Sunday, June 29, 2025
Homeសង្គម និងជីវិតប្រពន្ធពេទ្យ ចាក់ថ្នាំស្វិតជើងក្មេងស្រីម្នាក់

ប្រពន្ធពេទ្យ ចាក់ថ្នាំស្វិតជើងក្មេងស្រីម្នាក់

ខេត្តកំពង់ឆ្នាំង ៖ គ្រូពេទ្យឯកជនម្នាក់ និងភរិយា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីចាក់ថ្នាំកុមារីអាយុ ៩ឆ្នាំម្នាក់ បណ្តាលឱ្យស្វិតជើងម្ខាង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្តាញសង្គមមួយឈ្មោះ ទឹកផុស ស្រុកខ្ញុំ ដែលជាឪពុកកុមារីរងគ្រោះ បានសរសេរថា “ពីក្មេងស្រីរាងកាយរឹងមាំ ក្លាយទៅជាក្មេងស្រីពិការ ដោយសារតែពេទ្យគ្មានវិជ្ជាជីវៈ ច្បាស់លាស់ ចេះតៗគ្នា ទើបកូនរបស់ខ្ញុំក្លាយទៅជាបែបនេះ”។

បុរសជាឪពុករូបនេះ បាននិយាយទៀតថា ជាងកន្លះឆ្នាំមកហើយដែលលោកទ្រាំទាំងឈឺចាប់ ដោយគ្មានការដោះស្រាយពីពេទ្យមួយកន្លែង មានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ថ្ងៃនេះក្នុងនាមជាឪពុករបស់ក្មេងស្រី សូមជម្រាបជូនបងប្អូនទាំងអស់គ្នា នូវខ្លឹមសារដូចខាងក្រោម ៖ ដំបូងកូនស្រីខ្ញុំគ្រាន់តែមានអាការឈឺ

ក្បាលធម្មតា ហើយក៏យកទៅពេទ្យឯកជនមួយកន្លែង ឈ្មោះសូ សាវឿន មានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស ពេលទៅដល់ បានជួបប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន ឈ្មោះគឹម ហើយគាត់បានព្យាបាលកូនស្រីខ្ញុំ។

ការព្យាបាលបានមួយថ្ងៃ ក៏ត្រឡប់មកផ្ទះវិញ។ លុះស្អែកឡើង កូនស្រីខ្ញុំបានជាធម្មតា ក៏ត្រឡប់ទៅគិតលុយនៅផ្ទះពេទ្យ សូ សារឿន វិញ។ ប៉ុន្តែស្ត្រីឈ្មោះគឹម ដែលត្រូវជាប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន បានសុំចាក់ថ្នាំផ្តាច់ ទាំងដែលកូនខ្ញុំប្រាប់ថា បានជាហើយក៏ដោយ។ តែឈ្មោះគឹម នៅតែចាក់ថ្នាំត្រង់ត្រគាកកូនស្រីខ្ញុំ ត្រូវសរសៃ ទើបធ្វើឱ្យជើងកូនរបស់ខ្ញុំកន្ត្រាក់ខ្លាំងៗ ហើយចាប់ផ្តើមហើម និងស្ពឹកមួយចំហៀងខ្លួន និងពិការរហូតមក។

ជុំវិញករណីខាងលើនេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលមានការបង្ហោះតាមបណ្តាញសង្គមបែបនេះ លោកបានចាត់ឱ្យមន្ត្រីជំនាញចុះទៅសម្របសម្រួលរវាងភាគីគ្រូពេទ្យ លោកសូ សារឿន និងភាគីកុមារី ដែលអះអាងថា រងគ្រោះដោយសារការចាក់ថ្នាំ ដើម្បីបញ្ចប់រឿង។

ប៉ុន្តែការសម្របសម្រួលមិនបានលទ្ធផលឡើយ ដោយភាគីលោកគ្រូពេទ្យ សូ សារឿន នៅតែប្រកាន់ជំហរថា ជើងកុមារីឈ្មោះភីន ស្រីណែត អាយុ៩ឆ្នាំ មិនពិការដោយសារការចាក់ថ្នាំពីកន្លែងព្យាបាលគាត់ឡើយ។ មិនត្រឹមតែប៉ុណ្ណឹង លោកគ្រួពេទ្យ សូ សារឿន បានដាក់ពាក្យប្តឹងទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះទឹកផុស ស្រុកខ្ញុំ ទៅវិញ ធ្វើឱ្យរឿងនេះកាន់តែវែងឆ្ងាយ។ ចំពោះទីតាំងព្យាបាលរបស់លោកគ្រូពេទ្យ សូ សារឿន លោកបានឱ្យមន្ត្រីចុះពិនិត្យហើយ បើអាជ្ញាប័ណ្ណផុតសុពលភាព ឬគ្មានច្បាប់ លោកនឹងឱ្យបិទកន្លែងព្យាបាលនោះតែម្តង។

ដោយឡែកយោងតាមពាក្យបណ្តឹងរបស់លោកសូ សាវឿន អាយុ៦២ឆ្នាំ មានមុខតំណែងប្រធានសុខាភិបាលតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង មានលំនៅផ្សាររមាស ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានលើកឡើងថា ម្ចាស់ផេក ឈ្មោះទឹកផុស ស្រុកខ្ញុំ បានបរិហារ កេរ្តិ៍លោកថា បានព្យាបាលក្មួយស្រី ភីន ស្រីណែត អាយុ៩ឆ្នាំ ជា

សាធារណៈ ដោយគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ។ មិនត្រឹមប៉ុណ្ណឹង បានលួចថតដោយលក្ខខណ្ឌមិនត្រឹមត្រូវបង្ហោះផ្សាយជាសាធារណៈ ដើម្បីបរិហារកេរ្តិ៍ បង្ខូចកិត្តិយសរបស់ក្រុមគ្រួសារលោក និងអាជីវកម្មរបស់លោក។

ចំពោះជំងឺក្មួយស្រី បានទៅព្យាបាលច្រើនកន្លែង មានទាំងមន្ទីរពេទ្យជយវរ្ម័នទី៧ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ជាដើម ដែលតាមលក្ខណៈបច្ចេកទេស លទ្ធផលបានបញ្ជាក់ថា ដោយសាររបេងសាច់ដុំ (Tubercucolo myositis) និងនៅពេលថ្មីៗនេះ ក្នុងអំឡុងថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ អ្នកជំងឺបានទៅបើកថ្នាំព្យាបាលជំងឺនេះនៅឡើយ។

ក្នុងពាក្យបណ្តឹង បានស្នើសុំឱ្យម្ចាស់ផេកឈ្មោះទឹកផុស ស្រុកខ្ញុំ លុបការផ្សាយព័ត៌មានមិនពិតនេះចេញ ធ្វើការសុំទោសជាសាធរណៈ និងចំពោះមុខសមត្ថកិច្ច បើពុំនោះទេ នឹងសុំចាត់ការតាមផ្លូវច្បាប់។

ដោយឡែក លោក ជិន សុផាត ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយមានផ្ទុះបាតុភាពបែបនេះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានចាត់ឱ្យលោកដឹកនាំមន្ត្រីជំនាញ ចុះស្រាវជ្រាវ និងពិនិត្យ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ហើយបានរកឃើញថា ការព្យាបាលកុមារីអាយុ ៩ឆ្នាំខាងលើ ពិតជាព្យាបាលដោយស្ត្រីឈ្មោះគឹម ដែលត្រូវជាប្រពន្ធរបស់លោកគ្រួពេទ្យ សូ សារឿន មែន ដែលគាត់គ្មានជំនាញវិជ្ជាជីវៈនោះទេ ទើបសម្រេចនាំខ្លួនទាំង២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

RELATED ARTICLES