Thursday, November 28, 2024
Homeព័ត៌មានជាតិប្តីទាញកៅអីវ៉ៃប្រពន្ធ ត្រូវកូនស្រីស្លាប់

ប្តីទាញកៅអីវ៉ៃប្រពន្ធ ត្រូវកូនស្រីស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះវិញ ក៏បង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ តែប្រពន្ធខ្ជិលមានរឿងវែងឆ្ងាយ ក៏បីកូនស្រីតូច អាយុទើបនឹង១ខួប៧ខែ ចូលទៅដេកមុន ស្រាប់តែប្តីកំណាចឆេះឆួលកំហឹងកាន់តែខ្លាំង ក៏ទាញកៅអីជ័រ វាយសំពងប្រពន្ធដែលកំពុងដេកក្បែរកូនស្រី បែរជាត្រូវចំសៀតផ្កាកូនស្រី រងរបួសយ៉ាងធ្ងន់ ចំណែកប្រពន្ធ រងរបួសស្រាល លុះក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ កូនស្រីក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទីបំផុតឪពុកកំណាច ក៏ត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីកំណាចទាញកៅអីវាយប្រពន្ធ បែរជាត្រូវកូនស្រីតូច បណ្តាលឱ្យស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

បុរសជាប្តីកំណាចដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលួស ធំ អាយុ២៨ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះខន ខួច អាយុ៣៨ឆ្នាំ មុខរបរកសិករ។ ដោយឡែក កូនស្រីដែលបាត់បង់ជីវិត មានឈ្មោះលួស ស្រីនី ទើបនឹងមានអាយុ ១ខួប៧ខែ ប៉ុណ្ណោះ។ ក្រុមគ្រួសារមួយនេះ មានលំនៅ ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីកំណាចខាងលើ បានចេញទៅផឹកស៊ីនៅផ្ទះរបស់ឈ្មោះ ស្រេត ភេទប្រុស ជាមិត្តភក្តិ រស់នៅភូមិជាមួយគ្នា យ៉ាងសប្បាយក្អាកក្អាយ។ លុះក្រោយពីផឹកស្រវឹងជោក សប្បាយអស់ចិត្ត ក៏វិលត្រឡប់មកផ្ទះវិញ ហើយគ្រាន់តែមកដល់ផ្ទះភ្លាម ជនសង្ស័យក៏បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង ចំណែកស្ត្រីជាប្រពន្ធ ឃើញប្តីស្រវឹងជោកទៅហើយ ណាមួយមិនចង់មានរឿងវែងឆ្ងាយផង ទើបបីកូនស្រីតូច ទៅដេកនៅក្នុងមុងមុនទៅ។

ប្រភពដដែល បន្តថា ចំណែកបុរសជាប្តី នៅពេលឃើញប្រពន្ធចូលមុងដេកបាត់បែបនេះ ក៏ឆេះឆួលកំហឹងកាន់តែខ្លាំង រហូតដល់ស្ទុះទៅទាញកៅអីជ័រ វាយសំពងទៅលើប្រពន្ធដែលកំពុកដេកជាមួយកូនស្រី បណ្តាលឱ្យត្រូវកូនស្រីរបស់ខ្លួនដែលទើបនឹងមានអាយុ ១ខួប៧ខែ ១កៅអី ចំសៀតផ្កាខាងស្តាំ រងរបួសយ៉ាងធ្ងន់ រីឯស្ត្រីជាម្តាយ របួសស្រាល។

ភ្លាមៗនោះស្ត្រីជាម្តាយ ក៏ប្រញាប់ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តនៅ​មន្ទីពេទ្យខេត្តសៀមរាប ភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ទើបក្មេងស្រីរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនជនកំណាចជាប្តី បញ្ជុនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកៅអីវាយប្រពន្ធមែន ដោយគោលបំណងវាយតែប្រពន្ធប៉ុណ្ណោះ តែបែរជាត្រូវកូនស្រីដែលកំពុងដេកក្បែរម្តាយ ចំសៀតផ្កា បណ្តាលឱ្យស្លាប់បែបនេះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES