ខេត្តសៀមរាប ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយនឹងយុវតីម្នាក់ តាមទូរស័ព្ទ បានមួយរយៈ ក៏ណាត់ជួបបបួលទៅដើរលេង រួចក៏ជិះម៉ូតូដឹកមិត្តភក្តិប្រុសម្នាក់ទៅទទួលយុវតីជាសង្សារ ប្រាប់ថានាំទៅដើរលេង ដឹងអីបែរជាដឹកចូលព្រៃចម្ការដំឡូង រួចធ្វើសកម្មភាពចាប់រំលោភបូក បានសម្រេចទាំងពីរនាក់មិត្តភក្តិ ទីបំផុតស្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំង២នាក់។

ករណីរំលោភបូកនេះ បានកើតឡើងនៅចំណុចក្នុងចម្ការដំឡូងមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។ រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នាំយកមកសាកសួរ។
យោងតាមរបាយការណ៍របស់តុលាការខេត្តសៀមរាប បានឱ្យដឹងថា ជនត្រូវចោទទាំង ២នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទ “រំលោភសេពសន្ថវៈ ” (រំលោភបូក) នោះ ទី១-ឈ្មោះបាន ប៊ូន ហៅហួង ភេទប្រុស អាយុ១៧ឆ្នាំ និងទី២-ឈ្មោះផើង ស៊ីផូ ភេទប្រុស អាយុ១៦ឆ្នាំ។ ជនត្រូវចោទទាំងពីរនាក់ មានលំនៅ ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ជាមួយគ្នា។ ចំណែកយុវតីរងគ្រោះ មានអាយុ១៦ឆ្នាំ មានលំនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ ក្នុងចំណោម ២នាក់ខាងលើ បានទាក់ទងស្គាល់យុវតីរងគ្រោះ តាមទូរស័ព្ទ លុះក្រោយមក ខាងប្រុសក៏បានព្យាយាមណាត់ជួប និងបបួលខាងស្រីទៅដើរលេង លុះក្រោយពីខាងស្រីឆ្លើយថា យល់ព្រម ខាងប្រុស ក៏បានជិះម៉ូតូដឹកមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ទៅទទួលខាងស្រី បន្ទាប់មកក៏បានដឹកបង្ហួសចូលទៅក្នុងចម្ការដំឡូង ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន (ទីតាំងកើតហេតុ) រួចក៏ធ្វើសកម្មភាពចាប់រំលោភបូក រហូតដល់បានសម្រេចម្តងម្នាក់តែម្តង។
ក្រោយកើតហេតុ យុវតីរងគ្រោះ បានប្រាប់រឿងរ៉ាវឱ្យឪពុកម្តាយរបស់ខ្លួនបានដឹង ទើបឈានដល់ការដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន រួចក៏នាំយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទទាំង ២នាក់ និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការតាមផ្លូវច្បាប់៕