Thursday, November 28, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកសន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ​ការងារឆ្នាំ២០២២

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកសន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ​ការងារឆ្នាំ២០២២

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានឱ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះ​ការងារអភិវឌ្ឍន៍ជនបទ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងបណ្តាគោលបំណង គោលនយោបាយអភិវឌ្ឍន៍ជនបទនានា ប៉ុណ្ណោះទេ រាជរដ្ឋាភិបាលថែមទាំងបានធ្វើអន្តរាគមន៍ទាំងផ្នែកសុខាភិបាល សង្គម និងសេដ្ឋកិច្ចសំដៅជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃនៃគ្រួសារក្រីក្រដែលភាគច្រើនជាកសិករ និងកម្មករ រស់នៅតំបន់ជនបទ ព្រមទាំងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបណ្ឌិត បន្តថា ប្រការនេះ បាននិងកំពុងធ្វើឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យពិសេស ធ្វើឱ្យស្ថានភាពជនបទកម្ពុជា មានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ និងបាននិងកំពុងរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនជនបទ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ បានបញ្ជាក់ថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោល​បំណងគោលនយោបាយចម្បង គឺ “ការលើកកម្ពស់គុណភាពនិងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានកំណត់យកសរសរស្តម្ភ៤ ដើរតួជាកម្មវិធីអាទិភាព គឺ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍។ ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ។ ៣- ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៕​

RELATED ARTICLES