ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោក បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រហូតគ្រប់គ្រងស្មារតីខ្លួនឯងមិនបាន ធ្វើឱ្យជ្រុលចង្កូតទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់ បង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិជាច្រើន និងថែមទាំងបង្កឱ្យ កូនស្រីម្ចាស់ផ្ទះម្នាក់ ទទួលរងរបួសធ្ងន់ទៀតផង ខណៈដែលកំពុងងូតទឹកក្នុងបន្ទប់ទឹកចំហៀងផ្ទះ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លើកំណាត់ផ្លូវ ជាតិលេខ២៦២៥ ត្រង់ចំណុចផ្លូវបំបែកស្ថិតក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង។

ម្ចាស់ផ្ទះខាងលើ មានឈ្មោះយ៉ុង អេម ភេទប្រុស អាយុ៥៤ឆ្នាំ មានប្រពន្ធឈ្មោះហៀង សារីន អាយុ៥១ឆ្នាំ រស់នៅភូមិភូមិកើតហេតុខាងលើ។ ចំណែកកូនម្ចាស់ផ្ទះដែលទទួលរងរបួសធ្ងន់ក្នុងហេតុការណ៍នេះ មានឈ្មោះអេម ឆវី ភេទស្រី អាយុ១១ឆ្នាំ រងរបួសធ្ងន់ ត្រង់ផ្ទៃមុខ បាក់ដៃខាងស្តាំ។ រីឯផ្ទះរងការខូចខាតផ្ទះមួយចំណែក។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កហេតុជាអ្នកបើកបររថយន្ត ឈ្មោះឡេន ណូរុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ បើកបររថយន្តម៉ាក Lexus RX-300 ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9122 មិនរងរបួសអ្វីទេ តែរថយន្តរងការខូចខាតធ្ងន់ផ្នែកខាងមុខ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនបង្កហេតុខាងលើ បានផឹកស្រាស្រវឹងជោក រួចក៏ឡើងបើករថយន្តក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើ លែងអាចគ្រប់គ្រងស្មារតីបាន ក៏ធ្វើឱ្យរថយន្តរេចង្កូតជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ពិសេសបានបណ្តាលឱ្យក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ដែលជាកូនស្រីម្ចាស់ផ្ទះ កំពុងងូតទឹកក្នុងបន្ទប់ទឹក ចំហៀងផ្ទះ រងរបួសយ៉ាងធ្ងន់ទៀតផង។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕