ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ ១គ្រឿង ចេញពីធ្វើការសំដៅមកផ្ទះវិញ លុះមកដល់ផ្លូវបត់ចូលផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពព្រួតវាយប្លន់យកម៉ូតូបានសម្រេច រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។

ករណីវាយប្លន់ម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពពីជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ធំ 1N-9191 ចេញពីធ្វើការ បំណងត្រឡប់ទៅផ្ទះវិញ។ លុះជិះដល់ស្ពានលេខ៣ ដល់ផ្លូវបត់ចូលផ្ទះទៅហើយនោះ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម បានមកកាក់វាយប្លន់យកម៉ូតូពីគាត់បានសម្រេច បណ្តាលឱ្យរូបគាត់រងរបួសស្រាល រួចហើយជនសង្ស័យទាំងនោះ ក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចនៅគោលដៅ ឱ្យជួយជូនគាត់ទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនោះ នាំយកមកផ្តន្ទាទោសតាមច្បាប់៕