ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ ពាក់ព័ន្ធទៅនឹងបណ្តឹងពីបទលួចលក់អចលនទ្រព្យ (ដី) របស់អ្នកដទៃ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ យោងពាក្យបណ្តឹងរបស់ឈ្មោះចាន់ គិរី តំណាងឱ្យឈ្មោះលី បូរិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ បានចុះធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២នាក់ ពីបទលួចលក់អចលនទ្រព្យ (ដី) អ្នកដទៃ ដោយបានប្រព្រឹត្តិកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ។

ប្រភពដដែល បន្តថា ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះកែវ វុត្ថា ហៅវិត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីរាជការ រស់នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះភុំ ថារី ហៅលាប ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្ត៕