ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន២នាក់ បានទៅចូលរួមពិធីមង្គលការមួយនៅក្នុងភូមិ (ភ្ញៀវខាងកូនក្រមុំ) លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក មិនដឹងថាមានជម្លោះ ឬគំនុំអ្វីជាមួយនឹងយុវជនម្នាក់ ដែលជាអ្នកជួយរត់តុក្នុងពិធីមង្គលការនោះ ស្រាប់តែព្រួតគ្នាវាយជនរងគ្រោះនឹងដំបងឈើជ្រុង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ កកឈាមក្នុងខួរក្បាល និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកជនដៃដល់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្បែររោងការមួយកន្លែង ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ។ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នាំយកទៅសាកសួរ។
ជនសង្ស័យទាំង ២នាក់ ដែលព្រួតវាយយុវជនម្នាក់បណ្តាលឱ្យកកកឈាមក្នុងខួរក្បាល និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ន តូម៉ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះអ៊ន ចន្នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ។ ជនសង្ស័យទាំង២នាក់ មានលំនៅ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ។ ចំណែកយុវជនរងគ្រោះ មានឈ្មោះភឿន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ។

លោកវរសេនីយ៍ទោ ម៉ុល ធីដែត អធិការរងនគរបាលស្រុកក្រគរ បានឱ្យដឹងថា យោងតាមកំណត់ហេតុបណ្តឹង និងការបំភ្លឺរបស់ឈ្មោះកុល ធាង ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយមីងជនរងគ្រោះ បានបំភ្លឺថា មុនពេលកើតតេហតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ មានកម្មវិធីមង្គលការរបស់ឈ្មោះអ៊ន ចាន់នឿន ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយក្មួយរបស់ខ្លួន ឈ្មោះភឿន ពេជ្រ ក៏បានទៅចូលរួមជួយរត់តុទទួលភ្ញៀវរហូតទាល់តែអស់ភ្ញៀវ ទើបក្មួយរបស់គាត់សម្រាក ហើយអង្គុយផឹកស៊ីរាំលេង រហូតដល់ម៉ោង១០យប់ ថ្ងៃដដែល ក្មួយរបស់គាត់បានក្រោកទៅបត់ជើង នៅក្រៅរោងការ ស្រាប់តែពេលនោះឈ្មោះអ៊ន ចន្នី និងឈ្មោះអ៊ន តូម៉ន បានស្ទុះមកវៃក្មួយរបស់គាត់ ដោយប្រើដំបង បណ្តាលឲ្យរងរបួសកកឈាមក្នុងខួរក្បាលតែម្តង និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។
លោកអធិការរង បានបន្តថា ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ បាននាំគ្នារត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកសាកសួរនៅអធិការដ្ឋានគរបាលស្រុកក្រគរ តាមបញ្ជារបស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕