Thursday, November 28, 2024
Homeព័ត៌មានជាតិលបចូលផ្ទះ ចាប់រំលោភប្រពន្ធ ប្តីគេមកទាន់ ចាប់ក្របួចជាប់

លបចូលផ្ទះ ចាប់រំលោភប្រពន្ធ ប្តីគេមកទាន់ ចាប់ក្របួចជាប់

ខេត្តរតនគិរី ៖ ប្តីប្រពន្ធ ២នាក់ បានទៅចូលរួមមង្គលការអ្នកភូមិ (ផ្ទះក្បែរគ្នា) លុះក្រោយមក ស្ត្រីជាប្រពន្ធឈឺបត់ជើងតូច ក៏ឱ្យប្តីជូនមកដល់ផ្ទះ លុះប្តីជូនមកដល់ហើយ ក៏ត្រឡប់ទៅផឹកស៊ីវិញបាត់ទៅ ស្រាប់តែលេចមុខបុរសល្មោភកាមម្នាក់ ជាអ្នកភូមិជាមួយគ្នា និងជាភ្ញៀវចូលរួមមង្គលការនោះដែរ លបចូលមកចាប់រំលោភស្ត្រីរងគ្រោះ រហូតបានសម្រេច តែមិនបានប៉ុន្មាន ក៏ត្រូវបុរសជាប្តីមកទាន់ ចាប់ក្របួចជាប់ នាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុច បន្ទប់ទឹកផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្រពន្ធគេ និងត្រូវប្តីគេតាមទាន់ ចាប់អូសកប្រគល់ ឱ្យសមត្ថកិច្ច មានឈ្មោះសេវ ហ្វីណូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ មានលំនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។ ចំណែក ស្ត្រីរងគ្រោះមានឈ្មោះ រ.ច.ច.ន អាយុ២៥ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ត្រីរងគ្រោះនិងប្តី បានទៅចូលរួមពិធីមង្គលការ គេក្នុងភូមិរបស់ខ្លួន ចំណែកជនសង្ស័យ ក៏បានទៅចូលរួមដូចគ្នាដែរ។ លុះដល់ម៉ោងប្រហែលជិត ៨យប់ ថ្ងៃដដែល ស្ត្រីជនរងគ្រោះបានឈឺបត់ ជើងតូច ក៏ឱ្យប្តីជូនមកផ្ទះ ដើម្បីចូលបន្ទប់ទឹកនៅផ្ទះ ហើយប្តីជូនមកដល់ផ្ទះរួចហើយ ក៏ត្រឡប់ទៅកន្លែងកម្មវិធីផឹកស៊ីវិញ។ ក្រោយបត់ជើងរួច ស្ត្រីរងគ្រោះចេញពីបន្ទប់ទឹក បើកទ្វារចូលផ្ទះ រៀបនឹងបិទវិញ ស្រាប់តែលេចមុខជនសង្ស័យមកដល់ ទាញទ្វារជាប់ រួចយកដៃបិទខ្ទប់មាត់ មិនឱ្យស្ត្រីរងគ្រោះស្រែក រួចហើយក៏ចាប់អូសស្ត្រីរងគ្រោះទៅបន្ទប់ទឹក ធ្វើសកម្មភាពរំលោភរហូតបានសម្រេចតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃដដែល បុរសជាប្តីរបស់ស្ត្រីរងគ្រោះ ក៏ត្រឡប់ពីកម្មវិធី មកផ្ទះវិញ ហៅប្រពន្ធឱ្យបើកទ្វារ។ ពេលនោះស្ត្រីរងគ្រោះជាប្រពន្ធក៏រត់មកបើកទ្វារ ហើយប្រាប់ប្តីថា “គេចាប់រំលោភខ្ញុំហើយបង”។ បន្ទាប់ពីប្រពន្ធប្រាប់ពីដំណឹងនេះ បុរសជាប្តីក៏ឃាត់បានជនសង្ស័យនៅនឹងកន្លែង និងបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកនាំខ្លួនជនសង្ស័យខាងលើទៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីសាកសួរ។

 ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES