ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ជិះម៉ូតូ១គ្រឿង ក្នុងល្បឿនលឿន រួចព្យាយាមវ៉ាជែងរថយន្ត ១គ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន តែវ៉ាមិនផុត ក៏ជ្រុលទៅបុករថយន្ត ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ០២២២ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបរសេដ្ឋ។
យុវជនរងគ្រោះជាអ្នកបើកម៉ូតូ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះហៀង វុធថា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិអូតាពូង ឃុំភក្តី ស្រុកបរសេដ្ឋ។ ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ព្យាយាមបន្ថែមល្បឿនវ៉ាជែងជាមួយរថយន្តមួយគ្រឿង ដែលបើកពីមុខ ស្របទិសគ្នា តែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្ត ១គ្រឿង ម៉ាកហ្វដ ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 2AO-2755 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យធ្លាក់ផ្លូវទាំងរថយន្តទាំងម៉ូតូ ចំណែកយុវជនរងគ្រោះជាអ្នកបើកម៉ូតូ បានស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។
ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានធ្វើការវាស់វែងរួច អូសយកម៉ូតូនិងរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕