ភ្នំពេញ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ បានឈឺពោះសម្រាលកូន ត្រូវបានប្តីដឹកទៅមន្ទីរពេទ្យដើម្បីត្រៀមសម្រាល បែរជាអកុសល ត្រូវរថយន្តមួយគ្រឿង បើកបុក បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជិត ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ គាត់បានឃើញរថយន្តបង្កម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3337 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ រថយន្តនេះបានបុករះម៉ូតូ ២គ្រឿងទៀតនៅខាងមុខ រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-6234 ជិះដោយបុរសម្នាក់ និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-9987 ដែលជនរងគ្រោះជាប្តីដឹកប្រពន្ធមានផ្ទៃពោះគ្រប់ខែ ទៅមន្ទីរពេទ្យ ត្រៀមឆ្លងទន្លេ បណ្តាលឱ្យបោកទៅលើផ្លូវទាំងម៉ូតូ និងមនុស្ស និងបណ្តាលឱ្យស្ត្រីដែលមានផ្ទៃពោះជិតគ្រប់ខែសម្រាលនោះ រងរបួសធ្ងន់ បែកក្បាលហូរឈាម ឯបុរសជាប្តី រួមនិងបុរសជាម្ចាស់ម៉ូតូ ១គ្រឿងទៀត ក៏របួសធ្ងន់ដូចគ្នា។
ភ្លាមៗគេឃើញមានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ប្រញាប់អន្តរាគមន៍ហៅរថយន្តសាមុយ មកដឹកយកស្ត្រីរងគ្រោះខាងលើ និងជនរងគ្រោះជាប្តី ព្រមទាំងបុរសរងគ្រោះម្នាក់ទៀត ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯអ្នកបើកបររថយន្ត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនយកទៅធ្វើការសាកសួរ។
បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងតាមជំនាញរួចរាល់ ក៏បានអូសយករថយន្ត និងម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ នៅពេលក្រោយ៕