ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក លុះគ្រាន់តែចូលដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ និងថែមទាំងស្ទុះទាញអង្កត់អុស វាយសំពងប្រពន្ធ បណ្តាលឱ្យរយះក្បាល ទើបប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះបុរសជាប្តីកំណាច នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិបឹងធ្នង់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ។

បុរសជាប្តីកំណាចដែលវាយសំពងប្រពន្ធ ១អង្កត់អុស បណ្តាលឱ្យរងរបួសរយះក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហ៊ាង សុខហ៊ុន។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះញិល ពុធ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិបឹងធ្នង់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ។
យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (១១៧) បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ច ១១៧ បានទទួលបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះញិល ពុធ ពាក់ព័ន្ធនឹង ករណីអំពើហិង្សាក្នុងគ្រួសារ។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្តីគាត់បានចេញទៅផឹកស៊ីជាមួយមិត្តភក្តិ តាំងពីក្បាលល្ងាច រហូតមកដល់វេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ទើបត្រឡប់ចូលផ្ទះវិញ លុះពេលមកដល់ផ្ទះភ្លាម ប្តីគាត់ក៏ចាប់ផ្តើមស្រែកឡូឡា រករឿងអុកឡុកពេញផ្ទះ លុះគាត់ទ្រាំមិនបាន ក៏ស្តីបន្ទោសប្តី២-៣ម៉ាត់ទៅ ស្រាប់តែប្តីកំណាច ច្រឡោតខឹង ស្ទុះទាញអង្កត់អុសសំពងរូបគាត់ជាប្រពន្ធ បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងដំណំ ទើបគាត់ទ្រាំលែងបាន ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ១១៧ តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ នៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃដដែលនោះ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានទៅលោក ចន សុភិត អធិការនគរបាលស្រុកបរសេដ្ឋ ដើម្បីចុះអន្តរាគមន៍។
បន្ទាប់មក នៅវេលាម៉ោង ៩និង១៣នាទីយប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ដឹកនាំដោយលោកចន សុភិត បានចុះទៅដល់ផ្ទះរបស់ស្ត្រីរងគ្រោះ រួចធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តីនោះ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ៕