Thursday, November 28, 2024
Homeព័ត៌មានជាតិក្រមុំប្រុសរំលោភ ឆ្លងអេដស៍ ធ្លាក់ខ្លួនពិការ អត់លុយព្យាបាល

ក្រមុំប្រុសរំលោភ ឆ្លងអេដស៍ ធ្លាក់ខ្លួនពិការ អត់លុយព្យាបាល

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ដែលមានជំងឺប្រចាំកាយ និងត្រូវបានម៉ូតូកង់បី ១គ្រឿង ដឹកយកទៅទម្លាក់ចោល​នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជម្នះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ និងត្រូវបានប្រធានមន្ទីរពេទ្យខ្នះខ្នែងចាត់ឱ្យ​ក្រុមគ្រូពេទ្យទទួលព្យាបាលយ៉ាងយកចិត្តទុកដាក់នោះ តាមពិតមានប្រវត្តិយ៉ាងជូរចត់ហួសពីការស្មាន ដោយនាងជាក្មេងកំព្រា ធ្លាប់រស់នៅគំនរសំរាមស្ទឹងមានជ័យ និងធ្លាប់ត្រូវបានប្រុសៗចាប់រំលោភ កាលពីអាយុ១៤-១៥ឆ្នាំ រហូតដល់ឆ្លងមេរោគអេដស៍ ហើយបច្ចុប្បន្នកើតមានជំងឺរ៉ាំរ៉ៃ ដំបៅពេញខ្លួន ជើងស្វិត ដើរមិនរួចទៀតផង។

យោងតាមប្រភពពីលោកផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានចុះជួបសួរសុខទុក្ខនារីអភ័ព្វខាងលើ ដល់មន្ទីរពេទ្យជ័យជម្នះ បានបង្ហោះសាររៀបរាប់ឱ្យដឹងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ថា “ក្មួយស្រីដែលត្រូវបានគេដឹកទៅទម្លាក់ចោល ក្មួយស្រីគ្រាន់តែក្រឡេកឃើញខ្ញុំភ្លាម “ពូអើយ ជួយទិញភួយឱ្យខ្ញុំមួយ ហើយពូជួយទិញខោទឹកនោមឱ្យខ្ញុំផង ហើយពូជួយទិញអីឱ្យខ្ញុំហូបផង ពិសេស ទឹកត្រឡាច…” ខ្ញុំស្តាប់ឮហើយ ខ្លោចចិត្តណាស់ ក្មួយអើយ ខ្ញុំមិនទាន់ទាំងបាននិយាយអ្វីផង តែក្មួយស្រីបានដង្ហោយប្រាប់ខ្ញុំបែបនេះទៅហើយ បាទៗ តើក្មួយ ត្រូវការអ្វីទៀតទេ? ខ្ញុំសួរបន្ថែម។ “ខ្ញុំងើបលែងរួចហើយ ជើងខ្ញុំស្វិត ហើយហើម ហើយខ្នងរបស់ខ្ញុំក៏ឈឺចាប់ខ្លាំងណាស់ដែរ ខ្ញុំដេកអត់បានទេពូ…” ក្មួយស្រីបញ្ជាក់។ ហ៊ឹម ការពិតក្មួយស្រីរងការឈឺចាប់បំផុតនៅក្នុងជីវិត ក្មួយជាក្មេងកំព្រា រស់នៅតែលតោលម្នាក់ឯង យ៉ាងអនាថាបំផុត ក្មួយស្រីទទួលរងការធ្វើបាប (ត្រូវគេរំលោភ) តាំងពីអាយុ ១៤-១៥ឆ្នាំ ជាច្រើនលើកច្រើនសា ហើយឥលូវនេះ ក្មួយស្រីក៏ផ្ទុកនូវជំងឺអេដស៍ មានដំបៅ រមាស់ ហើមដៃជើង ងាកមកជើងម្ខាងទៀតក៏មានសភាពស្វិតផងដែរ។ ក្មួយស្រីមានប្រភពដើមចេញពីម្តុំស្ទឹងមានជ័យ កន្លែងចាក់សំរាមចាស់។ យ៉ាងណាមិញ នៅព្រឹកនេះ ខ្ញុំបានមកជួបក្មួយដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យ ហើយក៏បានជជែកយ៉ាងច្រើនជាមួយអ្នកគ្រូពេទ្យ និងលោកគ្រូពេទ្យ អំពីស្ថានភាពរបស់ក្មួយស្រី ហើយនិងគម្រោងក្នុងការបន្តជួយឧបត្ថម្ភក្មួយស្រីទៅខាងមុខបន្តទៀត។ ទន្ទឹមនឹងគ្នា យើងក៏បានរៀបចំឱ្យមានអ្នកថែទាំ សម្អាតខ្លួនប្រាណ ធ្វើអនាម័យ និងជួយទៅលើផ្នែកផ្គត់ផ្គង់ម្ហូបអាហារផ្សេងៗ ដល់ក្មួយស្រីជាបន្តបន្ទាប់។ ខ្ញុំនឹងបន្តយកចិត្តទុកដាក់ និងធ្វើការជាមួយលោកគ្រូ អ្នកគ្រូពេទ្យ បន្តទៀត អំពីការជួយសង្គ្រោះជីវិតក្មេងស្រីដ៏កម្សត់ម្នាក់នេះ។ ជាចុងបញ្ចប់ ខ្ញុំនឹងដាក់លេខ ដើម្បីទទួលមូលនិធិក្នុងការជួយដល់ក្មួយស្រី នៅខាងក្រោមនេះ ៖ 012324711; 093324711 ABA : 012324711 (Phorn Phalla) ACLEDA : 18000026228515 (Phorn Phalla)…”។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចបរិវេណមន្ទីរពេទ្យ​បង្អែកជ័យជម្នះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយនារីវ័យក្មេងម្នាក់ ស្ថិតក្នុងសភាពរាងកាយស្គមស្គាំង និងមានជំងឺប្រចាំកាយផង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកផ្ទាល់ដីនៅក្នុងបរិវេណមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ បន្ទាប់ពីត្រូវម៉ូតូកង់បី១គ្រឿង ដឹកយកទៅទម្លាក់ចោលនៅក្នុងមន្ទីរពេទ្យ។ យ៉ាងណា ភ្លាមៗនោះ ប្រធានមន្ទីរពេទ្យជ័យជម្នះ បានចាត់ឱ្យក្រុមគ្រូពេទ្យរៀបចំគ្រែ និងជួយពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់។

នារីអភ័ព្វដែលត្រូវម៉ូតូកង់បីដឹកមកប្លុងចោលក្នុងមន្ទីរពេទ្យនោះ មានឈ្មោះសុគន្ធ សុផារីយ៉ា អាយុ ១៨ឆ្នាំ គ្មានឪពុកម្តាយ និងគ្មានផ្ទះសំបែងពិតប្រាកដនោះទេ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tep Monyrot កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានបង្ហោះរូបថត ចំនួន៣សន្លឹក បង្ហាញពីទិដ្ឋភាពនារីវ័យក្មេងម្នាក់ ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ត្រូវការការសង្គ្រោះព្យាបាល កំពុងដេកផ្ទាល់ដីបង្ហូរទឹកភ្នែក ដោយភ្ជាប់ ជាមួយនឹងសំណេររៀបរាប់ថា “ឃោរឃៅម៉្លេះ! គ្មានថ្លើមប្រមាត់បេះដូងទេឬ? ម៉ូតូកង់បីមិនស្គាល់អត្តសញ្ញាណ បានយកអ្នកជំងឺម្នាក់ ឈ្មោះសុគន្ធ សុផារីយ៉ា ភេទស្រី អាយុ១៨ឆ្នាំ គ្មានឪពុកម្តាយ គ្មានផ្ទះ ដែលកាលពីមុនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ យកមកទម្លាក់ចោលនៅក្នុងមន្ទីរពេទ្យជ័យជម្នះ ឥឡូវនេះត្រូវបានប្រធានមន្ទីរពេទ្យជ័យជម្នះ លោកលី មករា បានរៀបចំជាគ្រែ និងគ្រូពេទ្យជួយសង្គ្រោះប្អូនហើយ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២…”៕

RELATED ARTICLES