Thursday, November 28, 2024
Homeព័ត៌មានជាតិប្រពន្ធចោទមានស្រី ប្តីចងកបញ្ជាក់ចិត្តស្មោះ

ប្រពន្ធចោទមានស្រី ប្តីចងកបញ្ជាក់ចិត្តស្មោះ

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ បានចូលធ្វើការនៅក្នុងកាស៊ីណូមួយកន្លែង លុះធ្វើការយូរៗទៅ ភាគីស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានចិត្តប្រចណ្ឌ ចោទថាប្តីមានទំនាក់ទំនងជាមួយស្រីថ្មី ទោះជាប្តីព្យាយាមពន្យល់បកស្រាយយ៉ាងណាក៏មិនខ្ចីស្តាប់ នៅតែសង្ស័យ រហូតដល់ទាមទារលែងលះគ្នាទៀតផង ទើបធ្វើឱ្យបុរសជាប្តីខូចចិត្ត ក៏រត់ទៅចងកសម្លាប់ខ្លួន ដើម្បីបញ្ជាក់ពីទំហំចិត្តស្មោះចំពោះប្រពន្ធ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅចំណុច ច្រក៤២ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បុរសដែលចងកបញ្ចប់ជីវិតនោះ មានឈ្មោះគយ វ៉ាន់ចាន់ណាត់ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានប្រពន្ធឈ្មោះផាន់ ខេម៉ា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូដូចគ្នា។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងមានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ ជាចំណងនិស្ស័យ។

លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា រឿងរាវដែលនាំឱ្យបុរសជាប្តីចងក សម្លាប់ខ្លួននេះ បើតាមការអះអាងរបស់ស្ត្រីជាប្រពន្ធសព បានរៀបរាប់ថា នាងនិងប្តី បានឈ្លោះគ្នាអស់រយៈពេលជាងមួយខែមកហើយ ដោយសារតែប្តីនាងលួចមានស្រីផ្សេង ទើបនាងសុំចែកផ្លូវគ្នា។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ប្តីនាង និងរូបនាងបានចូលរួមបុណ្យសពឪពុក របស់នាង ពេលនោះ បាននិយាយគ្នាធម្មតា តែមិនបានដេកនៅជាមួយគ្នាទេគេ ដោយគាត់នៅផ្សេង នាងនៅផ្សឹង។ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្រាប់តែមានគេមកប្រាប់ថា ប្តីរបស់នាងបានចងកសម្លាប់ខ្លួននៅចំណុចច្រក៤២ ពេលនោះនាងក៏បានរត់ទៅមើលដល់កន្លែងកើតហេតុ ស្រាប់តែឃើញប្តីចងកសម្លាប់ខ្លួនមែន ដោយប្រើខ្សែស្បែកជើងពណ៌ស ចងកជាប់នឹងដើមអម្ពិល ចម្ងាយពីខាងត្បូងផ្ទះប្រជាពលរដ្ឋប្រហែល១៥០ម៉ែត្រ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យសព តាមការត្រួតពិនិត្យរបស់គណៈកម្មការឃើញថា ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ អណ្តាតលៀន ផ្នែកកពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ផ្នែកដងខ្លួននិងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារតែមានជម្លោះជាមួយប្រពន្ធ តូចចិត្តប្រពន្ធចោទមានស្រីថ្មី និងសុំលែងលះគ្នា។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES