ឮបែបនេះ ខ្លួនក៏សួរទៅប្អូនស្រីថា “តើមានរឿងអ្វី?” នាងក៏បានឆ្លើយថា “ខ្ញុំខូចចិត្តរឿងស្នេហា…” និយាយរួច នាងក៏បានចុចបិទទូរស័ព្តភ្លាមតែម្តង។

បងស្រីរបស់នារីរងគ្រោះ បានបន្តថា បន្ទាប់ពីប្អូនស្រីបិទទូរស័ព្ទហើយ នាងក៏ព្យាយាមទូរស័ព្ទទៅប្អូនស្រីវិញដែរ ប៉ុន្តែមិនអាចទាក់ទងបាន ទើបប្រញាប់ប្រាប់បងប្អូន ឱ្យជួយតាមរកប្អូន នៅកន្លែងលេងទឹក (រមណីយដ្ឋានអូរមាន) តែម្តង។ ពេលទៅដល់អូរមាន នាងក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដែរ លុះពេលសមត្ថកិច្ចចុះមកជួយរក  នៅក្នុងទឹក ក៏ប្រទះឃើញប្អូនស្រីមែន ប៉ុន្តែអកុសល នាងបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ កម្លាំងជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល ជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងគ្រូពេទ្យ បានចុះពិនិត្យដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពមានសភាពប៉ោងពោះ ហូរពពុះទឹកលាយឈាម ពណ៌ក្រហមព្រឿងៗតាមច្រមុះ ក្រៅពីនេះ មិនមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងឃាតកម្មឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា នារីរងគ្រោះខាងលើ ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES