Thursday, November 28, 2024
Homeព័ត៌មានជាតិណាត់សង្សារក្មេងរួមរ័ក ម៉ែស្រីប្តឹង ប្រុសរត់បាត់

ណាត់សង្សារក្មេងរួមរ័ក ម៉ែស្រីប្តឹង ប្រុសរត់បាត់

ខេត្តពោធិ៍សាត់ ៖ យុវជនឈាមរាវម្នាក់ បានលួចលាក់ទាក់ទងស្នេហាជាមួយនឹងក្មេងស្រីជាអនីតិជនម្នាក់ មួយរយៈមកហើយ លុះក្រោយមកបានលួងលោមណាត់ជួបសង្សារក្មេង រួចក៏ល្បួងចូលផ្ទះសំណាក់ រួមរ័កគ្នារហូតដល់បានសម្រេច លុះម្តាយខាងស្រីដឹង ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែត្រូវខាងប្រុសដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់។

ករណីល្បួងក្មេងស្រីរួមភេទក្នុងផ្ទះសំណាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១១នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ “ថ្មដាចម្ការទុរេន” ស្ថិតតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។

ជនសង្ស័យដែលល្បួងកូនស្រីគេឡើងផ្ទះសំណាក់រួមរ័កនោះ មានឈ្មោះណា ផាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ម.ដ.ណ ទើបនឹងមានវ័យ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ មានស្ត្រីវ័យ៤០ឆ្នាំម្នាក់ រស់នៅនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ត្រូវជាម្តាយបង្កើតរបស់ក្មេងរសីរងគ្រោះ  បានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដា ថាកាលពីវេលាម៉ោង ១១និង១១នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កូនស្រីរបស់គាត់ឈ្មោះ ម.ដ.ណ អាយុ១៤ឆ្នាំ (ក្មេងស្រីរងគ្រោះ) ត្រូវបានជនសង្ស័យឈ្មោះណា ផាន់ បាននិយាយលួងលោមរួមភេទបានសម្រេចនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “ថ្មដាចម្ការទុរេន” ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ បន្ទាប់ពីកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចស្រុកវាលវែង បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់សាវតារជាតិជនសង្ស័យ ដើម្បីតាមចាប់ឃាត់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES