ខេត្តរតនគិរី ៖ ក្រុមគ្រួសារមួយ ក្រោយពីបង្កាត់ភ្លើងចង្ក្រានដាំបាយហូបរួចហើយ ក៏នាំគ្នាចូលសម្រាក ដោយមិនបានចាប់អារម្មណ៍ពិនិត្យភ្លើងចង្ក្រាន ឱ្យបានត្រឹមត្រូវនោះទេ លុះបន្តិចក្រោយមក ក៏កើតមានអគ្គិភ័យឆាបឆេះផ្ទះ បណ្តាលឱ្យខូចខាតទាំងស្រុង និងថែមទាំងបង្កឱ្យ ស្ត្រីជាម្ចាស់ផ្ទះ រងរបួសធ្ងន់ទៀតផង។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ០២២ នៅចំណុចភូមិតឺន ឃុំតឺន ស្រុកកូនមុំ។

ផ្ទះដែលរងការឆាបឆេះខាងលើ មានទំហំ ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ ខូចខាតទាំងស្រុង។ ចំណែកម្ចាស់ផ្ទះ ឈ្មោះសាវី ផយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ និងប្រពន្ធឈ្មោះជូ អើង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ (រងរបួសធ្ងន់) និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុចមូលដ្ឋានខាងលើ។ ក្រោយទទួលបានដំណឹងភ្លាម កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកកូនមុំ បានយករថយន្ត ពន្លត់អគ្គិភ័យ ទៅសង្គ្រោះភ្លាមៗដែរ តែមិនអាចពន្លត់ទាន់ពេលវេលានោះទេ ដោយសារភ្លើងឆាបឆេះខ្លាំងណាស់ទៅហើយ។
បើតាមមន្ត្រីនគរបាលស្រុកកូនមុំ បានដឹងថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើ គឺបណ្តាលមកពីភ្លើងចង្ក្រាន ដោយម្ចាស់ផ្ទះបានបង្កាត់ភ្លើងចង្ក្រាន ដាំបាយ ធ្វើម្ហូបហូបរួចហើយចូលសម្រាក ដោយមិនបានពិនិត្យភ្លើងចង្ក្រានឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិដែលទទួលរងការខូចខាត ដោយសារតែករណីអគ្គិភ័យងលើ គឺមិនទាន់បានដឹងច្បាស់នៅឡើយ៕