Sunday, June 29, 2025
Homeសន្ដិសុខសង្គមឪចុងសំពងកូនក្រមុំ ៤ញញួរ ប្រចណ្ឌខឹងរឿងឆាតទាក់ទងប្រុស

ឪចុងសំពងកូនក្រមុំ ៤ញញួរ ប្រចណ្ឌខឹងរឿងឆាតទាក់ទងប្រុស

ខេត្តបាត់ដំបង ៖ យុវតីម្នាក់ បានទាក់ទងស្គាល់បុរសម្នាក់តាមទូរស័ព្ទ រួចក៏ឆាតចុះឆាតឡើងរកគ្នា បង្កើតជាទំនាក់ទំនងស្នេហា លុះឪពុកចុងបានដឹង និងទំនងជាមានចិត្តប្រចណ្ឌ ក៏ហាមឃាត់កុំឱ្យឆាតរកគ្នាទៀត តែកូនស្រីមិនស្តាប់ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតឪពុកចុងចិត្តកំណាចផ្ទុះកំហឹង ក៏ស្ទុះទាញញញួរសំពងកូនស្រីចំនួន ៤ញញួរ បណ្តាលឱ្យរងរបួសត្រង់ផ្ទៃមុខ និងក្បាលយ៉ាងធ្ងន់ ចំណែកជនដៃដល់ជាឪពុកចុង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ឪពុកចុងសំពងកូនស្រី ៤ញញួរនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។ លុះមកដល់វេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនដៃដល់ជាឪពុកចុង នាំយកទៅសាកសួរ។

ជនដៃដល់ជាឪពុកចុងដែលវាយសំពងកូនស្រី ចំនួន៤ញញួរ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ឹម ស្រួច អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូត រួមមាន ញញួរដងដែក ចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក យុវតីរងគ្រោះ ធ្លាប់បានទាក់ទងស្នេហាជាមួយនឹងបុរសម្នាក់ តាមទូរស័ព្ទ តែក្រោយមកជនដៃដល់ជាឪពុកចុងបានដឹង ក៏ហាមឃាត់ ឈប់ឱ្យទូរស័ព្ទទាក់ទងគ្នាជាមួយនឹងបុរសរូបនោះទៀត តែយុវតីរងគ្រោះមិនស្តាប់ ចេះតែបន្តទូរស័ព្ទរកគ្នាជារៀងរាល់យប់។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខណៈដែលយុវតីរងគ្រោះ កំពុងឆាតតាមទូរស័ព្ទជាមួយនឹងបុរសជាសង្សាររូបនោះទៀត ស្រាប់តែជនសង្ស័យដែលជាឪពុកចុង បានដឹង ក៏ចូលមកស្តីបន្ទោស និងហាមឃាត់ កុំឱ្យឆាតរកគ្នាទៀត រហូតធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប្រាវ ស្រាប់តែជនដៃដល់ជាឪពុកចុង ឆេះឆួលកំហឹងខ្លាំង ក៏ធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើយុវតីរងគ្រោះ ចំនទន ៤ញញួរ បណ្តាលឱ្យរងរបួសក្បាលពីខាងក្រោយ និងមុខ ចំហៀងខាងស្តាំ យ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ យុវតីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ បន្ទាប់មក ក្រុមគ្រួសារក៏បានប្តឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឪពុកចុងភ្លាមៗ ព្រមទាំងដកហូតបានវត្ថុតាង ញញួរ ចំនួន១ ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឪពុកចុង បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសំពងកូនស្រីនឹងញញួរប្រាកដមែន មូលហេតុដោយសារតែខឹងហាមឱ្យនាងឈប់ឆាតរកប្រុស តែនាងមិនស្តាប់ ទើបកើតមានទំនាស់ពាក្យសម្តី និងឈានដល់អំពើហិង្សាបែបនេះតែម្តង។

ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES