ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែមានវិបត្តិគ្រួសារ ត្រូវប្រពន្ធសុំលែង រួចរត់ចោល ព្រមទាំងយកកូនប្រុសស្រីទៅបាត់ទៀត ក៏សម្រេចចិត្តជិះម៉ូតូ ១គ្រឿង បំណងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ច ជួយឃាត់ទាន់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះសួន វាសនា អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខយាមរោងចក្រ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់កំបូល ខណ្ឌកំបូល មានប្រពន្ធ ជាកម្មការិនីរោងចក្រកាត់ដេរ និងមានកូនស្រី ២នាក់ក្នុងបន្ទុក។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូម៉ាកហុងដា ធុនសេ ១០០កូរ៉េ ពណ៌ទឹកប៊ិក ធ្វើដំណើរឡើងស្ពានក្នុងទិសដៅពីលិច ទៅកើត។ នៅពេលធ្វើដំណើរជិតដល់កណ្តាលស្ពាន បុរសរូបនោះ ក៏បានឈប់ម៉ូតូ ដើរទៅតោងបង្កាន់ដៃស្ពាន ប្រុងលោតទឹកសម្លាប់ខ្លួន តែហាក់ដូចជាពុំដាច់ចិត្ត ភ្លាមៗនោះ ប្រជាពលរដ្ឋធ្វើដំណើរ ក៏បានឃាត់សួរនាំ និងរាយការណ៍ទៅនគរបាលចរាចរណ៍ ប្រចាំគោលដៅរង្វង់មូលកួចកាណុង នាំទៅសាកសួរ។

តាមសម្តីបុរសរូបនោះ បានឱ្យដឹងថា ខ្លួនពុំចង់រស់នៅនោះទេ ដោយខូចចិត្តខ្លួនឯងដែលប្រពន្ធលែងលះ ហើយឱ្យប្អូនមកយកកូនស្រីតូចៗ ២នាក់ ទៅខេត្តបាត់ដំបង បាត់ទៀត។ ដោយសារតែតែលតោល ប្រពន្ធលែងលះ អស់សង្ឃឹមក្នុងជីវិត ក៏បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន តែពុំបានសម្រេច។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការណែនាំ អប់រំបុរសខាងលើ កុំឱ្យគិតខ្លី រួចក៏អនុញ្ញាតឱ្យជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ៕