Thursday, November 28, 2024
Homeព័ត៌មានជាតិប្រុសក្មេងរំលោភស្រីចាស់អត់បាន កាន់កាំបិតមក​គំរាមសម្លាប់

ប្រុសក្មេងរំលោភស្រីចាស់អត់បាន កាន់កាំបិតមក​គំរាមសម្លាប់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងសម្រាន្តលង់លក់នៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខ​ជនសង្ស័យជាមនុស្សម្នាក់ បានលបចូលទៅប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ដោយសារស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួន​ទាន់ ស្រែកឆោឡោហៅគេឯងជួយ ធ្វើឱ្យជនសង្ស័យភ័យ រត់គេចបាត់ លុះក្រោយមក ដោយសារតែខឹងចាប់រំលោភស្ត្រី​ចំណាស់មិនបាន ជនសង្ស័យបានកាន់កាំបិតមកគំរាមសម្លាប់ ធ្វើឱ្យស្ត្រីរងគ្រោះភ័យខ្លាច រត់ទៅប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅវេលាម៉ោង ២រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកពួក។

ជនសង្ស័យដែលចាប់រំលោភស្ត្រីចំណាស់មិនបាន បែរជាយកកាំបិតមកគំរាមសម្លាប់ ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឈី សិទ្ធ អាយុ២៧ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ មានលំនៅ ភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកពួក។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ដ.ដ អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ មានជំងឺប្រចាំកាយ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ ដ.ដ ដោយបានប្តឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ មានជនសង្ស័យឈ្មោះឈី សិទ្ធ ជាមនុស្សមានសតិមិនពេញលេញ បម្រុងចាប់រំលោភរូបគាត់ ពេលគាត់កំពុងដេកលង់លក់ តែមិនបានសម្រេច ដោយសារគាត់បានដឹងខ្លួនទាន់ និងស្រែកឱ្យអ្នកជិតខាងជួយ ធ្វើឱ្យជនសង្ស័យឈ្មោះសិទ្ធ ភ័យ ក៏បានរត់គេចខ្លួនបាត់។

ពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ បានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ គាត់មិនបានប្តឹងផ្តល់នោះទេ ដោយគិតថា ជននេះជាមនុស្សសតិមិនគ្រប់ ណាមួយខ្លាចនាំឱ្យបែករឿង ខ្មាសគេផង ប៉ុន្តែរឿងមិនអាចចប់ ឬលើកលែងបាន គឺចាប់ពីពេលនោះមក ឈ្មោះសិទ្ធ តែងតែយកកាំបិតគំរាមសម្លាប់រូបគាត់ជាបន្តបន្ទាប់ ទើបធ្វើឱ្យរូបគាត់រភ័យខ្លាច មិនហ៊ានចូលផ្ទះ។ ហេតុនេះទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចជួយចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចស្រុកថ្មពួក និងអាជ្ញាធរភូមិ-ឃុំ បានឱ្យដឹងថា ជនសង្ស័យឈ្មោះឈី សិទ្ធ មានសតិមិនសូវគ្រប់ ចេះតែបង្កបទល្មើសក្នុងមូលដ្ឋានរស់នៅមិនឈប់ ដោយធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ជិះទៅផ្លុងចោល គាស់ផ្ទះរបស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ រហូតដល់ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក៏បានដាក់ពាក្យបណ្តឹងទៅនគរបាលស្រុកថ្មពួក ឱ្យជួយចាត់ការទៅលើជននេះតែម្តង។

ក្រោយពីបានទទួលពាក្យប្តឹងជាច្រើនពីប្រជាពលរដ្ឋបែបនេះ កម្លាំងនគរបាល ក៏បានចុះឃាត់ខ្លួនជនសង្ស័យ ហើយបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ហើយនៅរសៀលថ្ងៃទី១២ ខែមីនា ត្រូវបានការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

RELATED ARTICLES