Monday, June 30, 2025
Homeសន្ដិសុខសង្គមចាប់ឡានអត់ពន្ធ ធ្លាយគ្រឿងញៀនជាង២០គីឡូ

ចាប់ឡានអត់ពន្ធ ធ្លាយគ្រឿងញៀនជាង២០គីឡូ

ភ្នំពេញ ៖ មន្ត្រីជំនាញគយនិងរដ្ឋាករ សហការជាមួយកម្លាំងមានសមត្ថកិច្ច បានធ្វើការស្ទាក់ចាប់ឃាត់រថយន្តទំនើប ១គ្រឿង ដើម្បីត្រួតពិនិត្យឯកសារ ដោយសង្ស័យថា ជារថយន្តគ្មានពន្ធ ស្រាប់តែប្រទះឃើញគ្រឿងញៀន ១កេសធំ ដែលមានទម្ងន់សរុបប្រមាណជាង ២០គីឡូ ក្រាម។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

រថយន្តដែលសង្ស័យថាគ្មានពន្ធ និងត្រូវមន្ត្រីគយស្ទាក់ចាប់បង្ក្រាបខាងលើ ម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4537 (ជាស្លាកលេខក្លែងក្លាយ)។ ចំណែកម្ចាស់រថយន្តដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ សុខ ថន ភេទប្រុស អាយុ២១ឆ្នាំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីគយ សហការដោយកម្លាំងសមត្ថកិច្ច បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4537 ដោយសង្ស័យពាក់ស្លាក

លេខក្លែងក្លាយ (ជារថយន្តអត់ពន្ធ) លុះពេលត្រួតពិនិត្យក្នុងរថយន្តនោះ មន្ត្រីគយ ក៏បានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន ដែលសង្ស័យជាសារធាតុគ្រឿងញៀន ហេតុនេះហើយ ទើបមន្ត្រីគយនិងរដ្ឋាករ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យករថយន្ត ១គ្រឿង ព្រមទាំងសារធាតុសង្ស័យគ្រឿងញៀន មួយកេសធំ បញ្ជូនទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។

ក្រោមការសម្របសម្រួលពីលោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ បានសហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋមលើសារធាតុសង្ស័យ ជា

លទ្ធផលរកឃើញថា ជាសារធាតុញៀនខុសច្បាប់ ចំនួន ៣ប្រភេទ ដែលមានទម្ងន់សរុប ២០គីឡូ ៧៥២,៤ក្រាម ក្នុងនោះក៏មានសារធាតុញៀនប្រភេទ MDMA ១៥គីឡូ ៧៤២ក្រាម សារធាតុញៀន ប្រភេទកេតាមីន ៤គីឡូ ៩៩៦ក្រាម និងសារធាតុញៀន មេតំហ្វេតាមីន ១៤,៤ក្រាម។

ក្រោយពេលធ្វើតេស្តដឹងថាជាសារធាតុញៀនពិតប្រាកដហើយនោះ មន្ត្រីគយនិងរដ្ឋាករ បានប្រគល់ជនសង្ស័យឈ្មោះសុខ ថន ជាម្ចាស់គ្រឿងញៀន និងសារធាតុញៀន ជាង ២០គីឡូក្រាម ជូនទៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES