ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនសង្យ័យម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធពីបទប៉ុនប៉ងកំហែងយក ក្នុងការប្រឌិតរឿងចង់បានប្រាក់។
ជនសង្ស័យខាងលើនេះ មានឈ្មោះឃី ឆៃណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នករកស៊ី មានស្រុកកំណើតនៅខេត្តកោះកុង និងមុនចាប់ខ្លួន ស្នាក់នៅផ្ទះលេខ៥ ផ្លូវ 31BT ស្ថិតក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជននេះត្រូវបានដាក់ឱ្យនៅក្រោមការពិនិត្យពីបទ ប៉ុនប៉ងកំហែកយក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដែលបទល្មើសនេះ មានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា៣៦៣ មាត្រា៣៦៤ និងមាត្រា៣៧០ នៃក្រមព្រហ្មទណ្ឌ។
ចំណែកដើមចមបណ្តាលឱ្យមានការឃុំខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុន “សម្រស់ធម្មជាតិ”។
តាមពាក្យបណ្តឹង ក៏ដូចជាចម្លើយរបស់ជនសង្ស័យ ត្រូវបានគេដឹងថា ឈ្មោះ ឃី ឆៃណា បានរងនូវបណ្តឹងរបស់ឈ្មោះឈាង រ័ត្ន ជាម្ចាស់ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ដែលបានប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធក្នុងការបង្កើតព័ត៌មានមួយថា មានគេព្យាយាមប៉ុនប៉ងធ្វើឃាតទៅលើជនរងគ្រោះ និងក្រុមគ្រួសារ។ ការប្រឌិតរឿងនេះ បានធ្វើឡើងដោយមានចេតនា ដើម្បីឱ្យជនរងគ្រោះ និងក្រុមគ្រួសារ មានការភ័យខ្លាច ដើម្បីផ្តល់ប្រាក់ទៅឱ្យជនសង្ស័យយកទៅដោះស្រាយបញ្ហាជីវភាព ពុំមានបំណងអាក្រក់លើសពីនេះទេ។
គួរបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានបង្កើតហ្វេសប៊ុក និងតេឡេក្រាម ដោយដាក់ឈ្មោះ Khy Chains ដើម្បីឆាតទាក់ទងទៅជនរងគ្រោះ ប៉ុន្តែមិនអាចទាក់ទងបាន។ លុះនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យក៏បានផ្ញើសារជាសំឡេង ចូលទៅតេឡេក្រាមរបស់ឈ្មោះពាក់មី ជាអ្នកចែកចាយឱ្យដើមបណ្តឹងជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានខ្លឹមសារថា មានគេប៉ុនប៉ងធ្វើបំណងអាក្រក់ទៅលើក្រុមគ្រួសាររបស់លោកស្រីនួន សុន្ទរី ហៅស្រីអូន ហើយម្ចាស់សារនោះ គឺចង់ជួបស្រីអូន ផ្ទាល់.
បន្ទាប់មកក៏មានលេខទូរស័ព្ទមួយ បានតេចូលលេខជនសង្ស័យ ដោយចង់ដឹងព័ត៌មានលម្អិតពីការប៉ុនប៉ងអាក្រក់ពីជនទុច្ចរិតនោះ តែត្រូវជនសង្ស័យមិនឱ្យជួប និងបានណាត់ម្ចាស់លេខទូរស័ព្ទជួបគ្នា គឺចង់ជួបតែឈ្មោះឈាង រ័ត្ន (ស្វាមីរបស់លោកស្រី ស្រីអូន) តែប៉ុណ្ណោះ ។ លុះដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ម្ចាស់លេខទូរស័ព្ទថ្ងៃមុន បានតេទៅជនសង្ស័យម្តងទៀត ដោយបានបញ្ជាក់ថា គេឈ្មោះតុលា ជាជំនួយការលោកឈាង រ័ត្ន សុំណាត់ជួបជនសង្ស័យនៅកន្លែងណាក៏បាន ដើម្បីជជែកគ្នាពីព័ត៌មានការប៉ុនប៉ងអាក្រក់នោះ។
ក្រោយមកឈ្មោះ តុលា និងជនសង្ស័យ បានណាត់គ្នាជួបនៅភោជនីយដ្ឋានមួយកន្លែង ម្តុំបុរីចម្ការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពេលជួបគ្នានោះ ជនសង្ស័យក៏បានប្រាប់ទៅឈ្មោះតុលា ថា មានគេប៉ុនប៉ងធ្វើឃាតទៅលើឈ្មោះឈាង រ័ត្ន និងក្រុមគ្រួសារ ដែលរឿងនេះ បានលេចធ្លាយចេញពីមិត្តភក្តិគេ (ជនសង្ស័យ) ជាអ្នកបើកបររថយន្ត បើចង់ដឹងព័ត៌មានលម្អិត ចាំគេទៅសួរឱ្យ។ បន្ទាប់មកជនសង្ស័យ ក៏បានទាក់ទងឈ្មោះតុលា ណាត់ជួបគ្នាម្តងទៀត ពេលនោះជនសង្ស័យថា បើចង់ដឹងរឿងហ្នឹង ទាល់តែឱ្យគេ ៥ម៉ឺនដុល្លារសិន បានគេប្រាប់ ទើបភាគីខាងជនរងគ្រោះបានដកឃ្លាពិចារណាឡើងវិញ។
លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីរបានណាត់ជួបគ្នានៅភោជនីយដ្ឋាន ស៊ុបម្រះ ស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនោះក៏ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅធ្វើការសាកសួរតែម្តង។
យោងតាមពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យ ពិតមានភាពស៊ីសង្វាក់ពាក់ព័ន្ធបទល្មើសដែលជនសង្ស័យចង់បានប្រាក់ ដើម្បីដោះស្រាយជីវភាពចិញ្ចឹមគ្រួសារ ទើបប្រឌិតរឿងនេះឡើង រហូតជាប់ចោទពីបទប៉ុនប៉ងកំហែកយក និងចុងក្រោយត្រូវបានជាប់ពន្ធនាគារតែម្តង៕