ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បាននាំកូនស្រីតូចរបស់ខ្លួនដែលទើបនឹងមានអាយុ ២ខួប ចាកចេញពីផ្ទះបាត់ ដោយមិនដឹងថាទៅណា ទើបធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ តាមស្វែងរកអស់រយៈពេលកន្លះខែទៅហើយ នៅតែមិនឃើញ ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ស្ត្រីដែលបាត់ខ្លួន មានឈ្មោះសែម សុគន្ធ អាយុ៣២ឆ្នាំ បានបាត់ទៅជាមួយនឹងកូនស្រីម្នាក់ឈ្មោះខុន ដារីកា អាយុ២ខួប។ ទាំង២នាក់ម្តាយកូន មានលំនៅក្នុងភូមិអង្គរង ឃុំមហាឫស្សី ស្រុកគងពិសី។

យោងតាមប្រភពពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (HOTLINE 117) បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ៣និង៤៤នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ភេទប្រុស អាសយដ្ឋាន ភូមិអង្គរង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរាយការណ៍ពីករណីបាត់ប្អូនស្រី កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានបាត់ប្អូនស្រីឈ្មោះសែម សុគន្ធ អាយុ៣២ឆ្នាំ ជាមួយកូនស្រីឈ្មោះខុម ដារីកា អាយុ២ខួប ចេញពីផ្ទះនៅចំណុចខាងលើ មិនដឹងទៅទីណា ហេតុនេះទើបសុំអន្តរាគមន៍ពីសមត្ថកិច្ច ១១៧។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីខាងលើ នៅវេលាម៉ោង ៣និង៥៥នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ច ១១៧ លោកវរសេនីយ៍ត្រី ទៀង សុវណ្ណារិទ្ធ បានផ្តល់ព័ត៌មាន រូបថតជនរងគ្រោះ ទៅលោកអ៊ុម ប៊ុនធឿន ស្នងការរងប្រចាំបញ្ជា ដើម្បីផ្សព្វផ្សាយស្វែងរក។

ជាលទ្ធផល នៅវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃដដែលនោះ លោកអ៊ុម ប៊ុនធឿន ស្នងការរង បានបញ្ជូនព័ត៌មាននិងរូបថតជនរងគ្រោះ ទៅតាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទាំងមូល ដើម្បីពិនិត្យ និងជួយស្វែងរក…៕